ជាតិ
សង្គមជាតិ
ក្រសួងអប់រំជ្រើសរើសគ្រូចំនួន២០នាក់ ដើម្បីបង្រៀនសិស្សគថ្លង់ និងជនពិការ រូបភាពពីសាលាកុមារគថ្លង់ និងកុមារពិការភ្នែក
× ភ្នំពេញ៖ ក្រសួងអប់រំ បានប្រកាសជ្រើសរើសគ្រូបង្រៀនសិស្សគថ្លង់ និងពិការភ្នែកចំនួន២០ នាក់ ជាគ្រូបង្រៀនសិស្សគថ្លង់១០នាក់ និងជាគ្រូបង្រៀនសិស្សពិការ១០នាក់ ដើម្បីបង្រៀននៅវិទ្យាស្ថានជាតិអប់រំពិសេសរាជធានីភ្នំពេញ ខេត្តកំពង់ចាម បាត់ដំបង និងខេត្តសៀមរាប។
សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងនឹងជ្រើសរើសគ្រូចំនួន២០នាក់ឲ្យទៅបណ្តុះបណ្តាលចំនួន១០ខែសិន មុននឹងក្លាយជាគ្រូបង្រៀនសិស្សគថ្លង់ និងពិការភ្នែក ដែលការបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមពីខែតុលា ឆ្នាំ២០១៨ ដល់ខែសីហា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំពិសេស រាជធានីភ្នំពេញ។
បន្ទាប់ពីគ្រូទាំង២០នាក់នេះទទួលបានការបណ្តុះបណ្តាលពីក្រសួងអប់រំអស់រយៈពេល១០ខែ គ្រូទាំងនោះក្រសួងនឹងជ្រើសរើសឲ្យទៅបង្រៀននៅវិទ្យាស្ថានជាតិអប់រំពិសេសចំនួន៥ មានដូចជា វិទ្យាស្ថានជាតិអប់រំពិសេសច្បារអំពៅ, វិទ្យាស្ថានជាតិអប់រំពិសេសភ្នំពេញថ្មី,វិទ្យាស្ថានជាតិអប់រំពិសេសកំពង់ចាម, វិទ្យាស្ថានជាតិអប់រំពិសេសបាត់ដំបង និងវិទ្យាស្ថានជាតិអប់រំសៀមរាប។
លក្ខខណ្ឌនៃការដាក់ពាក្យ គ្រូទាំងអស់ ត្រូវតែជាគ្រូបង្រៀនក្របខណ្ឌរដ្ឋ មានសញ្ញាតិខ្មែរ មានទឹកចិត្តអាណិតស្រឡាញ់ជនពិការភាព ហើយត្រូវមានអាយុចាប់ពី២៥ឆ្នាំ ដល់៤៥ឆ្នាំ។ គ្រូទាំងអស់ ត្រូវតែមកដាក់ពាក្យឲ្យបានមុនថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨៕
Tag:
ក្រសួងអប់រំ
សិស្សគថ្លង់
ពិការភ្នែក
© រក្សាសិទ្ធិដោយ thmeythmey.com