ជាតិ
បុណ្យភ្ជុំបិណ្ឌ
ផ្កាឈូក និង​ផ្កា​កុលាប មានតម្លៃ​ក្នុង​ពិធីបុណ្យ​ផ្សេងគ្នា​
10, Oct 2018 , 2:29 pm        
រូបភាព
​ភ្នំពេញ​៖ គ្រប់​ផ្កា​ទាំងអស់ សុទ្ធ​តែមាន​សារសំខាន់ និង​គុណ​តម្លៃ​របស់​វា គ្រាន់តែ​ថា វា​មានតម្លៃ​តិច ឬ​ច្រើន ទៅតាម​កម្មវិធី​ណាមួយ​តែប៉ុណ្ណោះ​។ ភាគច្រើន គេ​យក​ផ្កាឈូក​សម្រាប់​ជា​គ្រឿង​សក្ការៈបូជា​ក្នុង​សាសនាព្រះពុទ្ធ និង​ពិធីបុណ្យ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​។ ចំណែក​ផ្កា​កុលាប គេ​ច្រើន​យក​ជា​អំណោយ​ជូន​នរណាម្នាក់ ឬ​ក្នុង​ពិធីជប់លៀង​ជាដើម​។​


 
​ផ្កា​មាន​ច្រើន​ប្រភេទ តែ​យើង​សូម​លើក​យកតែ​ផ្កា​មួយចំនួន ដែល​គេ​ឧស្សាហ៍​ប្រើ​ជាងគេ​មក​បង្ហាញ​តែប៉ុណ្ណោះ​។ 
 
​ជាធម្មតា​នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចូលឆ្នាំ​ប្រពៃណី​ខ្មែរ បុណ្យអុំទូក បុណ្យកឋិន បុណ្យផ្កា បុណ្យ​ចម្រើន​ជន្មាយុ ពិធី​ឡើងផ្ទះ និង​ពិធី​តាមបែប​សាសនា និង​ប្រពៃណី​ខ្មែរ​ជាច្រើន​ទៀត គេ​ច្រើន​ឃើញ​វត្តមាន​ផ្កាឈូក និង​ផ្កាម្លិះ មិនដែល​ខាន​ឡើយ​។ ក្នុង​គម្ពី​ព្រះពុទ្ធសាសនា បាន​សម្ដែង​ថា ផ្កាឈូក ជា​ផ្កា​បរិសុទ្ធ​មិនមាន​ជាប់​មន្ទិល​សៅហ្មង​ផ្សេងៗ​ឡើយ​។ ផ្កាឈូក ក៏​អាច​តាំង​លំអ​បានដែរ​។ 


 
​ចំណែក​ផ្កា​កុលាប ឬ​ផ្កា​លី​លី និង​ផ្កា​មួយចំនួនទៀត គេ​ច្រើន​ឃើញ​វត្តមាន​របស់​វា នៅក្នុង​ពិធីជប់លៀង ពិធីមង្គលការ ឬ​ក្នុង​ពិធី​បែប​បស្ចិម​លោក​។ ពពួក​ផ្កា​ទាំងនេះ គេ​ច្រើន​ប្រើ​វា​ក្នុងន័យ​ជូន​ជា​អំណោយ ឬ​សម្រាប់​លំអ​ក្នុង​រោង​ពិធី​ផ្សេងៗ​។​



​និយាយ​ជារួម​ទៅ គេ​មិនអាច​វាយតម្លៃថា ផ្កាឈូក​មានតម្លៃ​ខ្លាំង ឬ​ផ្កា​កុលាប​សំខាន់​តិច​ឬ​ច្រើន​បាន​នោះទេ ព្រោះ​ប្រភេទ​ផ្កា​នីមួយៗ ត្រូវបាន​គេ​យកទៅ​ប្រើ​ក្នុង​ពិធី​ផ្សេងៗ​គ្នា និង​មានគុណ​តម្លៃ​ទីទៃ​ពីគ្នា​ដែរ​។​



នៅក្នុង​ប្រទេស​ដែល​កាន់​ព្រះពុទ្ធសាសនា ផ្កាឈូក​ត្រូវបាន​គេ​ប្រើប្រាស់​ច្រើន ប៉ុន្តែ​ប្រទេស​ដែល​មិន​កាន់​ព្រះពុទ្ធសាសនា ឬ​បស្ចិមប្រទេស​វិញ គេ​និយម​ផ្កា​កុលាប ឬ​ផ្កា​ផ្សេងៗ​ទៀត​៕ 
​ 

Tag:
 ភ្ជុំបិណ្ឌ​
  ផ្កាឈូក​
  ផ្កា​កុលាប​
© រក្សាសិទ្ធិដោយ thmeythmey.com