អន្តរជាតិ
អាមេរិក​ថា ចិន​កំពុង​បង្កើន​សមត្ថភាព​ឈ្លបយកការណ៍​របស់ខ្លួន​ឲ្យ​ល្អឥតខ្ចោះ​
05, Oct 2018 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​វ៉ាស៊ីនតោន ៖ ការវិវត្ត​ប្រសើរឡើង​នៃ​ការ​ឈ្លបយកការណ៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ចិន គឺ​កាន់តែ​បង្ក​ការគំរាមកំហែង​ដ៏​គ្រោះថ្នាក់​ដល់​សហរដ្ឋអាមេរិក និង​កាន់តែ​គ្រោះថ្នាក់​ជាង​ការប៉ុនប៉ង​របស់​រុស្ស៊ី​ក្នុងការ​ជ្រៀតជ្រែក​ចូលក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ទៅទៀត​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​កំពូល​បំផុត​របស់​រដ្ឋាភិបាល​ក្រុង វ៉ាស៊ីនតោន​។ មន្ត្រី​រូបនេះ​បាន​ព្រមាន​ថា រដ្ឋាភិបាល​ក្រុង ប៉េកាំង កំពុងតែ​ដើរ​លើ​មាគ៌ា​មួយ​ដែល​អាច​ឈានដល់​ការ​នាំមុខគេ​នៅក្នុង​សកលលោក​។

 
​លោក Dan Coats នាយក​ផ្នែក​ស៊ើបការណ៍​សម្ងាត់​ជាតិ​របស់​អាមេរិក បានចាត់ទុក​ការគំរាមកំហែង​របស់​ចិន​ថា​ជា​ចេតនា មាន​យុទ្ធសាស្ត្រ និង​មាន​លក្ខណៈ​ល្អិតល្អន់ ដែល​អនុញ្ញាត​ឲ្យ​ចិន​អាច​គេច​ផុតពី​ក្រសែភ្នែក​មហាជន ដែល​តាមដាន​ការកេងប្រវ័ញ្ច​របស់រ​ដ្ឋា​ភិ​បាល​ក្រុង​មូ​ស្គូ​។​
 
​លោក Coats ថ្លែងថា ការព្រួយបារម្ភ​ភាគច្រើន​គឺ​កើតឡើង​ដោយសារ​ការកើនឡើង​ភាព​គឃ្លើន​របស់​ចិន ដែល​កេងចំណេញ​ពី​ទំនាក់ទំនង​ដែល​ស្ថិតស្ថេរ​គួរសម​ជាមួយនឹង​សហរដ្ឋអាមេរិក​និង​ពិភពលោក​ទាំងមូល ដើម្បី​ធ្វើ​ឲ្យ​សមត្ថភាព​ប្រព័ន្ធ​អ៊ីនធឺណិត​របស់ខ្លួន​កាន់តែ​ប្រសើរឡើង​។​
 
​លោក​បាន​យោងទៅលើ​ការបង្ក្រាប​ដែល​កំពុងតែបន្ត​កើតឡើង​របស់​ចិន ទៅលើ​អ្នក​កាន់សាសនា​ឥស្លាម​នៅក្នុង​តំបន់ Xinjiang ថា​ជាការ​ធ្វើតេស្ត​មួយ​ទៅលើ​សមត្ថភាព​ឈ្លបយកការណ៍​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់ខ្លួន​។​
 
​ក្រុមមន្ត្រី​ស៊ើបការណ៍​សម្ងាត់​និង​អង្គការសិទ្ធិមនុស្ស​នានា​ប៉ាន់​ស្មានថា ចិន​បាន​ចាប់ខ្លួន​រាប់លាន​នាក់​ដែល​ប្រហែលជា​ជនជាតិ Uighurs និង​ជនជាតិភាគតិច​កាន់សាសនា​ឥស្លាម​ដទៃទៀត ដោយ​រួមទាំង​ក្រុមគ្រួសារ​និង​កុមារៗ ហើយ​បញ្ជូន​ពួកគេ​ទៅកាន់​មជ្ឈមណ្ឌល​អប់រំ​កែប្រែ​ឡើងវិញ ដើម្បី​បង្ខំ​ឲ្យ​ពួកគេ​លះបង់​សាសនា​និង​វប្បធម៌​របស់ខ្លួន​។​
 
