ជាតិ
សុខភាព
«​ថ្នាំ​ផ្សះ​» ឬ «​ថ្នាំ​អង់​ទី​ប៊ី​យ្យូ​ទិច​» (Antibiotics) កំពុង​បង្ក​ផលវិបាក​ដល់​សុខភាព​សាធារណៈ​នៅ​កម្ពុជា​
07, Oct 2018 , 1:39 pm        
រូបភាព
កញ្ចប់​ថ្នាំ​ដែលអ្នក​ជំងឺទូទៅ​ទទួលបានតាម​ឱសថស្ថាន​នានា​​ក្រោយ​ពេលគេ​រៀប​រាប់​អំពី​អាការៈ ជំងឺ​ផ្តាសាយ​​ដោយ​​ពុំភ្ជាប់​វេជ្ជបញ្ជា​​, ថ្នាំនេះ​សម្រាប់​ផឹក​៤ដង​ ឬ១ថ្ងៃកន្លះ​ដែល​ផ្សំតាម​ការសុំរបស់អ្នកទិញ​, ក្នុង​នេះ​មាន​យ៉ាងហោច​ណាស់​​ថ្នាំផ្សះ​មួយ​មុខ​ គឺ​​ប្រភេទ​ Cephalosporin, នៅរាជធានី​ភ្នំពេញ, នៅថ្ងៃទី​២៤ ខែឧសភា​ ឆ្នាំ​២០១៨។ (ខាន់​ សុគុំមនោ/ VOA)
កញ្ចប់​ថ្នាំ​ដែលអ្នក​ជំងឺទូទៅ​ទទួលបានតាម​ឱសថស្ថាន​នានា​​ក្រោយ​ពេលគេ​រៀប​រាប់​អំពី​អាការៈ ជំងឺ​ផ្តាសាយ​​ដោយ​​ពុំភ្ជាប់​វេជ្ជបញ្ជា​​, ថ្នាំនេះ​សម្រាប់​ផឹក​៤ដង​ ឬ១ថ្ងៃកន្លះ​ដែល​ផ្សំតាម​ការសុំរបស់អ្នកទិញ​, ក្នុង​នេះ​មាន​យ៉ាងហោច​ណាស់​​ថ្នាំផ្សះ​មួយ​មុខ​ គឺ​​ប្រភេទ​ Cephalosporin, នៅរាជធានី​ភ្នំពេញ, នៅថ្ងៃទី​២៤ ខែឧសភា​ ឆ្នាំ​២០១៨។ (ខាន់​ សុគុំមនោ/ VOA)
ដោយ: VOA
​ភ្នំពេញ ៖ អ្នកស្រី ស្រី លក្ខណ៍ មាន​ជំងឺ​គ្រុនផ្តាសាយ ដូច្នេះ​អ្នកស្រី​ដើរ​តម្រង់​ទៅកាន់​ឱសថស្ថាន​មួយកន្លែង​នៅ​ម្តុំ​ផ្សារកណ្តាល និង​បាន​ប្រាប់​ឱ​ស​ថា​ការី​ឲ្យ​ផ្សំ «​ថ្នាំ​ណា​ដែល​ឆាប់​ជា​» ដែល​អ្នកស្រី​សំដៅ​ទៅលើ​«​ថ្នាំ​ផ្សះ​» ជា​ពាក្យ​ប្រើប្រាស់​ទូទៅ​ក្នុង​ភាសា​ខ្មែរ​សម្រាប់​ថ្នាំ​អង់​ទី​ប៊ី​យ្យូ​ទិច (Antibiotics)​។​


​មិន​ខុសពី​ប្រជាជន​កម្ពុជា​ភាគច្រើន​នោះទេ អ្នកស្រី​មាន​ទម្លាប់​ឲ្យ​ឱសថការី​ផ្សំ​ថ្នាំ​នៅ ពេល​កើត​ជំងឺ​ផ្តាសាយ ឬ​ជំងឺ​ផ្សេងទៀត​។​

​តែ​ពីរ​បី​នាទី​ប៉ុណ្ណោះ ឱសថការី​បាន​ឲ្យ​ល្បាយ​ថ្នាំ​មួយ​កូន​កញ្ចប់​ផ្លា​ស្ទិ​ច​⁠ រួចជាស្រេច​។ អ្នកស្រី ដែល​អ្នក​ទទួលទាន​ថ្នាំ​ទាំងនោះ ពុំបាន​ដឹង​និង​បាន​ចាប់អារម្មណ៍​ថា​ជា ថ្នាំ​អ្វីខ្លះ​នោះទេ ដោយសារតែ​វា​ចេញពី​កំប៉ុង​ថ្នាំ​ធំៗ ឬ​បំបែក​ប្រអប់​ផ្សេងៗ​គ្នា​។​

​អ្នកស្រី ស្រី លក្ខណ៍ អាយុ ២៩​ឆ្នាំ បាន​ចំណាយលុយ​ពីរ​ដុល្លារ សម្រាប់​ថ្នាំ​មួយកញ្ចប់​ដែល​ឱសថការី​ផ្សំ​ឲ្យ តែ​មិន​ទទួលបាន​ព័ត៌មាន​អ្វី​ទាល់តែសោះ​អំពី​ថ្នាំ ដែល​អ្នកស្រី​នឹង​លេប​។ យ៉ាងណាក្តី អ្នកស្រី​និយាយថា អ្នកស្រី​នៅតែ​អាច​ទទួលយកបាន​។​

​ស្របពេល​កំពុង​បីកូន​តូច​អាយុ ៣​ខែ ផ្អឹប​នឹង​ខ្លួន​ពី​ខាងមុខ  អ្នកស្រី​បាន​និយាយថា​៖

«​កន្លែង​[​ឱសថស្ថាន​] ខ្លះ​ក៏​[​ផ្សំ​ថ្នាំ​] ត្រូវ​ដែរ តែ​ភាគច្រើន​ខ្ញុំ​ទៅ​កន្លែង​គាត់​ស្គាល់​ខ្ញុំ​។ គាត់ [​ឱសថការី​] សួរ​ទៅ ខ្ញុំ​ប្រាប់​ពី​អាកា​រៈ ផ្តាសាយ​យ៉ាងម៉េចៗ​ទៅ គាត់​ឲ្យ​ថ្នាំ​។ ភាគច្រើន​ខ្ញុំ​ប្រាប់​គាត់​ថា លោកគ្រូ [​ឱសថការី​] ខ្ញុំ​សុំ​អា​ថ្នាំ​ណា​ល្អៗ ពីរ​ថ្ងៃ​ដាច់​ពឹត​ទៅ កុំ​ឲ្យ​រ៉ាំរ៉ៃ​ខ្ញុំ​ពិបាក​»​។​

​អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀតថា អ្នកស្រី​ពុំមាន​ទម្លាប់​ដេញដោល​ឱសថការី​អំពី​ផលវិបាក (​ឬ side effect) នៃ​ថ្នាំ​ដែល​អ្នកស្រី​ត្រូវ​លេប​នោះទេ​។​

​របៀបរបប​នៃ​ការលក់​ថ្នាំ​បែបនេះ​គឺមាន​ជាទូទៅ​នៅក្នុង​ប្រទេស​កម្ពុជា ខណៈដែល​ប្រព័ន្ធ​សុខាភិបាល​ស្ទើរ​គ្រប់ផ្នែក​ភាគច្រើន​មិនមាន​ការអនុវត្ត​ច្បាប់​តឹងរ៉ឹង​។​

