ជាតិ
នយោបាយជាតិ
ប្រមុខរដ្ឋាភិបាល មកដល់កម្ពុជាវិញហើយ និងប្រកាសថា កិច្ចប្រជុំនៅបរទេស ទទួលបានជោគជ័យ
× ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូ បានមកដល់កម្ពុជាវិញហើយ នៅរសៀលម៉ោង២ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំនៅប្រទេសជប៉ុននិងនៅប្រទេសឥណ្ឌូនេស៊ី។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានចំណាយពេល៥ថ្ងៃ គឺពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា នៅប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០។ ក្រោយមក គណៈប្រតិភូកម្ពុជា ក៏ហោះចេញពីប្រទេសជប៉ុន ទៅចូលរួមវេទិកាកំពូលរបស់ថ្នាក់ដឹកនាំអាស៊ានជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក នៅប្រទេសឥណ្ឌូនេស៊ី។ វេទិកានេះ ប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែតុលា។
«កិច្ចប្រជុំទាំងពីរប្រទេសនេះ គឺទទួលបានលទ្ធផលល្អប្រសើរ ដោយក្នុងនោះថ្នាក់ដឹកនាំមេគង្គ-ជប៉ុន និងថ្នាក់ដឹកនាំអាស៊ានបានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ សំដៅធ្វើឲ្យប្រសើរនូវកិច្ចសហប្រតិបត្តិការ ជំរុញផែនការយុទ្ធសាស្ត្រថ្មីៗ បង្កើននូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន ធ្វើយ៉ាងណាដើម្បីភាពរីកចម្រើនប្រទេសក្នុងតំបន់និងពិភពលោក»។ នេះជាសារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន៕
© រក្សាសិទ្ធិដោយ thmeythmey.com