​វិធានការ​ឈ្លបយកការណ៍​
 
​ប៉ុន្តែ​លោក Coats និយាយថា មជ្ឈមណ្ឌល​អប់រំ​កែប្រែ​ឡើងវិញ​នោះ​គឺ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​តែប៉ុណ្ណោះ​។​
 
​លោក​បាន​ថ្លែង​ទៅកាន់​សន្និសីទ​ស្តីពី​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​មួយ​នៅឯ​សាកលវិទ្យាល័យ The Citadel military ក្នុង​ទីក្រុង Charleston រដ្ឋ South Carolina កាលពី​ចុងខែ កញ្ញា ថា «​ក្រុមមន្ត្រី​ចិន​នៅ​ប៉ែក​ពាយព្យ​ប្រទេស ដែល​សំបូរ​ទៅដោយ​អ្នក​កាន់សាសនា​ឥស្លាម​បាន​ប្រើ​មធ្យោបាយ​ឈ្លបយកការណ៍​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់ ដែល​អាច​ប្រមូល​ទិន្នន័យ DNA និង​ទិន្នន័យ​ជីវសាស្ត្រ​ដទៃទៀត​នៅ​ទូទាំង​តំបន់​នេះ​បាន ដោយមាន​ជំនួយ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​នានា​ដែល​នាំមុខគេ​ខាង​ប្រមូល​ទិន្នន័យ​ទាំងនេះ​»​។​
 
​លោក​មានប្រសាសន៍ថា ចិន​ក៏​កំពុងតែ​សាកល្បង​នូវ​«​កម្មវិធី​វាយតម្លៃ​ឥណទាន​សង្គម​មួយ​» ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ឈ្លបយកការណ៍ ដើម្បី​កំណត់​អំពី​លទ្ធភាព​ទទួលបាន​ប្រាក់កម្ចី​ពី​ធនាគារ ឱកាស​ទទួល​បានការ​អប់រំ និង​សេវា​ថែទាំ​សុខភាព​។​
 
​លោក Coats បាន​ព្រមាន​ថា «​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​គឺ​គ្មានអ្វី​ទេ ក្រៅពី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ឈ្លបយកការណ៍​របស់​ចិន​ក្លាយជា​ល្អឥតខ្ចោះ​នៅពេល​អនាគត​»​។ លោក​បាន​បន្ថែមទៀតថា កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ក៏​ជាការ​«​គំរាម​មួយ​បង្ហាញ​ឲ្យ​ឃើញថា​របប​ផ្តាច់ការ​ដទៃទៀត​អាច​ប្រើ​វិធី​នេះដែរ​»​។ 
 
​ការព្យាយាម​ទាក់ទង​មន្ត្រី​នៅ​ស្ថានទូត​ចិន​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ដើម្បី​សុំ​ប្រតិកម្ម​ឆ្លើយតប​ចំពោះ​អត្ថាធិប្បាយ​របស់លោក Coats មិន​ទទួលបាន​ការឆ្លើយតប​នោះទេ ប៉ុន្តែ​មន្ត្រី​ចិន​កាលពីមុន​បាន​ព្យាយាម​និយាយ​បន្ធូរបន្ថយ​ការព្រួយបារម្ភ​នានា​អំពី​ការប្រើប្រាស់​បច្ចេកវិទ្យា​អ៊ីនធឺណិត​របស់ខ្លួន​នៅក្នុង​តំបន់ Xinjiang​។ 
 
​មន្ត្រី​ចិន​ម្នាក់​បាន​អះអាង​កាលពីពេល​ថ្មីៗ​នេះ​នៅក្នុង​ទីក្រុង ហ្សឺ​ណែវ ប្រទេស ស្វី​ស ថា ការប្រើប្រាស់​ប្រព័ន្ធ​ឈ្លបយកការណ៍​របស់​ចិន​មិន​ផ្តល់​ផលប៉ះពាល់​ខ្លាំង​ដូច​ប្រព័ន្ធ​ឈ្លបយកការណ៍​ដែល​បស្ចិមប្រទេស ដូចជា​ប្រទេស​អង់គ្លេស ធ្លាប់បាន​ប្រើប្រាស់​នោះទេ​។ 
 
​លោក Coats មិនមែនជា​មន្ត្រី​អាមេរិក​ដំបូង​ដែល​ព្រមាន​អំពី​ការគំរាមកំហែង​ពី​ចិន​នោះទេ ប៉ុន្តែ​ការព្រមាន​របស់លោក​គឺ​ស្ថិត​ក្នុងចំណោម​ការព្រមាន​ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត និង​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​ការព្រួយបារម្ភ​ថា រដ្ឋាភិបាល​ក្រុង ប៉េកាំង គ្រោង​យកឈ្នះ​លើ​សហរដ្ឋអាមេរិក​លើ​ផ្នែក​ឈ្លប​យក​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​។ 
 
