ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ថា ​រដ្ឋាភិបាល នៅមានឱកាសចរចា​ជាមួយ​សហភាព​អឺរ៉ុប ដើម្បីកុំឲ្យដកការអនុគ្រោះពន្ធ ​
12, Oct 2018 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​ព្រួយបារម្ភ ដែល​សហភាព​អឺរ៉ុប (EU) កំពុងដំណើរការ​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​និង​ផលិត (EBA) ចេញពី​កម្ពុជា​។ លោក យល់ថា រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​​ចរចា​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​បញ្ចៀស​ពី​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​នេះ​។​

 
 
 
​តាមរយៈ​សារ​លើ​បណ្តាញ​សង្គម Twitter លោក សម រង្ស៊ី ដែល​បាន​កំពុង​និរទេស បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ការចរចា​ជាមួយ​សហភាព​អឺ​រុ​ប នៅតែ​អាចទៅរួច ហើយ​ការចរចា​ជាមួយ​គណបក្សប្រឆាំង ក៏​នៅតែ​អាចទៅរួច​ដូចគ្នា​។ បើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ដោះស្រាយ​បញ្ហា​នេះ​ទេ អនាគត​កម្ពុជា នឹង​កាន់តែ​អាក្រក់​»​។ 
 
​ក្រៅ​ពីសា​រលើ​បណ្តាញ​សង្គម Twitter អតីត​ប្រធាន​គណបក្សប្រឆាំង នៅបាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បាន​និយាយ​តាម​សារព័ត៌មាន​ថែមទៀត អំពី​រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។ លើសពីនេះ សារ​របស់លោក នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏មាន​ន័យ​បំផុត​ប្រជាពលរដ្ឋ ឲ្យ​ជំរុញ​មេដឹកនាំ​កម្ពុជា ឲ្យ​វិលត្រឡប់​មកកាន់​ផ្លូវ​ប្រជាធិបតេយ្យ​វិញ​ផងដែរ ដោយ​ត្រូវ​ដោះលែង​លោក កឹម សុខា និង​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សកម្មភាព​ដូច​មុន​។​
 
​យ៉ាងណាក៏ដោយ សម្តី​របស់លោក សម រង្ស៊ី ទំនងជា​គ្មាន​ឥទ្ធិពល​អ្វី​ទៅលើ​រដ្ឋាភិបាល​កម្ពុជា ឬ​គណបក្សកាន់អំណាច ឲ្យ​យកទៅ​ពិចារណា​នោះទេ​។ កន្លងមក ទាំង​អ្នកនាំពាក្យ​គណបក្សកាន់អំណាច និង​អ្នកនាំពាក្យ​រដ្ឋាភិបាល តែង​ចាត់ទុក​មតិ​របស់លោក សម រង្ស៊ី ថា​អត់​បានការ​។

ប​ច្ចុប្បន្ន​នេះ សហភាព​អឺរ៉ុប កំពុងតែ​ចាប់ផ្តើម​នីតិវិធី​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។ ក្រោយ​ទទួលដំណឹង​នេះ ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ  ដើម្បី​ពន្យល់​ពី​នីតិវិធី​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​។ 
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ ដែល​ធ្វើឡើង​កាលពី​យប់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៨ ស្ថានទូត​សហភាព​អឺរ៉ុប បាន​ពន្យល់ថា នីតិវិធី​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា មាន​រយៈពេល​៦​ខែ​ពីរដង​។ ស្ថានទូត​សហភាព​អឺរ៉ុប បញ្ជាក់ថា ក្នុងអំឡុង​ពេលនេះ សហភាព​អឺរ៉ុប ផ្តល់ឱកាស​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ចរចា​។ 
 
​កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០១៨ រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជូន​បេសកកម្ម​ពិសេស ដែល​ដឹកនាំ​ដោយ​លោក សុក ស៊ីផា​ណា ទៅកាន់​សហភាព​អឺរ៉ុប ដើម្បី​ពន្យល់​និង​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប កុំ​ឲ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ចេញពី​កម្ពុជា​។ មកដល់ពេលនេះ គេ ដូចជា​មិនទាន់​ទទួលបាន​ដំណឹង​ឬ​លទ្ធផល​ពី​បេសកកម្ម​នេះ​ទេ​។ 
 
​ថ្មីៗ​នេះ ពោលគឺ​ក្រោយពី​សហភាព​អឺរ៉ុប សម្រេច​ចាប់ផ្តើម​ដំណើរការ​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស ក៏​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដើម្បី​ឆ្លើយតប​។ ក្នុង​សេចក្តីថ្លែងការណ៍ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨ ក្រសួងការបរទេស បានចាត់ទុក​ការសម្រេច​ចាប់ផ្តើម​នីតិវិធី​របស់​សហភាព​អឺរ៉ុប ថា​ជា​រឿង​អយុត្តិធម៌​ចំពោះ​កម្ពុជា​។

បន្ថែម​ពីលើ​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រតិកម្ម​នឹង​ការសម្រេច​របស់​សហភាព​អឺរ៉ុប​ដែរ នៅពេល​ទៅ​ប្រជុំ​នៅ​ប្រទេស​ជប៉ុន ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨ កន្លងទៅ​។ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ជប៉ុន មេដឹកនាំ​កម្ពុជា​រូបនេះ បាន​និយាយ​ខ្លាំងៗ​ថា​៖«​ឥឡូវ កុំមក​ចង់​គំរាម​អី ប្រកា​សអី ប្រកាស​ទៅ ធ្វើទៅ​។ នីតិវិធី​ប៉ុន្មាន​ខែ ទម្រាំ​ចេញ​នីតិវិធី​នុ៎ង ហើយ​បន្តទៅ​ប៉ុន្មាន​ខែ​ទៀត រួចហើយ​ទៅរក​កុង​ស៊ុ​ង​ស៊ិ​សអី​ណា​....​។ យើង សព្វថ្ងៃនេះ បើ​និយាយ​ពី​លក្ខខណ្ឌ​ទទួល​ការអនុគ្រោះ គឺ​បាន​បាត់បង់​បណ្តើរៗ​ហើយ​»​។  
 
EBA (Everything but Arms) គឺជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខទំនិញ​និង​ផលិតផល ដោយ​លើកលែងតែ​អាវុធ​ប៉ុណ្ណោះ​។ ប្រទេស​ណា ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប​ស្តីពី ប្រព័ន្ធ EBA ប្រទេស​នោះ ត្រូវ​ទទួលបាន​ការអនុគ្រោះ​ពន្ធ ចំពោះ​ការនាំ​ចូល​ទំនិញ​និង​ផលិតផល ទៅកាន់​ទីផ្សារ​អឺរ៉ុប​។ កម្ពុជា ក៏​ជា​ប្រទេសមួយ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប​ស្តីពី ប្រព័ន្ធ EBA ដែរ​៕ 
 

Tag:
 EU
  EBA
  កម្ពុជា​
  ហ៊ុន សែន​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com