ជាតិ
បុណ្យភ្ជុំបិណ្ឌ
ប្រេត មាន​១២​ពួក​
23, Sep 2021 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រេត ជា​សត្វ​មួយ​ប្រភេទ ដែលមាន​ស្ថាន​ឬ​ភព ជាទី​អាស្រ័យ និង​ជាទី​ចាប់កំណើត ដូច​សត្វ​ដទៃទៀត​ដែរ​។ ស្ថាន​ប្រេត ជា​ស្ថាន​មួយ ដែល​ស្ថិតក្នុង​ស្ថាន​អបាយភូមិ រួមមាន​ស្ថាន​នរក​, ស្ថាន​ប្រេត​, ស្ថាន​អសុរកាយ​, និង​ស្ថាន​តិរច្ឆាន​។ 


 
​ក្នុង​ស្ថាន​ប្រេត​នេះ មាន​សត្វ​ប្រេត មាន​ចំនួន​១២​ពួក  គឺ វ​ន្តា​ស​ប្រេត​, កុណ​បាស​ប្រេត​, គូថ​ខា​ទក​ប្រេត​, អគ្គិ​ជាល​មុខ​ប្រេទ​, សូ​ចិ​មុខ​ប្រេត​, ត​ណ្ហ​ដ្តិ​ប្រេត​, សុ​និ​ជ្ឈា​មក​ប្រេត​, ស​ត្ថ​ង្គ​ប្រេត​, បព្វ​ត​ង្គ​ប្រេត​, អ​ជគរ​ង្គ​ប្រេត​, វិមាន​ក​ប្រេត​, និង​ម​ហិ​ទ្ធិ​ក​ប្រេត​។ ប្រេត​ទាំង​១២​ពួកនេះ មាន​រូប​ខុសៗ​គ្នា និង​ទទួលរង​ទុក្ខ​ផ្សេងៗ​គ្នា ទៅតាម​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​។ 
 
​ដោយសារតែ​យល់ថា​មាន​ប្រេត ទើប​ប្រជាពលរដ្ឋ​ខែ្មរ តែងតែ​នាំគ្នា​ទៅ​បោះ​បាយបិណ្ឌ​នៅតាម​វត្ត​អារាម ដែល​ស្ថិតក្នុង​ស្រុកភូមិ​របស់​ខ្លួន នាពេល​ព្រលឹម ម៉ោង​ប្រមាណ​៤ ឬ​៥ ទៀបភ្លឺ ជា​រៀងរាល់ថ្ងៃ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​។ ប្រជា​ពុទ្ធបរិស័ទ មានជំនឿថា ការបោះ​បាយបិណ្ឌ គឺ​ដើម្បី​បញ្ជូន​អាហារ​ទាំងនេះ ទៅ​ឲ្យ​ពពួក​ញាតិ​របស់ខ្លួន ដែល​បាន​បាត់បង់​ជីវិត​យូរ​ក្តី ឬ​ពេល​ថ្មីៗ​ក្តី ដោយ​សេចក្តី​ភ័យខ្លាច​ថា សាច់​ញាត់​ទាំងនោះ អាច​ភ្លាត់សតិ​ទៅ​កើតជា​សត្វ​ប្រេត ដោយ​អំពើ​បាប​ណាមួយ​។ 
 
​យ៉ាងណាក៏ដោយ ការបង្កើត​ពិធី​បោះ​បាយបិណ្ឌ មិនមែន​គ្រាន់តែ​ដើម្បី​តែ​ឧទ្ទិស​ដំ​បាយ​ទាំងនោះ ទៅ​ឲ្យ​ប្រេត​តែ​ម្យ៉ាង​ឡើយ​។ មានគំនិត​អប់រំ​សំខាន់ៗ​មួយចំនួន​របស់​បុព្វ​បុរស​ខ្មែរ ដែល​បង្កប់​ក្នុង​ពិធី​បោះ​បាយបិណ្ឌ​។ 
 
​ទី​១. នៅពេល​យុវជន ទៅ​វត្ត​បោះ​បាយបិណ្ឌ ដោយ​យល់ថា បោះ​ឲ្យ​ញាតិសន្តាន ដែល​ស្លាប់ទៅ គឺជា​ឱកាស​ដ៏​ល្អ សម្រាប់​ព្រះសង្ឃ​បង្ហាត់បង្រៀន​ពួកគេ ឲ្យ​មាន​ស្មារតី ក្នុងការ​ធ្វើបុណ្យ​រក្សាសីល​។ យុវជន​ភាគច្រើន មិនសូវ​ចូលចិត្ត​ទៅ​វត្ត​ឡើយ ដោយ​យល់ថា ការ​ទៅ​វត្ត​អារាម​គឺជា​តួនាទី​របស់​មនុស្ស​ចាស់ ហេតុដូច្នេះ​ហើយ​បាន​ពួកគេ មិនសូវ​យល់​ពី​របៀប​របប បែបផែន និង​ទំនៀមទម្លាប់​ក្នុង​វត្ត​។ 
 
​អ្នកខ្លះ សូម្បីតែ​និយាយ​ជាមួយ​ព្រះសង្ឃ ក៏​មិនចេះ​ផង​។ កុំថាឡើយ​និយាយ អ្នក​ខ្លះទៀត សូម្បីតែ​មើលមុខ​ព្រះសង្ឃ ក៏​មិន​ហ៊ាន​ទៅទៀត​។ ដូច្នេះ ពេល​យុវជន​ទាំងនោះ ទៅ​បោះ​បាយបិណ្ឌ គឺជា​មធ្យោបាយ​មួយ ដើម្បី​ដាស់​ស្មារតី​របស់​ពួកគេ ឲ្យ​ស៊ាំ​ក្នុងការ​ទៅ​វត្ត​ធ្វើបុណ្យ រក្សាសីល មិនមែន​រង់ចាំតែ​ដល់​រដូវ​បុណ្យទាន ទើប​ទៅនោះ​ឡើយ​។​
 
​ទី​២. ការ​ទៅ​បោះ​បាយ​ប​បិណ្ឌ ធ្វើ​ឲ្យ​ប្រជាកសិករ ជាពិសេស​ក្រុមយុវជន មានឱកាស​ថ្វាយបង្គំ​ព្រះ ស្តាប់​ព្រះសង្ឃ​សូត្រធម៌ និង​សុំ​សីល​។ ទង្វើ​ទាំងនេះ ក៏​ជាការ​សន្សំ​បុណ្យ និង​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា និង​បរិសុទ្ធ​ដែរ​៕ 
​ 

Tag:
 ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com