ជាតិ
មេដឹកនាំ​មេគង្គ​-​ជប៉ុន ដាក់ចេញ​នូវ​សសរស្តម្ភ​ថ្មី​បី​នៃ​កិច្ចសហប្រតិបត្តិការ​
10, Oct 2018 , 3:29 pm        
រូបភាព
​មេដឹកនាំ​ប្រទេស​មេគង្គ និង​ជប៉ុន សម្រេចបាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​រួមគ្នា​ជាច្រើន នា​អំឡុង​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​១០​នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១០ ខែតុលា​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ សសរស្តម្ភ​ថ្មី​ចំនួន​៣ ស្ថិត​ក្នុងចំណោម​យុទ្ធសាស្ត្រ​ចម្បង​នៃ​យុទ្ធសាស្ត្រ​ក្រុង​តូ​ក្យូ ឆ្នាំ​២០១៨​។​

 
​ការតភ្ជាប់​ផ្នែក​រឹង ផ្នែក​ទន់ និង​ផ្នែក​ឧ​ស្សហកម្ម​ឲ្យ​មាន​ភាពរស់រវើក និង​មាន​ប្រសិទ្ធភាព ជា​សសរស្តម្ភ​ទីមួយ​ដែល​ត្រូវបាន​ដាក់ចេញ​នា​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០ ដែល​ការចូលរួម​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន ហ្ស៊ូ​អា​បេ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថង​លួ​ន ស៊ី​ស៊ូ​លី​ត លោកស្រី អ៊ុង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សហភាព​មី​យ៉ាន់​ម៉ា​, លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា និង​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វ៊ុ​ក​។​
 
​បន្ថែម​ពីលើ​នេះ ថ្នាក់ដឹកនាំ​ទាំង​៦​ប្រទេស ដាក់ចេញ​នូវ​សសរស្តម្ភ​សង្គម ដោយ​ផ្តោតលើ​មនុស្ស លើ​ការងារ​ជា​ចម្បង ដែល​ក្នុងនោះ​មាន ការអភិវឌ្ឍ​ធនធានមនុស្ស ការថែទាំង​សុខមាលភាព ការអប់រំ កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ច្បាប់ និង​តុលាការ​។ 
 
​ការសម្រេចបាន​នូវ​មេគង្គ​បៃតង​ជា​សសរស្តម្ភ​ទី​បី​នៃ​កិច្ចសហប្រតិបត្តិការ ដោយ​ផ្តោតលើ​ការងារ កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ និង​ការប្រែប្រួល​អាកាសធាតុ ការគ្រប់គ្រង​ធនធានទឹក ការគ្រប់គ្រង​កាកសំណល់ ការអភិរក្ស និង​ការប្រើប្រាស់​ធនធាន​ជលផល​ប្រកបដោយ​ចីរភាព រួមទាំង​ថនិកសត្វ​ក្នុង​សមុទ្រ​។​
 
​ជាមួយគ្នានេះ លោក អា​បេ បាន​ថ្លែងថា មេដឹកនាំ​ប្រទេស តំបន់​ទន្លេមេគង្គ​ទាំង​៥ និង ជប៉ុន បាន សម្រេច​ដាក់ចេញ​នូវ «​យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០១៨ សម្រាប់​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន​» សំដៅ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ប្រទេស​តំបន់​មេគង្គ និង​ជប៉ុន ក៏ដូចជា​ឆ្លើយតប​បញ្ហា​នៅក្នុង​តំបន់ និង​លើ​ពិភពលោក​នាពេល​បច្ចុប្បន្ន​។​
 
​ពាក់ព័ន្ធ​លើ​សមិទ្ធផល និង​ស្ថានភាព​បច្ចុប្បន្ន​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន មេដឹកនាំ​ប្រទេស​មេគង្គ និង​ជប៉ុន បាន​លើកសរសើរ​ពី​សមិទ្ធផល​នៃ «​យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ថ្មី​ឆ្នាំ​២០១៥» និង​ការអនុវត្ត ជំនួយ អភិវឌ្ឍន៍​ផ្លូវការ (ODA) ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៧៥០​ពាន់​លាន​យ៉េន ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ​។​
 
​មេដឹកនាំ​មេគង្គ​-​ជប៉ុន ក៏បាន​សម្រេច ដាក់ចេញ កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន និង​ទិសដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs), និង​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន និង​យុទ្ធសាស្ត្រ​នៃ​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy-AMECS) ផងដែរ​។​
 
​សម្រាប់​បញ្ហា​តំបន់ និង​អន្តរជាតិ​វិញ មេដឹកនាំ​មេគង្គ​-​ជប៉ុន បានបញ្ជាក់​សាជាថ្មី​អំពី​ការប្តេជ្ញាចិត្ត ដ៏​រឹងមាំ​របស់ ខ្លួន​ក្នុង​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ លើ បញ្ហា​តំបន់ និង​សកល​នានា​៕

Tag:
 ​ជប៉ុន​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com