ជាតិ
ក្រសួងទេសចរណ៍ កំពុង​រៀបចំ​គតិយុត្ត​លើ​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់ឆ្នេរ
06, Oct 2018 , 9:39 pm        
រូបភាព
ភ្នំពេញ​៖ ក្រសួងទេសចរណ៍ កំពុង​រៀបចំ​សេចក្តីព្រាង​ផែនការមេ សម្រាប់​អភិវឌ្ឍន៍​រមណីយដ្ឋាន​ឆ្នេរ​អូរត្រេះ ខេត្ត​ព្រះសីហនុ និង​ឆ្នេរ​ប៉ាក់​ខ្លង ខេត្តកោះកុង ដើម្បី​ក្លាយជា​ឆ្នេរ​គំរូ​។ 
​លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ក្រសួង​បានរៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​នានា បទដ្ឋាន​ឆ្នេរ​ស្អាត ដើម្បី​ជា​មូលដ្ឋាន​និង​ជា​ត្រីវិស័យ សម្រាប់​គម្រោង​វិយោគ​នៅតាម​បណ្ដោយ​ឆ្នេរសមុទ្រ ដែល​ត្រូវគោរព​តាម​គោលការណ៍​ចីរភាព​។​


 
​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) បាន​ស្រង់​សម្តី​លោក ប៉ាក់ សុខុម ដូច្នេះ​ថា​៖« ឆ្នេរសមុទ្រ​កម្ពុជា​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់ ជា​ប៉ូល​សេដ្ឋកិច្ច​ទី​២ ក្នុងការ​ទាក់ទាញ​វិនិយោគ ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ បន្ទាប់ពី​រាជធានី​ភ្នំពេញ ត្រូវបាន​ចាត់ទុកជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​ដ៏​មាន​ភាព​ទាក់ទាញ និង​ប្រកបដោយ​ភាព​ប្រកួតប្រជែង​ខ្ពស់​នៅ​កម្ពុជា និង​ក្នុង​តំបន់ ព្រមទាំង​ជា​គោលដៅ​ទេសចរណ៍​ដ៏​ធំ បន្ទាប់ពី​តំបន់​បេតិកភណ្ឌ​វប្បធម៌​ប្រវត្តិសាស្ត្រ​សៀមរាប អង្គរ និង​រាជធានី​ភ្នំពេញ​»​។​
 
​កាលពី​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៨ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បាន​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ផែនការអភិវឌ្ឍន៍​រម​ណី​យ​ដ្ឋា​ន​ឆ្នេរ​អូរត្រេះ ខេត្ត​ព្រះសីហនុ និង​ឆ្នេរ​ប៉ាក់​ខ្លង ខេត្តកោះកុង និង​ការត្រួតពិនិត្យ​លទ្ធផល​បឋម​នៃ​ការវាយតម្លៃ​ឆ្នេរ សម្រាប់​ការប្រឡងប្រណាំង​ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត​។​
 
​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា បាន​បន្ថែមថា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បាន​បង្កើត​ក្រុមការងារ​ទទួលបន្ទុក​តាមដាន និង​វាយតម្លៃ​ឆ្នេរ​ខ្សាច់​កម្សាន្ត តាម​បទដ្ឋាន​បច្ចេកទេស និង​ស្តង់ដា​នៃ​គោលការណ៍​ណែនាំ ស្ដីពី​ការគ្រប់គ្រង​ឆ្នេរ​ខ្សាច់​កម្សាន្ត ដោយ​ផ្តល់​ការគាំទ្រ​បច្ចេកទេស​លើ​ការគ្រប់គ្រង និង​ការកែលម្អ​ឆ្នេរ​ខ្សាច់​កម្សាន្ត​ឱ្យស្រប​តាម​ស្តង់ដារ​លក្ខណៈ​បច្ចេកទេស និង​បទដ្ឋាន​គតិយុត្ត​នានា ក្នុង​ការងារ​គ្រប់គ្រង​ឆ្នេរ​ខ្សាច់​ក្នុង​ខេត្ត​តំបន់ឆ្នេរ​កម្ពុជា ៕
​ 

Tag:
 ការអភិវឌ្ឍ​
  តំបនឆ្នេរ​
  ទេសចរណ៍​
  ប៉ាក់ សុខុម
© រក្សាសិទ្ធិដោយ thmeythmey.com