សុខភាព
«​ថ្នាំ​ផ្សះ​» ឬ «​ថ្នាំ​អង់​ទី​ប៊ី​យ្យូ​ទិច​» (Antibiotics) កំពុង​បង្ក​ផលវិបាក​ដល់​សុខភាព​សាធារណៈ​នៅ​កម្ពុជា​ (តចប់)
07, Oct 2018 , 1:39 pm        
រូបភាព
ដោយ: VOA
ថ្នាក់ដឹកនាំ​វិស័យ​សុខាភិបាល ក្រុមគ្រូពេទ្យ និង​អ្នកជំនាញ ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​វិស័យនេះ​គួរតែ​ផ្លាស់ប្តូរ​ឥរិយាបថ និង​ទម្លាប់​នៃ​ការអនុវត្ត​ក្នុងការ​ព្យាបាល និង​ផ្សំ​ថ្នាំ​របស់​ពួកគេ​ឲ្យ​បាន​សិន មុន​ពេលដែល​ពួកគេ​រំពឹងថា ឲ្យ​អ្នកជំងឺ​ផ្លាស់ប្តូរ​ការគិត ឥរិយាបថ​ប្រើប្រាស់​ថ្នាំ និង​យល់ដឹង​លើ​បញ្ហា​ភាពស៊ាំ​នៃ​ថ្នាំ​ផ្សះ​។​

 
​វេជ្ជបណ្ឌិត ផែ ថុង បាន​ឲ្យ​ដឹង​ដែរ​ថា​៖
 
«​ភាពស៊ាំ នឹង​ថ្នាំ​ផ្សះ ឬ​អង់​ទី​ប៊ី​យូ​ទិច​នេះ​ជា​បញ្ហា​សាកល​។ ប្រទេស​ខ្លះ​មាន​កម្រិត​ភាពស៊ាំ​ធ្ងន់ធ្ងរ ខ្លះ​ស្រាល​។ វា​ជា​បញ្ហា​ប្រឈមមុខ​ទាំងអស់គ្នា គ្រាន់តែ​ថា នៅ​ស្រុក​ណា ដែល​គេ​ប្រើប្រាស់​បាន​ត្រឹមត្រូវ មានច្បាប់​ទម្លាប់​ប្រើប្រាស់​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិច​ហ្នឹង​បានល្អ​ទៅ កម្រិត​ស៊ាំ​ហ្នឹង​អាច​តិចជាង​។ ឧទាហរណ៍ ដូច​នៅ​បណ្តា​ប្រទេស​អឺរ៉ុប គេ​មានការ​គ្រប់គ្រង​ការប្រើប្រាស់​ត្រឹមត្រូវ យើង​វា​[​ប្រឈមមុខ​]​ខ្ពស់​ជាងគេ​។ ក្នុង​តំបន់ វា​ប្រហែលជា​មិនសូវ​ខុសគ្នា​ទេ​»​។​
 
​លោក សាន់ រស់ វ័យ ៥១ ឆ្នាំ បានធ្វើ​ដំណើរ​ជាង ២​ម៉ោង​ពី​ខេត្តកំពង់ចាម មក​ទីក្រុង​ភ្នំពេញ ដើម្បី​ទិញ​ថ្នាំ​មួយចំនួន​ដែល​លោក​ពុំ​អាច​រកបាន​នៅក្នុង​ភូមិ​របស់លោក​។ លោក​កំពុង​ឈរ​ចាំ​ឱសថការី​រៀបចំ​ថ្នាំ​សម្រាប់ ដែល​លោក​មក​ទិញ​ទុក​ឲ្យ​ភរិយា​។​
 
​លោក​បាន​ឲ្យ​ដឹងថា ជាធម្មតា​ពេលណា​ដែល​លោក​ឈឺ លោក​តែងតែ​ផឹកថ្នាំ​ដែល​ពេទ្យ​ភូមិ​របស់លោក​ប្រាប់​ផ្សំ​ឲ្យ​។ លោក​បន្ថែមទៀតថា លោក​ពុំបាន​ចាប់អារម្មណ៍​ថា ថ្នាំ​ទាំងនោះ​ជា​ថ្នាំ​អ្វីខ្លះ​ទេ ហើយ​ជួនកាល​ពួកគេ​មិនមាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​លោក​ឲ្យ​សះស្បើយ​ទេ ក៏ប៉ុន្តែ​គាត់​ជឿថា ពេទ្យ​ភូមិ​ដែល​គាត់​ស្គាល់គ្នា និង​ចេះ​ផ្សំ​ថ្នាំ អាច​ផ្សំ​ថ្នាំ ដែល​ល្អ​បំផុត​សម្រាប់​លោក​។​
 
«​ខ្ញុំ​ទិញ​ថ្នាំ​នៅ​ពេទ្យ នៅតាម​ខេត្ត គេ​មាន​ពេទ្យ​ភូមិ ពេទ្យ​ឃុំ​ទៅណា​។ ខ្ញុំ​ប្រាប់​គេ​ថា​ខ្ញុំ​ឈឺក្បាល​វិលមុខ​អញ្ចឹង​ទៅ គេ​ផ្សំ​តាម​ហ្នឹង​ឲ្យ​មក​។ បើ​លេប​ទៅ​ត្រូវ មិនត្រូវ គឺ​ធម្មតា​អញ្ចឹង​ដែរ ដូច​ថា ជួន​ត្រូវ ជួន​អត់​អញ្ចឹង​ដែរ​»​។​
 
​មកទល់​បច្ចុប្បន្ននេះ ពេទ្យ​ភូមិ​នៅតែ​បន្ត​ចែកចាយ និង​ផ្សំ​ថ្នាំ​ផ្សះ ដែល​ប្រជាជន​ទូទៅ​យល់ថា​ជា «​ថ្នាំខ្លាំង​» ដែល​ឲ្យ​ពួកគេ​ឆាប់​ជា​។ ប្រជាជន​កម្ពុជា​ជាច្រើន​ទូទាំងប្រទេស​នៅតែ​បន្ត​ប្រើប្រាស់​ថ្នាំ​ផ្សះ ដោយ​ពុំ​ទទួលបាន​ការពន្យល់​ពី​របៀប​ប្រើប្រាស់​បានច្បាស់លាស់​។ ឯ​បាក់តេរី​វិញ​នៅតែ​បន្ត​វិ​វត្ត និង​បង្កើន​ភាពស៊ាំ​របស់​វា​ខ្លាំង​ឡើងៗ​នៅក្នុង​រាងកាយ​ប្រជាជន​កម្ពុជា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com