ជាតិ
ភ្ញៀវទេសចរ​មក​ទស្ស​នា​ខេត្ត​ព្រះសីហនុ កើនឡើង​៦,៥៦​ភាគរយ ដែល​ក្នុងនោះ​ភ្ញៀវ​ចិន​ច្រើនជាងគេ​
06, Oct 2018 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ក្នុង​រយៈពេល​៩​ខែ នា​ឆ្នាំ​២០១៨​នេះ​មាន​ចំនួន​១,៦១០,២៦៩​នាក់ មានការ​កើនឡើង ៦.៥៦​ភាគរយ ធៀប​នឹង ៩​ខែ​ដើមឆ្នាំ​២០១៧ ដែលមាន​ចំនួន ១,៥១១,០១៩​នាក់​។ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ១,១៩៥,៤៤០​នាក់ និង​អន្តរជាតិ​មាន​ចំនួន ៤១៤,៨២៩​នាក់​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​កម្ពុជា (AKP) ។

 
​លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ភ្ញៀវទេសចរ​សំខាន់ មាន​១០​ប្រទេស ដែល​ក្នុងនោះ​ភ្ញៀវទេសចរ​ចិន​នាំមុខគេ មាន​ចំនួន ១៣០.៦៤៤​នាក់ កើន​៣៨.៥៤​ភាគរយ ដែល​តាម​ពីក្រោយ​ដោយ​ភ្ញៀវទេសចរ​វៀតណាម ២៨.៧៨៧​នាក់ កើន​៩.៣៦​ភាគរយ​។ ក្រៅពីនេះ​មាន​ភ្ញៀវទេសច​អង់គ្លេស ២៥.៣៩៧​នាក់ ថយចុះ ២.៨២​ភាគរយ​, រុស្ស៊ី ២៤.៧២២​នាក់ កើន ២៣.១៣​ភាគរយ​, បារាំង ២៣.៤១៧​នាក់ ថយចុះ ១៣.៩៤ ភាគរយ​, អូស្ត្រាលី ២៣.៧០៩​នាក់ ថយចុះ ៣.៥៣​ភាគរយ​, អាម៉េរិក ២៣.១៦៦​នាក់ ថយចុះ ៤.៤០​ភាគរយ​, ថៃ ២១.៧៦៥​នាក់ កើន​៣៨.០៥​ភាគរយ​, អាល្លឺម៉ង់ ២១.២៩៣​នាក់ កើន ៣.៣៧​ភាគរយ​, ម៉ាឡេស៊ី ១៣.៣៩៩​នាក់ កើន ៧៣១.៧១​នាក់​»​។​
 
​យោងតាម​របាយការណ៍​របស់​ក្រសួង​ទេសចរ​ចេញផ្សាយ​កាលពីដើម​ខែកញ្ញា ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៨ មាន​ភ្ញៀវទេសចរ​ជនជាតិ​ចិន​ចំនួន ១,១ លាន​នាក់ មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា​ដែល​កើន ៧២,៦ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ទៅ​ដឹង​ឆ្នាំ​២០១៧​។​
 
​លោក ថោង ខុន​រដ្ឋ មន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បាន​ព្យាករណ៍​ថា ប្រទេស​កម្ពុជា​នឹង​ទាក់ទាញ​អ្នកទេសចរ​ចិន​យ៉ាងហោចណាស់ ១,៧ លាន​នាក់​នៅក្នុង​ឆ្នាំ ២០១៨ ហើយ​កើន​ឡើងដល់ ២,៥ លាន​នាក់​នៅក្នុង​ឆ្នាំ ២០២០​។ ក្នុង​ឆ្នាំ​២០១៧ មាន​ភ្ញៀវ​ទស​ចរ​បរទេស​មក​ទស្សនា​កម្ពុជា​ចំនួន​៥, ៦​លាន ក្នុងនោះ​មាន​ទេសចរ​ចិន ១,២១ លាន​នាក់ ហើយ​ទទួលបាន​ចំណូល​បាន​៣,៦​ពាន់​លាន​ដុល្លារ​៕

Tag:
 ទេសចរ​
  តាំង សុ​ចិត្ត​គ្រឹ​ស្នា​
  ខេត្ត​ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com