ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បុណ្យភ្ជុំបិណ្ឌ
សេដ្ឋកិច្ច
ធ្វើយ៉ាងម៉េចឲ្យភ្ជុំបិណ្ឌហើយ នៅសល់លុយដល់ដាច់ខែ!
× ជារឿយៗ នៅពេលពិធីបុណ្យបានបញ្ចប់ យុវជនមួយចំនួនតែងរអ៊ូរឿងអស់ថវិកាសម្រាប់ចាយវាយក្រោយបុណ្យ ទម្រាំតែបើកប្រាក់ខែសម្រាប់ខែថ្មី។ ពិតហើយថាត្រូវចាយវាយក្នុងកំឡុងបុណ្យទានម្ដងៗ។ ទៅលេងស្រុកជួបជុំបងប្អូន ឳពុកម្ដាយ ទៅវត្ត ដើរកម្សាន្ត ជប់លៀងតិចតួចជាមួយមិត្តភក្ដិជាដើម។ អ្វីទាំងនេះសុទ្ធតែត្រូវចំណាយ។
ប៉ុន្តែបើចាយដៃទូលាយពេក ច្រើនពេក ការលំបាកនឹងកើតមាននៅពេលក្រោយ។ អ្នកខ្លះត្រូវសុំលុយឳពុកម្ដាយ ឬខ្ចីគេ ត្រឡប់មកទីក្រុងវិញ ទម្រាំបើកប្រាក់ខែ ឬរកលុយបាន។
លោក ង៉ែត ជូ អ្នកជំនាញ និងជាអ្នកចូលចិត្តចែករម្លែកពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ បានលើកឡើងថា ការចាយវាយដែលមិនបានគិតគូរបានត្រឹមត្រូវ នឹងបង្កជាផលលំបាកនៅពេលក្រោយ។ ប៉ុន្តែទោះជាមានទម្លាប់ចាយវាយមិនត្រឹមត្រូវ ក៏យុវជននៅតែអាចរៀបចំឥរិយាបទចាត់ចែងថវិការបស់ខ្លួនបានល្អដដែល ឲ្យតែព្រមចាប់ផ្ដើមគិតពីបញ្ហានេះ និងអនុវត្តវា។
អ្នកជំនាញហិរញ្ញវត្ថុរូបនេះ បានប្រាប់ពីការគិតគូរខ្លះៗ ដែលយុវជនអាចអនុវត្តបាន។ ទី១ គេគួរខំរក និងសន្សំក្នុងរយៈពេលប៉ុន្មានខែមុនពិធីបុណ្យមកដល់។ ទី២ ប្រើប្រាស់ប្រាក់ឧបត្ថម bonus ដែលទទួលបានពីស្ថាប័នខ្លួនសម្រាប់ពិធីបុណ្យ។ ទី៣ លៃលកការចាយវាយសម្រាប់ក្រោយពិធីបុណ្យ និងបន្ថយការចាយទៅលើរបស់អ្វីដែលមិនចាំបាច់។
សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ ដូចតទៅនេះ៖
គេអាចដឹងថា បើខ្លួនចាយច្រើនពេក នឹងខ្វល់ខ្វាយរឿងថវិកានេះនៅពេលក្រោយ។ គេដឹងថា បើសន្សំ ឬចាយត្បិតត្បៀត នឹងមានផលល្អ។ តែការអនុវត្ត គឺផ្សេង។ ត្រង់ចំណុចនេះ លោក ង៉ែត ជូ លើកឡើងពីវិន័យនៃការចាយវាយ។ លោកមានប្រសាសន៍ថា ការអនុវត្តវិធានការហិរញ្ញវត្ថុរបស់ខ្លួនបានល្អ លុះត្រាតែបុគ្គលនោះមានវិន័យ ដោយតាំងចិត្តថាត្រូវតែអនុវត្តតាមការគិតទុករបស់ខ្លួន មិនបណ្ដោយការចាយទៅតាមអារម្មណ៍នោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com