«​ការព្រួយបារម្ភ​ដ៏​ធំ​»
 
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក Robert Ashley នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​យោធា​អាមេរិក​ថ្លែង​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន នៅពេល​ថ្មីៗ​នេះ ថា «​តើ​ខ្ញុំ​មានការ​ព្រួយបារម្ភ​ចំពោះ​ចិន​ដែរឬទេ​? ពិតណាស់ ខ្ញុំ​មានការ​ព្រួយបារម្ភ​ខ្លាំងណាស់​ចំពោះ​សមត្ថភាព​របស់​ចិន​ក្នុង​វិស័យ​អ៊ីនធឺណិត​នេះ​»​។ លោក​ថ្លែង​សំដៅ​ដល់​ការព្រួយបារម្ភ​ថា រដ្ឋាភិបាល​ក្រុង ប៉េកាំង អាច​ប្រើប្រាស់​ផលិតផល​ចិន​ដើម្បី​ឈ្លបយកការណ៍​លើ​ពលរដ្ឋ​អាមេរិកាំង​បាន​។ 
 
​ក្រសួង​ការពារ​ប្រទេស​អាមេរិក​បាន​ហាមឃាត់​មិន​ឲ្យ​លក់​ទូរស័ព្ទ​ចល័ត​របស់​ក្រុមហ៊ុន​Huawei Technologies និង​ក្រុមហ៊ុន ZTE របស់​ចិន សម្រាប់​ប្រើប្រាស់​នៅ​មូលដ្ឋាន​យោធា​របស់ខ្លួន​ទេ ដោយសារតែ​ខ្លាច​មាន​ហានិភ័យ​នានា​ចំពោះ​សន្តិសុខ​។ ប្រទេស អូស្ត្រាលី ដែលជា​ដៃគូ​ស៊ើបការណ៍​សម្ងាត់​និង​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​អាមេរិក ក៏បាន​ហាមឃាត់​មិន​ឲ្យ​ក្រុមហ៊ុន​ទាំងពីរ​នេះ​ផ្គត់ផ្គង់​សម្ភារៈ​ទូរគមនាគមន៍​ផងដែរ​។ 
 
​មន្ត្រី​យោធា​នានា​ដូចជា​លោក Ashley កាន់តែ​ព្រួយបារម្ភ​អំពី​ការកើនឡើង​នៃ​ផលិតផល​ចិន​នៅក្នុង​សង្វាក់​ផ្គត់ផ្គង់ និង​ផលប៉ះពាល់​ដែល​អាច​កើតមាន​ទាំង​នៅក្នុង​ផ្នែក​យោធា​និង​មិនមែន​យោធា​។​
 
​លោក Ashley មានប្រសាសន៍ថា «​ការព្រួយបារម្ភ​ធំ​ជាង​នេះ​របស់ខ្ញុំ​ប្រហែល​មិនមែនជា​សមរភូមិ​នៅ​អវកាស​ទេ​»​។​
 
​សមាជិកសភា​អាមេរិក​ក៏​សម្តែង​ការព្រួយបារម្ភ​ស្រដៀង​គ្នា​នេះដែរ​។​
 
​លោក Marco Rubio សមាជិក​ព្រឹទ្ធសភា​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​ថ្លែង​ថ្លែង​អំពី​ប្រទេស​ចិន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ខែ មិថុនា ថា​៖ «​សាក​ស្រមៃ​មើល​ពិភពលោក​នេះ​ក្នុង​រយៈពេល​១៥​ឬ​២០​ឆ្នាំ​ទៅមុខទៀត ដែល​បណ្តាញ​ទំនាក់ទំនង​របស់​សហ​រដ្ឋ​អាមេរិក​ទាំងមូល​ត្រូវ​ភ្ជាប់​ជាមួយនឹង​ឧបករណ៍​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​មួយ ដែល​អាច​បញ្ជា​ពី​ចម្ងាយ​បាន​។ នោះ​វា​នឹង​ក្លាយជា​ការគំរាមកំហែង​មួយ​ដែល​សហរដ្ឋអាមេរិក​មិន​ធ្លាប់​ជួបប្រទះ​ពីមុនមក​»​។ 
 