​ប៉ុន្តែ​នេះ​ក៏​ជាការ​អនុវត្ត​ប្រកបដោយ​គ្រោះថ្នាក់​ផងដែរ ហើយ​កំពុង​តែមាន​សភាព​ធ្ងន់ធ្ងរ​ទៅៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ដោយសារ​តែមាន​ការប្រើ​ប្រាស់​ថ្នាំ​ផ្សះ ឬ​អង់​ទី​ប៊ី​យ្យូ​ទិច​ខុស បាក់តេរី​ដែល​ស៊ាំ​ទៅនឹង​ថ្នាំ​ផ្សះ​ទៅហើយ មាន​សភាព​ខ្លាំង​ឡើង ហើយ​ក្លាយជា​កត្តា​បង្ក​គ្រោះថ្នាក់​យ៉ាងខ្លាំង​ទៅលើ​សុខភាព​សាធារណៈ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ។  កម្ពុជា​កំពុង​ស្ថិតនៅ​ជួរមុខ​នៃ​បញ្ហា​នេះ ហើយ​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ក៏​ប្រឈម​ដូច្នេះ​ដែរ​។​

​ថ្នាំ​វេជ្ជសាស្ត្រ​គឺជា​⁠ អាវុធ​មុខ​ពីរ​

​ថ្នាំ​ផ្សះ ឬ​អង់​ទី​ប៊ី​យ្យូ​ទិច​ជា​ឱសថ​ដ៏​សំខាន់​មួយ​ក្នុងការ​សម្លាប់​បាក់តេរី និង​បាន​សង្គ្រោះ​ជីវិត​មនុស្ស​រាប់លាន​នាក់ ចាប់តាំងពី​ថ្នាំ​ប្រភេទ​នេះ​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៤០​។ ប៉ុន្តែ​នៅពេល​ប្រើប្រាស់​មិនត្រូវ ថ្នាំ​ប្រភេទ​នេះ​អាច​បង្ក​ផលប៉ះពាល់​ទៅវិញ​។ បាក់តេរី​ដែល​ធ្លាប់​ប៉ះ​ជាមួយនឹង​ថ្នាំ​ផ្សះ​នៅក្នុង​បរិមាណ​តិចតួច ឬ​កម្រិត​ទាប តែងតែ​វិ​វត្ត​ទៅជា​បាក់តេរី​ដែល​ស៊ាំ​នឹង​ថ្នាំ​នេះ​ទៅវិញ ហើយ​ភាពស៊ាំ​បន្តិច​ម្តងៗ​ធ្វើ​ឲ្យ​បាក់តេរី​ទាំងនោះ​ខ្លាំង​ឡើងៗ​។​

​ការវិវត្ត​នេះ​បង្កឡើង​ដោយ​ការប្រើប្រាស់​ថ្នាំ​ផ្សះ ឬ​អង់​ទី​ប៊ី​យ្យូ​ទិច​ខុស ការខកខាន​នៅក្នុង​ការប្រើប្រាស់​ថ្នាំ​ផ្សះ ឬ​អង់​ទី​ប៊ី​យ្យូ​ទិច​ដោយ​លេប​មិន​គ្រប់​ចំនួន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា ឬ​ការប្រើប្រាស់​ថ្នាំ​ផ្សះ ឬ​អង់​ប៊ី​យ្យូ​ទិច​នៅពេល​មិនចាំបាច់​។​⁠ ឧទាហរណ៍ ជំងឺ​ផ្តាសាយ​ជា​ជំងឺ​បង្កឡើង​ដោយ​វីរុស​⁠ មិនមែន​ដោយ​បាក់តេរី​ទេ ដូចនេះ​ការប្រើប្រាស់​ថ្នាំ​ផ្សះ ដើម្បី​ព្យាបាល​ជំងឺ​ផ្តាសាយ​គឺជា ការប្រើប្រាស់​ខុស​។ យ៉ាងណាក្តី ការអនុវត្ត​របៀប​ខាងលើនេះ​គឺ មាន​ជាទូទៅ​នៅ​កម្ពុជា​។​

​កម្ពុជា​គឺជា ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដំបូង​គេ​បង្អស់​នៅក្នុង​តំបន់​⁠ ដែល​បាន​បង្កើត​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​ភាពស៊ាំ​នឹង​មីក្រូ​ប (AMR) នៅក្នុង​ឆ្នាំ ២០១៤​។ ដោយ​មានការ​ជ្រោមជ្រែង​ពី​អង្គការ​សុខភាព​ពិភពលោក គោលនយោបាយ​នេះ​គឺមាន​លក្ខណៈ​ពេញលេញ និង​មាន​រួមបញ្ចូល​ផែនការ​រយៈពេល​បី​ឆ្នាំ​សម្រាប់​ការអនុវត្ត​។ ក៏ប៉ុន្តែ អ្នកជំនាញ​ផ្នែក​សុខាភិបាល​បាន​ឲ្យ​ដឹងថា ការអនុវត្ត​ពុំបាន​ដើរទៅ​មុខ ឲ្យ​ដូច​អ្វីដែល​គ្រោងទុក​នោះទេ​។​

​សេចក្តីណែនាំ​រួមមួយ​របស់​ដោយ​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក WHO នៅ​ឆ្នាំ ២០១៦ បាន​បញ្ជា​ឲ្យ​ឱសថការី​បញ្ឈប់​ការលក់​ថ្នាំ​ផ្សះ ឬ​អង់​ទី​ប៊ី​យ្យូ​ទិច ដោយ​មិនមាន​វេជ្ជបញ្ជា​។ នេះ​ជា​វិធានការ​មូលដ្ឋាន និង​ជាក់ស្តែង​មួយ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពស៊ាំ​នឹង​ថ្នាំ​ផ្សះ​។​ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ប្រាប់ VOA ថា​⁠ លោក​មិន​ច្បាស់​ថា​តើ​មាន​ឱសថស្ថាន​ណាមួយ ឬ​មាន​ចំនួន​ប៉ុន្មាន ដែល​ត្រូវ​បានទទួល​ការពិន័យ​ពី​ការលក់​ថ្នាំ​⁠​ផ្សះ ឬ​អង់​ទី​ប៊ី​យ្យូ​ទិច ដោយ​មិនមាន​វេជ្ជបញ្ជា​នោះទេ​។​

​វេជ្ជបណ្ឌិត​មួយរូប ដែល​ធ្វើការ​ជិតដិត​ជាមួយនឹង​រដ្ឋាភិបាល​ទាក់ទិន​នឹង​ការប្រយុទ្ធប្រឆាំង​ឆ្លើយតប​នឹង​ភាពស៊ាំ​នឹង​ថ្នាំ [​វេជ្ជសាស្ត្រ​] បាន​ឲ្យ​ដឹងថា មិនមាន​ដំណើរការ​ណា​មួយ​អាច​ទៅមុខ​បានទេ ពាក់ព័ន្ធ​ទៅនឹង​ការប្រយុទ្ធ​ប្រឆាំងនឹង​ភាពស៊ាំ​នឹង​ថ្នាំ​ផ្សះ ឬ​អង់​ទី​ប៊ី​យ្យូ​ទិច ប្រសិន​គ្មាន​ការពង្រឹង​ច្បាប់ ភ្ជាប់​ជាមួយនឹង​គោលនយោបាយ​។ លោក​បានស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយសារ​លោក​មិនត្រូវ​ផ្តល់​សិទ្ធិ​ឲ្យ​និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ លោក​បាន​ឲ្យ​ដឹងថា​៖

«​នៅ​ប្រទេស​សាំង​ហ្កា​ពួរ យើង​អត់​អាច​ទៅ​ទិញ​ថ្នាំ​ផ្សះ​បាន​សេរី​អញ្ចឹងទេ ដោយសារតែ​វា​មិនមែនជា​ប្រភេទ​ពួក  OTC [over the counter ដែល​គេ​អាច​លក់បាន​ដោយ​ពុំ​ចាំបាច់​មាន​វេជ្ជបញ្ជា​]​។ ថ្នាំ​ផ្សះ​លក់បាន​ទាល់តែ​មាន​វេជ្ជបញ្ជា​។ តែ​នៅ​ស្រុក​យើង​អាច​ទិញ​បាន​។ អាហ្នឹង​ហើយ​ជា​បញ្ហា​។ វា​គ្រោះថ្នាក់​ណាស់​នៅ​ថ្ងៃមុខ​»​។​

