ភ្នំពេញ៖ បញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធ(Everything But Arms) បណ្ដោះអាសន្នពីកម្ពុជានេះ បានធ្វើឲ្យកម្ពុជាមានក្តីកង្វល់ និងមិនសប្បាយចិត្តឡើយ ព្រោះវាអាចប៉ះពាល់ដល់អនាគតសេដ្ឋកិច្ចកម្ពុជា។ រដ្ឋាភិបាលកម្ពុជា ចាត់ទុកការសម្រេចរបស់សហភាពអឺរ៉ុបបែបនេះ គឺជាទង្វើអយុត្តិធម៌មកលើប្រទេសកម្ពុជា ដែលខំប្រឹងប្រែងងើបចេញពីប្រទេសអភិវឌ្ឍតិចតួចនេះ។
នីតិវិធីនៃការសម្រេចដកឬមិនដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា កំពុងដំណើរការក្រោមការតាមដាននិងពិភាក្សារបស់គណៈកម្មការអឺរ៉ុប។ ដំណើរការនីតិវិធីនេះហើយ ដែលសហភាពអឹរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធបណ្ដោះអាសន្នពីកម្ពុជា ដើម្បីទុកពេលឲ្យគណៈកម្មការអឺរ៉ុប ដំណើការនីតិវិធីរបស់ខ្លួន ក្នុងការត្រួតពិនិត្យនិងប្រមូលព័ត៌មានជុំវិញស្ថានការណ៍ប្រទេសកម្ពុជា មុននឹងសម្រេចចុងក្រោយ។ ដំណើរការនីតិវិធីរបស់គណៈកម្មការអឺរ៉ុប ត្រូវការរយៈពេល១ឆ្នាំ។
រដ្ឋាភិបាលកម្ពុជា មិនពេញចិត្តចំពោះការសម្រេចរបស់សហភាពអឹរ៉ុប ដែលដំណើរការនីតិវិធីលើកម្ពុជាឡើយ។ រដ្ឋាភិបាល ចាត់ទុកសេចក្តីសម្រេចសហភាពអឺរ៉ុបនេះ គឺជាសកម្មភាពអយុត្តិធម៌មួយ ដែលគ្មានតម្លាភាពក្នុងការអនុវត្តមកលើកម្ពុជា បើទោះជារដ្ឋាភិបាល បានគោរពតាមអនុសញ្ញាអន្តរជាតិ ដែលផ្សារភ្ជាប់នឹងកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ជាពិសេសវិស័យសិទ្ធិការងារ និងសិទ្ធិដីធ្លីក្តី។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលឆ្លើយតបនឹងសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប បានបញ្ជាក់ដូច្នេះថា៖«រាជរដ្ឋាភិបាលសោកស្ដាយយ៉ាងខ្លាំង ចំពោះការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងរាជរដ្ឋាភិបាល ដោយឈរលើមូលដ្ឋាននៃរបាយការណ៍បេសកកម្មរបស់សហភាពអឺរ៉ុប ដែលមិនបានបង្ហាញនូវខ្លឹមសារនៃរបាយការណ៍នោះ ដែលសហភាពអឺរ៉ុបបានយកធ្វើជាមូលដ្ឋាននៃសេចក្តីសម្រេចចិត្តលំអៀងរបស់ខ្លួន»។
ដោយមិនអស់ចិត្តនោះ រដ្ឋាភិបាល បានតបសម្ដីវិញថា សហភាពអឹរ៉ុប កំពុងបំពេញតួនាទីខ្លួនមិនត្រឹមត្រូវ ព្រោះការសម្រេចនេះ គឺអាចមានហេតុផលខាងនយោបាយលាយឡំនៅពីក្រោយ។ ក្រសួងការបរទេសកម្ពុជា ដែលការពារចំណុចវិជ្ជមានរដ្ឋាភិបាល ក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យ ផ្សះផ្សាជាតិ គោរពសិទ្ធិមនុស្ស និងសិទ្ធិមូលដ្ឋានពលរដ្ឋនោះ បាននិយាយចំៗដូច្នេះថា៖«សហភាពអឹរ៉ុបមិនត្រឹមតែបដិសេធចោលតថភាពដូចនេះទេ ប៉ុន្តែភាពស្ងប់ស្ងៀម និងការគាំទ្រជាចំហររបស់ខ្លួន ចំពោះសកម្មភាពខុសច្បាប់ និងប្រាសចាកលទ្ធិប្រជាធិបតេយ្យនៃក្រុមមួយចំនួន ដោយមានកិច្ចការពារពីស្ថាប័នខ្លះរបស់សហភាពអឺរ៉ុប ច្បាស់ណាស់ថា បានវៀរចាកយ៉ាងឆ្ងាយពីគន្លងនៃភាពត្រឹមត្រូវ។ ដោយហេតុនេះ វាច្បាស់ណាស់ថា ពិតជាមានហេតុផលខាងនយោបាយនៅពីក្រោយសេចក្តីសម្រេចមកលើប្រទេសកម្ពុជា»។
និយាយបែបនេះហើយ ក្រសួងបរទេសកម្ពុជា បាននិយាយបែបការទូតថា ប្រសិនបើស្ថាប័នអឺរ៉ុបសម្រេចដាក់ទណ្ឌកម្មមកលើកម្ពុជាផ្អែកលើជំហរខាងលើនេះ វានឹងធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា តាំងចិត្តកាន់តែមុតមាំថែមទៀត ក្នុងការការពារ និងរក្សាសកម្មភាពត្រឹមត្រូវ និងស្របច្បាប់របស់ខ្លួន។
«ជាលទ្ធផលនោះការសម្រេចបែបនេះ អាចនឹងធ្វើឲ្យបាត់បង់ទាំងស្រុងនូវលទ្ធផលជាវិជ្ជមានជាច្រើន នៃគោលនយោបាយអឺរ៉ុប ដែលកម្ពុជាទទួលបានផលប្រយោជន៍រហូតមកដល់ពេលនេះ។ ការជ្រើសរើសយកវិធានការដាក់ទណ្ឌកម្មយ៉ាងតឹងរឹងបែបនេះ ជាជាងការប្រកាន់យកកិច្ចសន្ទនាប្រកបដោយលក្ខណស្ថាបនានោះ អាចនឹងផ្ដល់ផលអវិជ្ជមានបញ្ច្រាស់មកវិញទេ។ ស្ថាប័នអឺរ៉ុបតែងតែបដិសេធមិនទទួលស្គាល់ហេតុការណ៍មិនអាចប្រកែកបាន ដែលនាំឲ្យរដ្ឋាភិបាលប្រើប្រាស់នូវបុព្វសិទ្ធិនៃរដ្ឋឯករាជ្យ និងអធិបតេយ្យភាព ក្នុងការចាត់វិធានការនានាតាមផ្លូវច្បាប់កន្លងមក»។ នេះជាការលើកឡើងរបស់រដ្ឋាភិបាល ដែលស្នើឲ្យសហភាពអឹរ៉ុប ជួយគោរពដល់អធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា ។
EBA (Everything But Arms) គឺសំដៅលើប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញនិងផលិតផលសព្វបែបយ៉ាង ដូចជា សម្លៀកបំពាក់ និង អង្ករ ជាដើម ដែលកម្ពុជា នាំចូលទៅកាន់ទីផ្សារអឺរ៉ុប ដោយលើកលែងតែអាវុធប៉ុណ្ណោះ ដែលមិនរាប់បញ្ចូល។ កម្ពុជា ជាប្រទេសមួយ ដែលបានចុះកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបស្តីពី EBA នេះ ហើយតែងតែទទួលបានការអនុគ្រោះពន្ធ។
កាលពីឆ្នាំ២០១៧កន្លងមក កម្ពុជាបាននាំទំនិញទៅទីផ្សារសហភាពអឺរ៉ុប (EU) ជាង ៥,៧ពាន់លានដុលា្លរអាមរិក ។ កម្ពុជាទទួលបានការអនុគ្រោះពន្ធទាំងស្រុងពីទីផ្សារនេះ។ បើមិនទទួលបានការអនុគ្រោះពន្ធទេ កម្ពុជាត្រូវបង់ពន្ធជាង៥០០លានដុល្លារចូលទីផ្សារអឺរ៉ុប។ ទំនិញដែលទៅទីផ្សារមួយនេះ រួមមាន សំលៀកបំពាក់ ស្រោមជើង ស្បែកជើង អង្ករ គ្រាប់ធញ្ញជាតិ វត្ថុធ្វើពីស្បែក កៅស៊ូ និងទោចក្រយាន ជាដើម៕