ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ភ្ជុំបិណ្ឌ​៖​ការលក់​នំអន្សម​ឆ្នាំនេះ​ធ្លាក់ចុះ
10, Oct 2018 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ នំអន្សមជ្រូក និង​អន្សមចេក ដែល​ធ្លាប់តែ​ពេញនិយម​ខ្លាំង​ពី​អតិថិជន​ទិញ​ទៅ​វត្ត​អារាម ឬ​ទុក​ពិសា​ក្នុង​រដូវ​ភ្ជុំបិណ្ឌ បែរជា​មិនសូវមាន​អ្នកទិញ​ទៅវិញ នៅ​រដូវ​ភ្នំ​ឆ្នាំនេះ​។ អ្នកលក់​នំអន្សម​នៅតាម​ផ្សារ​នានា​ក្នុង​ក្រុងភ្នំពេញ លើកឡើង​ដូច្នេះ​។ ពួកគាត់​ថា​ឆ្នាំនេះ ការលក់​នំអន្សម​មិនសូវ​ដាច់​ខ្លាំង​ដូច​ឆ្នាំ​កន្លងទៅ​ទេ ហើយ​អតិថិជន​ក៏​មិន​ទិញ​អន្សម​ក្នុង​ចំនួន​ច្រើន​នោះដែរ បើ​ធៀប​ទៅនឹង​ឆ្នាំមុនៗ​។​


 
​អ្នកនាង អុក សុ​ផៃ ជា​អ្នកលក់​នំអន្សមចេក និង​អន្សមជ្រូក​ក្នុង​រដូវ​ភ្ជុំបិណ្ឌ នៅ​ផ្សារ​ដើម​គរ អស់​រយៈពេល​៥​ឆ្នាំ​មកហើយ​។ ជា​រៀងរាល់ឆ្នាំ អ្នកនាង អុក សុ​ផៃ តែងតែ​យកនំ​អន្សម​មក​លក់ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​បិណ្ឌ​១ ដល់​បិណ្ឌ​១៣ ដោយ​លក់​អស់ៗ​មិនដែល​សល់​ឡើយ​។ អ្នកនាង​អុក សុ​ផៃ បាន​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នំអន្សម​ឆ្នាំនេះ គាត់​យកតែ​នំ​១០០​គូ​លក់​សាង​ល្បង តែ​លក់​មិនសូវ​ជា​ដាច់​ដូច​ឆ្នាំ​កន្លងទៅ​ទេ ព្រោះ​ស្ងាត់​អ្នកទិញ ដោយ​មិនមាន​អតិថិជន​ចូល​ទិញ​នំអន្សម​ច្រើន​ដូច​មុន​។ 




 
​មិនមែន​នំអន្សម​លក់​មិន​ដាច់​សោះ​នោះទេ មាន​អ្នកទិញ តែ​ទិញ​ចំនួន​តិចជាង​ពាក់កណ្តាល​បើ​ធៀប​ទៅនឹង​ឆ្នាំមុនៗ​។ នេះ​ជា​បញ្ជាក់​របស់​អ្នកនាង អុក សុ​ផៃ ដែល​មកពី​ខេត្តកណ្តាល​រូបនេះ​រំ​ឮ​ក​ទៀតថា​៖«​នំអន្សម​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ គឺ​ចប់​តែម្តង​។ លក់​អត់​ដាច់​! បើ​ធៀប​ទៅនឹង​ឆ្នាំមុន ខ្ញុំ​លក់​អន្សម​អស់​២០០​នំ ក្នុង​មួយថ្ងៃ​។  ចំនួន​នំ​ទាំងនោះ​ឲ្យ​តែ​ម៉ោង​៦ ឬ​ម៉ោង​៧​ព្រឹក គឺ​លក់​អស់ហើយ​»​។  


 
​មិន​ខុសគ្នា​ប៉ុន្មាន​ទេ អ្នកស្រី ផាន់​ណា ដែលជា​អ្នក​វេច​នំអន្សមចេក អន្សមជ្រូក និង​អន្សម​ផ្អែម​លក់​នៅក្នុង​ផ្សារ​បឹងត្របែក ក៏​អះអាង​ដូច្នេះ​ដែរ​។ អ្នកស្រី ផាន់​ណា បានអះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រដូវ​ភ្ជុំបិណ្ឌ ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ការលក់​នំអន្សម​របស់គាត់ មិនសូវ​ជា​ដាច់​ខ្លាំង ដូច​កាលពី​ឆ្នាំ​២០១៦​នោះទេ​។  




 
​ជា​អ្នក​វេច និង​លក់​នំអន្សម​ជាង​២០​ឆ្នាំ​មកហើយ​នោះ អ្នកស្រី ផាន់​ណា បានលើកឡើង​យ៉ាងនេះ​ថា​៖«​ឆ្នាំ​កន្លងៗ​ទៅ អ្នក​គេ​មក​ទិញ​ច្រើនណាស់​។ ខ្លះ​គេ​ទិញ​យកទៅ​វត្ត ឯ​អ្នកខ្លះ​ទិញ​យកទៅ​ពិសា តែ​រដូវ​កាន់បិណ្ឌ​ឆ្នាំនេះ មិនមាន​សន្ទះ​ខ្លាំង​ដូច​ឆ្នាំ​រាល់ដង​។ លក់ដាច់​មួយៗ​»​។​


 
​ចំណែកឯ អ្នកស្រី ស្រី​ពៅ ដែលជា​អ្នកទទួល​ទិញ​នំអន្សម​ពី​កន្លែង​ដទៃ យកមក​លក់​នៅមុខ​ផ្សារ​អូឡាំពិក ក៏​ជួប​បញ្ហា​លក់​នំអន្សម​មិនសូវ​ដាច់ ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះដែរ​។ អ្នកស្រី ស្រី ពៅ បញ្ជាក់ថា​៖«​ការលក់​នំអន្សម​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ខុសគ្នា​ឆ្ងាយ​ណាស់​ពី​ឆ្នាំទៅ​។ ឆ្នាំនេះ ខ្ញុំ​អាច​លក់​នំ​បាន​ត្រឹម​៦ ទៅ​៧​គូ​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៧ ខ្ញុំ​លក់​នំ​បាន​២០​គូ​»៕
 






Tag:
 នំអន្សម​
 ​ភ្ជុំបិណ្ឌ​
 ​កាន់បិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com