​លោក អ៊ំ ឆ​វ័​ន្ត អ្នកស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​មួយរូប ដែលជា​សហ​និពន្ធ​ទៅលើ​របាយការណ៍​ស្រាវជ្រាវ​មួយ​ផ្សព្វផ្សាយ​ឆ្នាំ ២០១៧⁠ អំពី​ការប្រើប្រាស់​ថ្នាំ​ផ្សះ ឬ​អង់​ទី​ប៊ី​យ្យូ​ទិច​ខុស​នៅ​កម្ពុជា បាន​និយាយថា ឱសថការី​⁠​ជាច្រើន មើលរំលង​ទាំងស្រុង​ទៅលើ បម្រាម​របស់​ក្រសួង​⁠ ពីព្រោះ​ពួកគេ​យល់ថា វិធានការ​នេះ​ពុំមាន​ចង​ដោយ​ច្បាប់​តឹងរ៉ឹង ហើយ​គ្មាន​នរណាម្នាក់​ត្រួតពិនិត្យ​ពួកគេ​លើ​ការ​ចែកចាយ​ថ្នាំ​ផ្សះ​នោះទេ​។​

​លោក​បាន​ប្រៀបធៀប​គោលនយោបាយ AMR ទៅនឹង​គម្រោង​ផ្ទះមួយ​ខ្នង ដែលមាន​ត្រឹម​ប្លង់​យ៉ាង​ស្អាត​គូរ​ដោយ​ស្ថាបត្យករ​ប៉ុណ្ណោះ​។ ទោះបីជា គម្រោង​មាន​ច្បាស់​យ៉ាងណាក៏ដោយ ក៏​គ្មានអ្វី​ត្រូវបាន​សាងសង់ឡើង​នៅឡើយ​។ លោក​ឆ​វ័​ន្ត បាន​មានប្រសាសន៍ថា​៖

«​រាល់ថ្ងៃ​ហ្នឹង ពិតមែនតែ​មានច្បាប់ តែ​ច្បាប់​យើង​ហ្នឹង​អនុវត្ត​មិនទាន់បាន​។ ចង់​និយាយថា អត់​មានអី​ហាមឃាត់​ទេ តែ​សមត្ថភាព​អនុវត្ត​ច្បាប់ ឬ​យក​អ្វី​ដែលជា​សារា​ចរណ៍​ក្រសួង​ចេញ​ហ្នឹង យកទៅអនុវត្ត​អត់​ទាន់​បាន ដោយសារ​យើង​ខ្វះ​ធនធាន ខ្វះ​អី​អញ្ចឹង​។ ដំណាក់​បន្ទាប់​យើង​ត្រូវអនុវត្ត​អាហ្នឹង បច្ចេកទេស​ផង ត្រូវ​ធនធានមនុស្ស​ផង និង​ថវិកា​ទៀត​»​។​

​រក​ទិញ​ភ្លាម បាន​ភ្លាម​

​ស្ថិតក្នុង​ឯកសណ្ឋាន​អាវ​វែង ពណ៌​ស ដែល​មើលទៅ​ហាក់ដូចជា វេជ្ជបណ្ឌិត​ម្នាក់  លោក កែវ លី​ហួរ មមាញឹក​ក្នុងការ​ច្រកថ្នាំ លក់​ជូន​អតិថិជន​នៅ​ផ្សារ​តាប៉ាង ដែលជា​កន្លែង​មាន​ឱសថស្ថាន​ត្រូវគេ​ស្គាល់​ច្រើន​នៅ​ជិត​ផ្សារ​ធំថ្មី ក្នុង​រាជធានី​ភ្នំពេញ​។​

​ឱសថការី កែវ លី​ហួរ បាន​និយាយថា មនុស្ស​កាន់តែច្រើន​បានមក​សួរ​គាត់ ហើយ​សុំ​ទិញ​ថ្នាំ​ផ្សះ ឬ​អង់​ទី​ប៊ី​យ្យូ​ទិច ហើយ​លោក​តែងតែ​លក់​ទៅតាម​តម្រូវការ​។ លោក​បាន​ឲ្យ​ដឹង​ដែរ​ថា តាម​អ្វីដែល​លោក​បាន​សិក្សា ការពន្យល់​អ្នកជំងឺ​អំពី​ផលប៉ះពាល់​នៃ​ថ្នាំ​អាចធ្វើ​ឲ្យ​អ្នកជំងឺ​មិន​ទុកចិត្ត​ថ្នាំ ដូចនេះ ជាទូទៅ​លោក​តែង​លើកទឹកចិត្ត​ឲ្យ​អ្នកជំងឺ​លេបថ្នាំ ដោយមាន​ទំនុកចិត្ត និង​មិន​បារម្ភ​ពី​ផលប៉ះពាល់​។​

«​ភាគច្រើន​យើង មិនមែន​ប្រាប់​គាត់​ជា​លក្ខណៈ side effect [​ផលវិបាក​នៃ​ថ្នាំ​] ទេ​។ បើ​យើង​ប្រាប់​គាត់​ពី side effect ច្រើនពេក ពេលខ្លះ​គាត់​អស់ជំនឿ​ទុកចិត្ត​លើ​ថ្នាំ ព្រោះ​ប្រើ​ទៅ​ខ្លាច side effect ពេក​។ បើ​យើង​គិត​តាមចិត្ត​សាស្ត្រ ពេល​រៀន​ក៏​គេ​គិត​ដែរ គេ​ថា​⁠ សំខាន់​លើ​អ្នកជំងឺ​ដែរ ជឿ​លើ​ថ្នាំ​ហ្នឹង​ក៏​អាចជា​ជំងឺ​ដែរ​បាន ៣០% ទៅ​៤០%​។ បើ​ប្រាប់ side effect គាត់​អស់ជំនឿ​លើ​ថ្នាំ​ហ្នឹង​»​។​

​កញ្ញា លួង សុ​ភ័ត ជា​ឱសថការី​មួយរូប​ទៀត​ធ្វើការ​នៅ​ឱសថស្ថាន Help Plus ដែលជា ឱសថស្ថាន​បែប​ទំនើប​មួយ​។ កញ្ញា​បាន​ប្រាប់ VOA ថា កញ្ញា​បានដឹងថា ភាពស៊ាំ​នឹង​ថ្នាំ​ផ្សះ ឬ​អង់​ទី​ប៊ី​យ្យូ​ទិច ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ ហើយ​កញ្ញា​ព្យាយាម​សម្រប​ទៅនឹង​សេចក្តីណែនាំ​របស់​រដ្ឋាភិបាល​។​

​ទោះបីយ៉ាងណា​ក៏ដោយ កញ្ញា​បាន​លើកឡើងថា នាង​គ្រាន់តែ​ត្រូវបាន​ផ្តល់ព័ត៌មាន​ពី​សេចក្តីណែនាំ​នោះ​ប៉ុណ្ណោះ ហើយ​មិន​គិតថា មាន​ជាប់ទាក់ទង​នឹង​ច្បាប់​ទេ​។​

​ឱសថការី​រូបនេះ​បាន​បញ្ជាក់ដែរថា អ្វីដែល​កញ្ញា​បាន​យល់ដឹង​ពី​ការផ្សព្វផ្សាយ​របស់​ក្រសួង​នោះ​គឺ ការប្រជុំ​ឱសថការី ដែល​លើកចុងក្រោយ​កញ្ញា​ចូលរួម​នោះ​គឺ ប្រមាណ​២​ឆ្នាំមុន​។ កញ្ញា​បាន​និយាយថា​៖