​គោលដៅ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​
 
​របាយការណ៍​មួយ​របស់​មជ្ឈមណ្ឌល​ជាតិ​អាមេរិក​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ស៊ើបការណ៍​សម្ងាត់​និង​សន្តិសុខ ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​កាលពី​ខែ កក្កដា ឆ្នាំ ២០១៨ បាន​រកឃើញថា ខណៈដែល​ប្រតិបត្តិការ​អ៊ីនធឺណិត​របស់​ចិន​មាន​ភាពយឺតយ៉ាវ ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​មួយ​ជាមួយនឹង​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​២០១៥​មក រដ្ឋាភិបាល​ក្រុង ប៉េកាំង «​នៅតែ​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​ឈ្លបយកការណ៍​តាម​អ៊ីនធឺណិត ដើម្បី​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​របស់ខ្លួន​»​។​
 
​ប្រតិបត្តិការ​របស់​ចិន​ភាគច្រើន​យក​ក្រុមហ៊ុន​ចុះ​កុងត្រា​ជាមួយនឹង​ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក ក្រុមហ៊ុន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង ជា​គោលដៅ ដែល​«​ផលិតផល​និង​សេវាកម្ម​របស់​ក្រុមហ៊ុន​ទាំងនោះ​គាំទ្រ​ដល់​បណ្តាញ​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​នៅ​ទូទាំង​ពិភពលោក​»​។​
 
​ក្រុមមន្ត្រី​អាមេរិក​ជឿថា សកម្មភាព​ព្យាបាទ​ខាង​អ៊ីនធឺណិត​របស់​ចិន​កំពុងតែ​កើនឡើង​។ 
 
​លោក David Bowdich នាយករង​នៃ​ទីភ្នាក់ងារ​ប៉ូលិស FBI និយាយ​កាលពី​ចុងខែ កញ្ញា ថា «​ចិន​កំពុងតែ​ពង្រីក​ការ​ឈ្លបយកការណ៍​រប​ស់​ខ្លួន​»​។ លោក​បាន​ហៅ​ចិន​ថា​ជាការ​គំរាមកំហែង​កំពូល​ចំពោះ​ការប្រយុទ្ធ​ប្រឆាំងនឹង​ការ​ស៊ើបការណ៍​សម្ងាត់​។ 
 
​លោក Bowdich ថ្លែងថា «​យើងរ​យល់ឃើញថា ចិន​កំពុង​លួច​យកគំនិត​និង​កម្មសិទ្ធិបញ្ញា​របស់​យើង និង​ព្យាយាម​លួច​យកគំនិត​ច្នៃប្រឌិត​ថ្មី​របស់​យើង​»​។ លោក​បាន​ហៅ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ចិន​ថា «​មាន​ប្រសិទ្ធភាព​ខ្ពស់​ខ្លាំងណាស់​»​។​
 
​ក្រុមមន្ត្រី​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ក៏​កំពុងតែ​ព្រួយបារម្ភ​កាន់តែខ្លាំង​ថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ចិន​កាន់តែ​គឃ្លើន​និង​ធ្វើតាម​យុទ្ធសាស្ត្រ​ច្បាស់លាស់​។​
 
​ប្រទេស​ចិន​«​ឈប់​លាក់បាំង​សក្តានុពល​របស់ខ្លួន​ទៀតហើយ ហើយ​ខំប្រឹងប្រែង​បង្កើនល្បឿន​»​។ នេះ​បើ​យោងតាម​ការព្រមាន​រប​ស់លោក Coats ដែលជា​នាយក​ផ្នែក​ស៊ើបការណ៍​សម្ងាត់​ជាតិ​អាមេរិក កាលពី​ចុងខែ កញ្ញា​។​
 
​លោក​ថ្លែងថា «​រដ្ឋាភិបាល​ក្រុង ប៉េកាំង កំពុងតែ​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​សេចក្តីថ្លៃថ្នូរ​ដែលថា​ដែល​សហគមន៍​អន្តរជាតិ​ប្រឹងប្រែង​សម្រេចបាន ដែល​ក្នុងនោះ​មានដូចជា​ការការពារ​ព័ត៌មាន​ឯកជន លំហូរ​ព័ត៌មាន​ដោយ​សេរី និង​ការការពារ​ការសម្ងាត់​ផ្នែក​ពាណិជ្ជកម្ម​ជាដើម​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com