ជាតិ
ជប៉ុន​ផ្តល់ជំនួយ​ជាង​១​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​គម្រោង​កសិកម្ម និង​ដោះមីន​
06, Oct 2018 , 10:24 am        
រូបភាព
រូបពីហ្វេសប៊ុកស្ថានទូតជប៉ុន
រូបពីហ្វេសប៊ុកស្ថានទូតជប៉ុន
​រដ្ឋាភិបាល​ជប៉ុន​បានផ្ដល់​ថវិកា​សរុប​ចំនួន​១,៨៩៤,២២៨​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​កសិកម្ម​ចំនួន​២ និង គម្រោង​ដោះមីន​ចំនួន​១​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា ។​

 
​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា បាន​បញ្ជាក់ថា ទឹកប្រាក់​ទាំងនេះ នឹង​ផ្ដល​ដល់​អង្គការ​ចំនួន​បី  ក្រោម​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​។ 
 
​ស្ថានទូត​ជប៉ុន​សរសេរថា​៖ «​ផ្តល់​ថវិកា​ចំនួន ៤០២,៣៥៨​ដុល្លារ​អាមេរិក​ដល់​អ​ង្គ​ការ IVY ដើម្បី​អនុវត្ត​លើ ការគាំទ្រ​ដល់​កសិករ​ខ្នាតតូច​តាមរយៈ​ធ្វើ​កិច្ចសន្យា​កសិកម្ម​គ្រាប់ស្វាយចន្ទី​សរីរាង្គ​តាមរយៈ​សហគមន៍​កសិក​ម្ម (​ឆ្នាំ​ទី​១)​។ ផ្តល់​ថវិកា​ចំនួន ៦៦៧,១១៧ ដុល្លារ​អាមេរិក ដល់​វិទ្យាស្ថាន​កែលំអ និង​អភិរក្ស​បរិស្ថាន​(ERECON) ដើម្បី​អនុវត្ត​លើ គម្រោង​លើកកម្ពស់​លក្ខខណ្ឌ​កសិកម្ម​ដោយមាន​និរន្តរភាព​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ ក្នុង​ខេត្តកំពង់ចាម និង​ដល់​អង្គការ​សកម្មភាព​កំចាត់មីន​ជប៉ុន (JMAS)​ចំនួន​ថវិកា ៨២៤,៧៥៣ ដុល្លារ​អាមេរិក ដើម្បី​អនុវត្ត​គម្រោង “​ការលើកកម្ពស់​ការអភិវឌ្ឍ​ន៍​សហគមន៍​ជាមួយនឹង​ការដោះមីន ក្នុង​ខេត្តបន្ទាយមានជ័យ​»​។ 
 
​យោងតាម​របាយការណ៍​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​បង្ហាញថា ចាប់ពី​ឆ្នាំ​២០១២ ដល់ ២០១៦ ប្រទេស​ជប៉ុន​បានផ្ដល់​ជំនួយឥតសំណង​ចំនួន ១,៩៧២​រយ​លាន​យ៉េន (​ប្រហែល​១,៧​ពាន់​លាន​ដុល្លារ​អាមេរិក​) ប្រាក់កម្ចី ១,១៦៨​រយ​លាន​យ៉េន (​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​) និង​ជំនួយ​បច្ចេកទេស​ចំនួន ៨៧០​រយ​លាន​យ៉េន (​ជាង​៧៦៤​លាន​ដុល្លារ​)​ដល់​ប្រទេស​កម្ពុជា​៕

Tag:
 ជប៉ុន​
  ជំនួយ​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com