«​ផឹកថ្នាំ​ផ្សះ​ត្រឹមត្រូវ​ទី​១ ត្រូវមាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ ហើយ​គ្រូពេទ្យ​ត្រូវ​សរសេរ​ប្រាប់​របៀប​ប្រើប្រាស់​ត្រឹមត្រូវ​ប៉ុណ្ណឹង​ទៅ ហើយ​សំខាន់​មួយទៀត​គឺ ឱសថការី អ្នក​ឲ្យ​ថ្នាំ​»​។​

​កញ្ញា លួង សុ​ភ័ត បាន​និយាយទៀតថា ដោយសារតែ​គ្មាន​ការ​រឹតបន្តឹង​ច្បាប់​នោះ​ហើយ ទើប​សម្ពាធ​ផ្នែក​អាជីវកម្ម ដើរតួនាទី ជំរុញ​ឱសថស្ថាន​នានា​បន្ត​លក់​ថ្នាំ​ផ្សះ​។​

 
​ឱសថការី​ប្រាំបួន​នាក់ ដែល VOA បាន​សាកសួរ បាន​និយាយថា ពួកគេ​មិន​ទទួលបាន​សេចក្តីណែនាំ​ជា ក្រដាស​ស្នាម​ពី​ក្រសួងសុខាភិបាល​នោះទេ​។ ឱសថការី​ទាំងអស់​បាន​និយាយថា ពួកគេ​មិន​ច្បាស់​ថា​តើ វា​ស្របច្បាប់ ឬ​ខុសច្បាប់​នោះទេ ប្រសិនបើ​ពួកគេ​លក់​ថ្នាំ​ផ្សះ ឬ​អង់​ទី​ប៊​យ្យូ​ទិច ដោយ​មិនមាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​។​
 
​លោក​វេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ប្រធាន​ក្រុមការងារ​បច្ចេកទេស​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពស៊ាំ​នឹង​ថ្នាំ ហៅ​កាត់​ថា AMR បាន​ប្រាប់ VOA នៅក្នុង​បទសម្ភាសន៍​មួយ​ថា ក្រសួង​បានធ្វើ​បទបញ្ជា​រួចហើយ តែ​វា​អាស្រ័យ​លើ​ឱសថស្ថាន និង​ភាគី​ដទៃទៀត​ចូលរួម និង​អនុវត្ត​ទៅតាម​បញ្ជា​។ លោក​បាន​ឲ្យ​ដឹងថា​៖
 
«​សូម​ឲ្យ​អ្នកលក់​ឱសថ​ហ្នឹង ព្រម​ទទួល​ធ្វើតាម​ការណែនាំ​របស់​ក្រសួង​។ យើង​មាន​មន្ត្រី​យើង​តាមឃ្លាំមើល គឺ​មន្ត្រី​យុត្តិធម៌​។ ប្រសិនបើ​យើង​ពិនិត្យ​ទៅ​ថា គាត់​មិន​ធ្វើតាម​ការណែនាំ​ទេ គាត់​អាច​ជួប​ការព្រមាន ឬ​អាច​ទៅ​ផ្លូវច្បាប់​យើង​មាន​ធរមាន​។ បើ​គាត់​ធ្វើ​ខុស​គោលការណ៍ យើង​អាច​ដក​អាជ្ញា​បណ្ណ​គាត់ ដែល​ប្រកបមុខរបរ​ហ្នឹង​បាន​»​។​

 
​ទោះបីជា​យ៉ាងណាក៏ដោយ លោក​វេជ្ជបណ្ឌិត លី សុវណ្ណ បាន​និយាយថា លោក​មិន​បានដឹង​នោះទេ​ថា​តើ​មកទល់ពេលនេះ មាន​ឱសថស្ថាន​សរុប​ប៉ុន្មាន​ហើយ​ដែល​ត្រូវបាន​ដកហូត​អាជ្ញា​បណ្ណ​ប្រកប​អាជីវកម្ម ដោយសារតែ​លក់​ថ្នាំ​ផ្សះ​ដោយ​គ្មាន​វេជ្ជបញ្ជា​។​

​លោក​បាន​អះអាងថា ស្ថានភាព​នាពេលនេះ​គឺ ល្អ​ជាង​មុន ប៉ុន្តែ​លោក​មិនមាន​ទិន្នន័យ​ដែល​លោក​អាច​ចែករំលែក​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​នោះទេ​។ លោក​លី សុវណ្ណ​បាន​និយាយថា​៖
 
«​យើង​បាន​ណែនាំ​ហើយ ដូច្នេះ​ការងារ​បន្ត​មានតែ​ការចូល​រួមគ្នា​ទេ ទាំង​ប្រជាពលរដ្ឋ​។ សំណូម​អ្នកសារព័ត៌មាន​ដែរ អាច​រាយការណ៍​ជូន ហើយ​ប្រជាពលរដ្ឋ​អាច​រាយការណ៍​ជូន​យើង​ដែរ​។ យើង​មាន​លេខ​ទូរ​សព្ទ​សម្រាប់​ទាក់ទង​មក​ក្រសួង​។ ការខិតខំ​ពី​ក្រសួងសុខាភិបាល និង​មន្ត្រី​ជំនាញ​គេ​ខិតខំ​ហើយ តែ​យើង​មិនអាច​ជោគជ័យ​១០០% ទេ បើ​មិនមាន​ការចូលរួម​ពី​យើងទាំងអស់គ្នា​» ។​

​កាន់តែ​ឆាប់ កាន់តែ​ល្អ​?

​អ្នកសារព័ត៌មាន VOA បាន​សាក​ទៅ​ទិញ​ថ្នាំ​នៅក្នុង​ឱសថស្ថាន​ចំនួន​បី​ផ្សេងគ្នា​នៅ​តំបន់​ផ្សេងៗ​ក្នុង​រាជធានី​ភ្នំពេញ និង​បាន​សួរ​ឱសថការី​ឲ្យ​ផ្តល់​ថ្នាំ​បំបាត់​អាកា​រៈ​ផ្តាសាយ ដែល​អាកា​រៈ​ផ្តាសាយ​នេះ​មិន​ត្រូវការ​ថ្នាំ​ផ្សះ​ទេ​។​
 
​ដោយ​មិនបាន​សួររក​ក្រដាស​វេជ្ជបញ្ជា​ពីដំបូង​ទេ ឱសថការី​បាន​ផ្សំ​ថ្នាំ​តែ​ប្រមាណ ១​ទៅ​២​នាទី ហើយ​ខ្ចប់​កញ្ចប់​ល្បាយ​ថ្នាំ​មួយ​កូន​ថង់​ផ្លា​ស្ទិ​ច ដែលមាន​ទៅដោយ​ថ្នាំ​⁠​ចម្រុះ​ពណ៌​⁠​គ្នា​។​
 

​ចំណោម​ឱសថស្ថាន​ទាំងបី ឱសថការី​ពីររូប​ក្នុង បានផ្តល់​ឲ្យ​ថ្នាំ cephalosporin ដែលជា​ថ្នាំ​ផ្សះ ឬ​អង់​ទី​ប៊ី​យ្យូ​ទិច ប្រភេទ​ខ្លាំង​មួយ ដែល​គួរតែ​ប្រើ​សម្រាប់​ការឆ្លង​រោគ​មួយ​ប្រភេទ ដែល​កម្រ​តែប៉ុណ្ណោះ​។​
 
​អ្នកសារព័ត៌មាន VOA⁠ ក៏បាន​សួរ​ទៅ​ឱសថការី ថា​តើ​មានបាន​ផ្សំ​ដាក់​ថ្នាំ​ផ្សះ នៅក្នុង​ថង់​ថ្នាំ​នោះដែរ ឬទេ ហើយ​រយៈពេល​នៃ​ការប្រើប្រាស់​ថ្នាំ​ផ្សះ ត្រូវ​ប្រើ​យ៉ាងណាដែរ​។​

​ឱសថការី​ទាំងពីរ​រូបនោះ​មានការ​ភ្ញាក់ផ្អើល​បន្តិច នៅពេល​ត្រូវបាន​សួរ​ច្រើនយ៉ាង​ដូច្នេះ​។ ម្នាក់​នៅក្នុង​ចំណោម​ពួកគេ បាន​និយាយថា «​មិន​អី​ទេ​» នៅក្នុង​ការប្រើប្រាស់​ថ្នាំ​ផ្សះ​សម្រាប់​រយៈពេល​ពីរ​ថ្ងៃ ។​
 

«​ថែមទៀត​យក​ប្រាំ​ថ្ងៃ​ទៅ​។ [...] វា​មិន​អី​ទេ​[​ពីរ​ថ្ងៃ​] តែបើ​មាន​លុយ​ទិញ​ផឹក​ថែម ៣​ថ្ងៃ​ទៀត​ទៅ បើ​បាត់​ក្អក​ញ៉ាំ តែ​ថ្នាំ​ផ្សះ​តែ​វា​ហ្នឹង​ក៏បាន​»​។​
 

​វា​ក្លាយជា​រឿង​ធម្មតា ដែល​នៅតាម​ឱសថស្ថាន​នៅ​កម្ពុជា អ្នកជំងឺ​កម្រ​នឹង​ទទួលបាន​ព័ត៌មាន​ច្បាស់​នៅក្នុង​ការប្រើប្រាស់​ថ្នាំ​ឲ្យ​បាន​ត្រឹមត្រូវ​។​
 
​យោងទៅតាម​របាយការណ៍​ស្រាវជ្រាវ​ឆ្នាំ ២០១៧ របស់លោក​ឆ​វ័​ន្ត ក្រោម​ប្រធានបទ​«​ការប្រើប្រាស់​ថ្នាំ​ផ្សះ​មិន​ត្រឹមត្រូវ​នៅក្នុង​សហគមន៍​ប្រជាជន​កម្ពុជា​»⁠ បាន​ឲ្យ​ដឹងថា ថ្នាំ​ផ្សះ​ត្រូវបាន​ចែកចាយ​យ៉ាង​ទូលំទូលាយ​នៅតាម​តំបន់​ទីក្រុង និង​ជនបទ​ដោយមាន​ចាប់ពី​គិលានុបដ្ឋាក​នាយិកា រហូតដល់​គ្រូពេទ្យ​មិន​ផ្លូវការ ដែល​គេ​ហៅថា «​ពេទ្យ​ភូមិ​»​។​⁠ ពេទ្យ​ភូមិ​ជា គ្រូពេទ្យ​ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល​តិចតួច​ប៉ុណ្ណោះ ហើយ​ពេលខ្លះ​តាំងពី​ជំនាន់​ខ្មែរក្រហម​មក​ម្លេ​៉ះ​។​

​លោក ឆ​វ័​ន្ត និង​សហ​និពន្ធ​របស់លោក​បាន​រកឃើញ​ថា «​ពេទ្យ​ភូមិ​» តែងតែ​ផ្តល់នូវ​ថ្នាំ​ផ្សះ​ប្រភេទ​ខ្លាំង​ដូចជា ថ្នាំ fluoroquinolones និង cephalosporins ដោយ​មិនមាន​ហេតុផល​ត្រឹមត្រូវ​។ លោក ឆ​វ័​ន្ត និង​ក្រុមការងារ​បាន​ជួប​ជាមួយនឹង​ប្រជាជន​តាម​ភូមិ ដែល​ពួកគេ​ទម្លាប់​នឹង​រក​ទិញ​ថ្នាំ​ផ្សះ ដោយ​ពួកគេ​ហៅ​ឈ្មោះ​កាត់​ដូចជា «Pen» សម្រាប់ penicillion, «​អា​មុក​» សម្រាប់ amoxicillin, «​អាំ​ពី​» សម្រាប់ (ampicillin), «​តេ​ត្រា​» សម្រាប់ tetracycline​និង «​ខូ​ទ្រី​ម​» សម្រាប់ cotrimoxazole​។​
 
​ប្រជាជន​មួយចំនួន​ជឿថា ថ្នាំ​ផ្សះ​គួរតែ​ត្រូវ​ប្រើ​សម្រាប់​រាល់​បញ្ហា​សុខភាព ដែល​រួមមាន​⁠ បញ្ហា​រលាក​មិន​ច្បាស់លាស់ ដែល​មិន​ទទួលបាន​ការធ្វើ​រោគវិនិច្ឆ័យ​ត្រឹមត្រូវ​។​
 
​នៅក្នុង​របាយការណ៍រ​បស់​លោក​ឆ​វ័​ន្ត អ្នកភូមិ​ម្នាក់​បាន​និយាយប្រាប់​ទៅ​ក្រុម​អ្នកស្រាវជ្រាវ​ថា «​ឧទាហរណ៍​៖​ថ្នាំ Ampi និង​ថ្នាំ Amox នៅពេលដែល​ខ្ញុំ​តឹង​ច្រមុះ វា​ជួយ​កាត់បន្ថយ​អាកា​រៈ​តឹង​ច្រមុះ​»​។​
 
​លោក ឆ​វ័​ន្ត បាន​ប្រាប់ VOA⁠ ថា បញ្ហា​គឺ មិនមែន​ត្រឹមតែ​ជាមួយនឹង «​ពេទ្យ​ភូមិ​» ប៉ុណ្ណោះ​ទេ ហើយ​លើសពី​ទៅទៀត គ្រូពេទ្យ​ដែលមាន​អាជ្ញា​បណ្ណ​បញ្ជាក់​ត្រឹមត្រូវ​មួយចំនួន តែងតែ​មិន​ធ្វើតេស្ត​ជាមុនសិន​ទេ ដើម្បី​កំណត់ថា ជំងឺ​នោះ​គឺ ពិតជា​បង្កឡើង​ដោយ​បាក់តេរី​មែន ឬ​មិនមែន​។ លោក​ឆ​វ័​ន្ត​បាន​និយាយថា​៖
 
«​រាល់ថ្ងៃ​ហ្នឹង មន្ទីរពេទ្យ​ខ្លះ​មាន មន្ទីរពិសោធន៍​ជីវ​វេជ្ជសាស្ត្រ តែ​គ្រូពេទ្យ​យើង​អត់​ប្រើ​។ មាន​កត្តា​ច្រើន​ដែល​គាត់​មិន​ប្រើ​។ ទី​១ ពេទ្យ​ហ្នឹង​ចេញ​ធ្វើការ​ជាង ២០ ទៅ​៣០ ឆ្នាំ​ហើយ គាត់​មិនសូវ​ខ្វល់​រឿង​ហ្នឹង​ទេ​។ គាត់​ព្យាបាល​មើល​តែ​ល្មមៗ​ដាក់​ថ្នាំ​ផ្សះៗ មិន​ខ្វល់​មេរោគ​អី​ជា​មេរោគ​អី​ទេ​។ ហើយ​គាត់​រក​ថ្នាំ​ផ្សះ​ណា ដែល​ទូលាយ ដែល​ដាក់​មួយ​គ្រាប់​ទៅ​អាច​គ្រប [​សម្លាប់​] ១០​មេរោគ​អី​ហ្មង​។ គាត់​មិនសូវ​រវីរវល់​ជាមួយ​មន្ទីរពិសោធន៍​ជីវ​វេជ្ជសាស្ត្រ​ទេ​។ ទី​២ គាត់​ថា​ចំណាយពេល​យូរ​»​។​
 
​ប្រជាជន​មួយចំនួន​ក៏​ជឿ (​ដោយ​យល់ច្រឡំ​) ថា «​ថ្នាំ​ផ្សះ​» ឬ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច​គឺជា​ប្រភេទ​ថ្នាំ ដែល​អាច​ព្យាបាល​បាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​ជាង​ថ្នាំ​ដទៃទៀត​។​

​អាស្រ័យហេតុនេះ បានជា អ្នកស្រី ហង់ សំអាង វ័យ​៧០​ឆ្នាំ និយាយថា លោកស្រី​តែងតែ​ឈប់​ប្រើប្រាស់​ថ្នាំ​ផ្សះ ភ្លាម នៅពេល​អ្នកស្រី​មាន​អារម្មណ៍​ធូរស្បើយ​បន្តិច​។ អ្នកស្រី​បាន​ថ្លែងថា ឱសថការី​នៅ​ក្រុងភ្នំពេញ​បាន​ឲ្យ​យោបល់​អ្នកស្រី​ថា «​ការប្រើប្រាស់​ថ្នាំ​ច្រើនពេក​» គឺ​មិនល្អ​សម្រាប់​សុខភាព ហើយ​ការឈប់​ប្រើប្រាស់​ថ្នាំ​ផ្សះ​ភ្លាមៗ ក្រោយ​មាន​អាកា​រៈ​ធូរស្បើយ​បន្តិច គឺជា រឿង​ល្អ​។​
 
​អ្នកស្រី ហង់ សំអាង កាន់​កញ្ចប់​ផ្លា​ស្ទិ​ច ដែលមាន​ថ្នាំ​ច្រើន​មុខ​នៅក្នុង​ដៃ ក្នុងនោះ​មាន​ទាំង​ថ្នាំ​ផ្សះ​បាន​និយាយប្រាប់ VOA ក្នុងន័យ​ដើម​យ៉ាង​ដូច្នេះ​៖
 
«​មិនដឹង​ដែរ ផ្តាសាយ​ឈឺ​លេប អា​មុក amoxicillin មួយ​គ្រាប់​ពីរ​គ្រាប់​ទៅ​បាត់​ហើយ​។ មិន​ចូលចិត្ត​ប្រើ​ថ្នាំ​ច្រើន តែ​រៀង​បាត់​ឈឺ​ក៏​ឈប់​លេប​ហើយ​»​។​
 
​ជាការ​ពិត អ្វីៗ​ដែលជា​ទម្លាប់ និង​ជាការ​យល់ដឹង​អំពី​ថ្នាំ​ផ្សះ​របស់​ប្រជាជន​ទូទៅ គឺ​ផ្ទុយ​ស្រលះ​ពី​សេចក្តីណែនាំ ដែល​ត្រឹមត្រូវ​នៅក្នុង​ការប្រើប្រាស់​ថ្នាំ​ផ្សះ​។​
 
​អ្នកជំងឺ​ត្រូវតែ​លេបថ្នាំ​ឲ្យ​គ្រប់​តាម​វេជ្ជបញ្ជា ហើយ​មិនត្រូវ​ឈប់​ប្រើ​ឡើយ នៅពេលដែល​ពួកគេ​គ្រាន់​តែមាន​អារម្មណ៍​ធូរស្បើយ​ភ្លាម​។ ការប្រើប្រាស់​ថ្នាំ​ផ្សះ​មិន​ត្រឹមត្រូវ គឺ​ធ្វើ​ឲ្យ​ថ្នាំ​ផ្សះ​មិនមាន​លទ្ធភាព​ខ្ពស់​នៅក្នុង​ការប្រឆាំង​មេរោគ ដោយសារតែ​បាក់តេរី​ដែល​ទន់ខ្សោយ​អាច​ងាប់​ភ្លាមៗ​⁠ ប៉ុន្តែ​បាក់តេរី​ដែល​ខ្លាំង​អាច​នៅរស់​ហើយ​បន្ត​បង្កើន​ចំនួន​របស់​វា​។​
 
​ផ្នែក​មួយ​នៃ​បញ្ហា​សាកល​
 
​មនុស្ស​ប្រមាណ ៧០ ម៉ឺន​នាក់​ទូទាំង​ពិភពលោក ស្លាប់​ជា​រៀងរាល់ឆ្នាំ ដោយសារតែ​ការឆ្លង​ជំងឺ​ដែលមាន​មេរោគ​របស់​វា​ស៊ាំ​ទៅនឹង​ថ្នាំ​ផ្សះ ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ នេះ​បើ​យោងតាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក​។ អង្គការ​នេះ​ព្យាករណ៍​ថា ចំនួន​អ្នកស្លាប់​ដោយសារ​បញ្ហា​នេះ នឹង​កើន​ឡើងដល់​១០​លាន​នាក់​ក្នុង​មួយឆ្នាំ នៅ​ឆ្នាំ ២០៥០​ខាងមុខ​។ ហើយ​ក្នុងនោះ ការប្រើប្រាស់​ថ្នាំ​ផ្សះ ដោយ​គ្មាន​ការគ្រប់គ្រង​ត្រឹមត្រូវ រួមចំណែក​បង្ក​ឲ្យ​ភាពស៊ាំ​នឹង​ថ្នាំ​ផ្សះ​ក្លាយជា​វិបត្តិ​សុខភាព​សាកល​។​
 
​ទិន្នន័យ​អំពី​ភាពស៊ាំ​នឹង​ថ្នាំ​ផ្សះ​នៅ​កម្ពុជា​នៅ​មិនទាន់មាន​គ្រប់ ដែល​នៅមាន​លក្ខណៈ​ខ្សោយ​នៅឡើយ នេះ​មានន័យថា កម្ពុជា​នៅ​ពុំ​ដឹង​ច្បាស់​អំពី​ទំហំ​បញ្ហា​នៃ​ភាពស៊ាំ​នឹង​ថ្នាំ​ផ្សះ ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​ខ្លួន​នោះទេ​។​
 
​កម្មវិធី​តាមដាន​លើ​ភាពស៊ាំ​នឹង​ថ្នាំ​ផ្សះ ដែល​ចាត់ចែង និង​អនុវត្ត​ផ្ទាល់​ដោយ​រាជរដ្ឋាភិបាល គឺ​កំពុង​ស្ថិតនៅ​ដំណាក់កាល​ប្រមូល​ទិន្នន័យ​លើកដំបូង ហើយ​គេ​ពុំទាន់​មាន​ទិន្នន័យ​សរុប​ទេ​ក្នុងឆ្នាំនេះ​។ តែ​ទោះជា​យ៉ាង​ក៏ដោយ គេ​ឃើញថា​ការសិក្សា​ជា​លក្ខណៈ​បុគ្គល និង​ដោយ​ឯករាជ្យ​ពី​រដ្ឋាភិបាល  រួមទាំង​ការអង្កេត​ទៅលើ​ករណី​កើតឡើង​ដោយផ្ទាល់​នានា បានបង្ហាញ​ជាក់ស្តែង​រួចទៅហើយ អំពី​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​បញ្ហា​នេះ​។​

​នៅ​ឆ្នាំ ២០១១  មាន​១០% នៃ​ករណី​ជំងឺរបេង​នៅ​កម្ពុជា ត្រូវបាន​គេ​រកឃើញថា មានការ​ស៊ាំ​ទៅនឹង​ថ្នាំ​ផ្សះ​ជាច្រើន​មុខ ដែល​នេះ​មានន័យថា គេ​ពិបាក​រក​ថ្នាំ​ផ្សះ​ណាមួយ ដែលមាន​ប្រសិទ្ធភាព​មក​ព្យាបាល​ជំងឺរបេង​នេះ​បាន​។ កាលពី ១០ ឆ្នាំ​មុននេះ​គឺ​នៅ​ឆ្នាំ ២០០១ មានតែ​ប្រមាណ ៣,១% ប៉ុណ្ណោះ​ដែលមាន​ករណី​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​ព្យាបាល​ជំងឺរបេង​។​
 
​ការសិក្សា​ស្រាវជ្រាវ​បន្តបន្ទាប់​មកទៀត​នៅក្នុង​ឆ្នាំ​២០១៥  ដែល​តាមដាន​បន្ថែម​លើ​ការស្រាវជ្រាវ​កាលពី​គ្រា​មុន គេ​បាន​អំពាវនាវ​ឲ្យ​មាន​ជាបន្ទាន់​នូវ​ការបន្ត​ឃ្លាំមើល​ថ្នាក់ជាតិ​ទៅលើ​មេរោគ​របេង ដែល​បាន​ស៊ាំ​នឹង​ឱសថ​នានា ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​នេះ ពីព្រោះថា គេ​ឃើញ​មាន សញ្ញាណ​នៃ​ការ​រាលដាល​នៅក្នុង​ចំណោម​ប្រជាជន​កម្ពុជា​។​
 
​ការសិក្សា​មួយ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​នៅ​ខេត្តសៀមរាប ដែល​ធ្វើឡើង​រយៈពេល​១០ ឆ្នាំ គឺ​ពី​ឆ្នាំ​២០០៧ ទៅ​ឆ្នាំ ២០១៦ និង​បានបង្ហាញ​លទ្ធផល​ក្នុង​ខែឧសភា​បាន​ឲ្យ​ដឹងថា មាន ៨២% ភាគរយ​នៃ​វីរុស E. coli និង K. pneumoniae នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​នោះបាន​ស៊ាំ​នឹង​ថ្នាំ​ជាច្រើន​មុខ​ទៅហើយ​។​
 
​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ក៏បាន​បង្ហាញ​ពី​ការព្រួយបារម្ភ​ផងដែរ តាមរយៈ​សេចក្តីថ្លែងការណ៍​នាពេល​ថ្មីៗ​នេះ​ថា ខ្លួន​បាន​រកឃើញ​កម្រិត​ខ្ពស់​នៃ​ភាពស៊ាំ​នឹង​ថ្នាំ​ទៅលើ​ប្រភេទ​បាក់តេរី​មួយចំនួន។​
 
​ការស្រាវជ្រាវ​ដែលមាន​រយៈពេល ៤ ឆ្នាំ​របស់​វិទ្យាស្ថាន​នេះ ដែល​ចាប់ផ្តើម​ពី​ឆ្នាំ ២០១២ រកឃើញថា សន្ទុះ​នៃ​ការកើនឡើង​នូវ​ប្រភេទ​បាក់តេរី  Enterobacteria  គឺ​កើន​ពី 23,8% ដល់ 38,4% នៅក្នុង​សំណាក ដែល​គេ​បានធ្វើ​តេស្ត​សាកល្បង​។ កំណើន​នេះ​មានន័យ សន្ទុះ​នៃ​ភាពស៊ាំ​នឹង​ថ្នាំ​ផ្សះ​ដែល​គេ​ប្រើ​សម្រាប់​ទប់​បាក់តេរី​ទាំងនោះ កើនឡើង​យ៉ាង​លឿន ដែលជា​បញ្ហា​ប្រឈម​នៃ​ប្រសិទ្ធភាព​ថ្នាំ​ផ្សះ​។​
 
​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​បំផុត​នោះ​គឺ ៨០% ភាគរយ​នៃ​ស្ត្រី​មាន​ផ្ទៃពោះ និង ៤២% នៃ ទារក​ដែល​ត្រូវបាន​ធ្វើតេស្ត ដោយ​វិទ្យាស្ថាន​នេះ បាន​ផ្ទុក​ប្រភេទ​បាក់តេរី Enterobacteria ដែល​នៅ​បណ្តា​ប្រទេស​អឺរ៉ុប គឺមាន​ចំនួន​តិចជាង ៥%​នៃ​ស្ត្រី និង​ទារក​ប៉ុណ្ណោះ នេះ​បើ​យោងតាម​ការប្រៀបធៀបរ​បស់​វិទ្យាស្ថាន​។​
 
​អ្នកស្រី Alexandra Kerleguer ជីវ​វិទូ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​ឲ្យ​ដឹងថា​តាម​សេចក្តីថ្លែងការណ៍​របស់​វិទ្យាស្ថាន​ថា «​ការកើនឡើង​នៃ​បាក់តេរី ដែល​ស៊ាំ​នឹង​ថ្នាំ​ទាំងអស់នេះ អាច​នាំទៅរក​ភាព​ការជាប់គាំង​នៃ​ការព្យាបាល​»​។​

​ជីវ​វិទូ​រូបនេះ​បន្តទៀតថា នៅពេល​គាត់ មកដល់​រាជធានី​ភ្នំពេញ​ជា​លើកដំបូង គាត់​មានការ​ភ្ញាក់ផ្អើល​ចំពោះ ទំហំ​ភាពស៊ាំ​របស់​មេរោគ ប្រឆាំង​ទៅនឹង​ថ្នាំ​ផ្សះ ដែល​កើត​មាននៅ​ប្រទេស​កម្ពុជា​គឺមាន​ធ្ងន់ធ្ងរ​ជាង​នៅ​ប្រទេស​បារាំង​របស់គាត់​។​

​លោក​វេជ្ជបណ្ឌិត ផែ ថុង នៃ​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តីសង្ឃឹម នៅ​រាជធានី​ភ្នំពេញ​បាន​ប្រាប់ VOA ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ លោក​បានឃើញ​អ្នកជំងឺ​ជាច្រើន ដែល​កើត​ជំងឺឆ្លង ដែល​បង្កដោយ​បាក់តេរី កំពុង​ប្រឈម​នឹង​បញ្ហា ដែលថា​បាក់តេរី​ទាំងនោះ​ស៊ាំ​ទៅនឹង​ថ្នាំ​។ ហើយ​លោក​បាន​កត់សម្គាល់ឃើញ​ថា មាន​កម្រិត​ខ្ពស់​។​

​លោក​វេជ្ជបណ្ឌិត​រូបនេះ បន្តទៀតថា មាន​ករណីខ្លះ​អ្នកជំងឺ​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​ស្ទើរតែ​ទាំងអស់​ដែល​មាននៅ​កម្ពុជា​។ លោក​ថា លោក​ពុំដែល​ជួប​ករណី​យ៉ាង​ដូច្នេះ​សោះឡើយ​មុន​ឆ្នាំ ២០១៣​។​

​លោក​បាន​មានប្រសាសន៍ថា​៖

 
«​នៅទីនេះ​យើង​ជួបប្រទះ មេរោគ​មួយចំនួន ដែល​យើង​ឃើញថា វា​ស៊ាំ​ទៅនឹង​ថ្នាំ​ទាំងអស់ ដែលមាន​នៅក្នុង​ស្រុក​ខ្មែរ​យើង​។ អញ្ចឹង យើង​អត់​មាន​ថ្នាំ​ព្យាបាល​គាត់​បាន ដែលជា​ចំណុច​ពិបាក​។ ពីមុនៗ យើង​អត់​ទាន់ ដែលមាន​ទេ អាច​ថា​មុន ២០១៤ ឬ​២០១៣​អត់​ទាន់​មាន​ទេ​។ ក្រោយ​២០១៤ ឬ ២០១៥​អី​មក យើង​ឃើញ​មាន​ស៊ាំ​ថ្នាំ ដែល​អាច​ពិបាក​រក​ថ្នាំ ដើម្បី​ព្យាបាល​»​។​

​ជំងឺ​រលាក​សួត និង​ជំងឺ​គ្រុនពោះវៀន​ជា ប្រភេទ​ជំងឺ​ដែល​ពិបាក​ក្នុងការ​ព្យាបាល​បំផុត​នៅ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន ដោយសារតែ​បាក់តេរី​ដែល​បណ្តាល​ឲ្យ​កើត​ជំងឺ​ទាំងពីរ​នេះ​មាន​ភាពស៊ាំ​ខ្លាំង​ចំពោះ​ថ្នាំ​ផ្សះ ដែលមាន​ស្រាប់​ដូចជា ciprofloxacin និង fluoroquinolone​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក វេជ្ជបណ្ឌិត ផែ ថុង​។​

​បញ្ហា​នេះ​ទំនង​ធ្វើ​ឲ្យ​គ្រូពេទ្យ​នៅ​គ្រប់​ទីកន្លែង​មាន​ភាពលំបាក​ខ្លាំង​។ ហើយ​នៅ​កម្ពុជា អ្វីដែល​ពិបាក​មួយកម្រិត​ទៀត​នោះ​គឺថា ថ្នាំ​ផ្សះ​ជួរ​ទី​បី ដែល​គេ​ត្រូវការ​សម្រាប់​ប្រឆាំង​បាក់តេរី​ទាំងនោះ​ជារឿយៗ​មិនអាច​រកបាន ឬ​មានតម្លៃ​ថ្លៃ​ខ្លាំង​។ ហើយ​ប្រភេទ​ថ្នាំ​ផ្សះ​ទាំងនោះ​ក៏​តម្រូវឱ្យ​អ្នកជំងឺ​ប្រកាន់ខ្ជាប់​នូវ​ការព្យាបាល​យ៉ាង​ម៉ត់ចត់ ដែល​តម្រូវ​ឲ្យ​គាត់​សម្រាក​នៅ​មន្ទីរពេទ្យ​។ ហានិភ័យ​នោះ​គឺថា បាក់តេរី​ដែល​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​នោះ​វិ​វត្ត ហើយ​ស៊ាំ​នឹង​ថ្នាំ​ផ្សះ ដែល​ខ្លាំង​បំផុត ដែល​ចុងក្រោយ​ធ្វើ​អ្នកជំងឺ​ស្ទើរតែ​មិនអាច​ប្រយុទ្ធប្រឆាំង​បាន​។​

​លោក វេជ្ជបណ្ឌិត ផែ ថុង​បន្តថា​៖ 

«​អ្នកមួយ​ចំនួន​មាន​ឆ្លងកាត់​ការប្រើប្រាស់​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិច​មួយចំនួន​រួច​ហើយពី​សហគមន៍ ឬ​ពី​គ្លីនិក​តាម​ខេត្ត​អី​មក​។ នៅទីនេះ​យើង​មានការ​លំបាក​ក្នុងការ​ជ្រើសរើស​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិច​ថា ជ្រើសរើស​កម្រិត​ណាមួយ​។ ពេលខ្លះ​មានការ​ពិភាក្សា​គ្នាច្រើន​ពី​ក្រុមគ្រូពេទ្យ​យើង​ហ្នឹង​ថា គួរប្រើ​មួយណា​»​។​

​តម្រូវការ​ព័ត៌មាន​យ៉ាងខ្លាំងបំផុត​

​រាល់​ការស្រាវជ្រាវ​អំពី​ភាពស៊ាំ​នឹង​ថ្នាំ​ផ្សះ​នៅ​កម្ពុជា​បាន​សង្កត់ធ្ងន់ថា កម្ពុជា​ត្រូវការ​ប្រព័ន្ធ​ឃ្លាំមើល​ថ្នាក់ជាតិ ដែល​ច្បាស់លាស់​ជាបន្ទាន់ ប៉ុន្តែ​ទោះជា​យ៉ាងណា ការចាប់ផ្តើម​អនុវត្ត​ប្រព័ន្ធ​ឃ្លាំមើល​នៅ​យឺតយ៉ាវ​នៅឡើយ​។​

​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តីសង្ឃឹម រួមទាំង​មន្ទីរពេទ្យ​ចំនួន ៣​ផ្សេងទៀត​នៅ​រាជធានី​ភ្នំពេញ និង​៤​មន្ទីរពេទ្យ​ទៀត​នៅតាម​ខេត្ត បាន​ចូលរួម​អនុវត្ត​កម្មវិធី​របស់​អង្គការ​សុខភាព​ពិភពលោក​មួយ ដើម្បី​តាមដាន និង​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពស៊ាំ និង​ថ្នាំ​ផ្សះ ដែល​ហៅ​កាត់​ថា GLASS​។​

​ទោះបីជា​កម្មវិធី​នេះ​ត្រូវបាន​បង្កើតឡើង​យូរ​ឆ្នាំ​មកហើយ​ក៏ដោយ ក៏​កម្ពុជា​ទើបបាន​ចាប់ផ្តើម​ប្រមូល​ទិន្នន័យ​នៅក្នុង​ខែមករា ឆ្នាំ​២០១៨ នេះ​ប៉ុណ្ណោះ​។ មកទល់​បច្ចុប្បន្ន មានតែ​មន្ទីរពេទ្យ​ចំនួន​៨ ប៉ុណ្ណោះ​ដែលមាន​បរិក្ខារ​គ្រប់គ្រាន់​សម្រាប់​ការធ្វើ​តេស្ត​ចាំបាច់ ដើម្បី​រក​បាក់តេរី​ដែល​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​នេះ បានបង្ហាញ​អំពី​ជម្រៅ​នៃ​បញ្ហា​ប្រឈម ដែលមាន​ជា​ចម្បង​។​

​វេជ្ជបណ្ឌិត​ដដែល ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ បាន​ចូលរួម​ការងារ​លើ​ការប្រយុទ្ធ​បញ្ហា ភាពស៊ាំ​នឹង​ថ្នាំ​ផ្សះ បាន​ប្រាប់ VOA ថា ល្គិ​កណា​កម្ពុជា​គ្មាន​ស្ថិតិ​ច្បាស់លាស់ ដែល​អាច​បង្ហាញ​អំពី​វិសាលភាព​នៃ​ភាពស៊ាំ​នឹង​ថ្នាំ​ផ្សះ​នោះទេ ការបង្កើត​ផែនការ​ថ្នាក់ជាតិ ដើម្បី​គ្រប់គ្រង​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​គឺ មិនអាច​កើតឡើង​នោះទេ​។​

«​នៅទេ អត់​មាន​ទេ guideline [​ម​គ្គុ​ទេស​ព្យាបាល​ជំងឺ​ដោយ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ថ្នាក់ជាតិ​] ដើម្បី​ជួយ guide ដល់​គ្រូពេទ្យ​ព្យាបាល ថា​តើ​ជំងឺ​អី​ត្រូវការ​ព្យាបាល ដោយ​ប្រើប្រាស់​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិច​មួយ​។ អត់​ទាន់​ធ្វើ​ទេ នៅទេ ព្រោះ​ទិន្នន័យ​យើង​អត់​ទាន់​គ្រប់គ្រាន់​។ ទាល់តែ​យើង​ប្រមូល data បន្ថែម​ពីរ បី​ឆ្នាំ​ថែមទៀត ទើប​អាច​គ្រប់​នឹង​បង្កើត guideline»​។ 
​លោក​បន្តទៀតថា​៖ «​ការងារ​ហ្នឹង​ត្រូវការ​រដ្ឋាភិបាល​គាត់​ប្រឹងប្រែង​ណាស់​»​។​

​ខណៈដែល​កម្ពុជា បាន​ចូលរួម​ក្លាយជា​សមាជិកភាព​ក្នុង​កម្មវិធី​មួយ តាមដាន​និង​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពស៊ាំ​នឹង​ថ្នាំ​ផ្សះ ដែល​ហៅ​កាត់​ថា GLASS របស់​អង្គការ​សុខភាព​ពិភពលោក ក្រោម​ការផ្តួចផ្តើម​រប​ស់​ប្រទេស ស៊ុយអែត ក៏មាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ជំនាញ​ដោយ​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​របស់​សហរដ្ឋ​អាមេរិក​ផងដែរ​។​

អានបន្ត...


© រក្សាសិទ្ធិដោយ thmeythmey.com