ជាតិ
កម្ពុជា ស្នើ​ឲ្យ​វៀតណាម ជួយ​ចាត់វិធានការ​តឹងរ៉ឹងលើ​ការគ្រប់គ្រង​ពាណិជ្ជកម្ម​ព្រៃឈើ និង​នេសាទ​ឆ្លងដែន​ខុសច្បាប់​
12, Oct 2018 , 9:39 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កម្ពុជា ស្នើ​ឲ្យ​វៀតណាម ចាត់វិធានការ​តឹងរ៉ឹង​លើ​ការគ្រប់គ្រង​ពាណិជ្ជកម្ម​ព្រៃឈើ និង​នេសាទ​ឆ្លងដែន​ខុសច្បាប់ ដែល​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​។ សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ង្វៀន សួន​គឿង រដ្ឋមន្ត្រី​កសិកម្ម និង​អភិវឌ្ឍ​ជនបទ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

 
​បញ្ហា​កសិកម្ម​ជាច្រើន ត្រូវបាន​លើកយក​ទៅ​ពិភាក្សាគ្នា​រវាង​ភាគី​ទាំងពីរ ដែល​ក្នុងនោះ​រួមមាន​បញ្ហា​អនុវិស័យ​ព្រៃឈើ សត្វ និង​ជលផល​ជាដើម​។ តាមរយៈ​ការពិភាក្សាគ្នា​នេះ ភាគី​ទាំងពីរ​ស្វែង​ដំណោះស្រាយ​ពី​បញ្ហា​ពាណិជ្ជកម្ម​ឆ្លងដែន​រវាង​ប្រទេស​ទាំងពីរ​។ ជាពិសេស​អនាម័យ និង​ភូតគាម​អនាម័យ រួមទាំង​វិធានការ​ទប់ស្កាត់ និង​កំចាត់​សមាសភាព​ចង្រៃ​លើ​ដំណាំ​។​
 
​ចំពោះ​ចលនា​សត្វ​ឆ្លងដែន លោក វេ​ង សាខុន បានស្នើ​ឲ្យ​ភាគី​វៀតណាម​ជួយ​ពង្រឹង​ការបង្ការ និង​ទប់ស្កាត់​ជំងឺឆ្លង​រាតត្បាត ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​រវាង​ប្រទេស​ទាំងពីរ​។ ជាមួយគ្នានេះ រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា ក៏​ស្នើ​ដល់​ភាគី​វៀតណាម ឲ្យ​ជួយ​ចាត់វិធានការ​តឹងរឹង​បន្ថែមទៀត ពាក់ព័ន្ធ​ដល់​ការគ្រប់គ្រង​ពាណិជ្ជកម្ម​អនុផល​ព្រៃឈើ​ខុសច្បាប់ និង​ការនេសាទ​ឆ្លងដែន​ខុសច្បាប់ ដោយ​ពុំមាន​ការអនុញ្ញាត ហើយ​មិនមាន​របាយការណ៍​ច្បាស់លាស់ ខណៈដែល​កម្ពុជា​កំពុងស្ថិត​ក្នុងដំណាក់កាល រៀបចំ​លិខិតបទដ្ឋាន​នានា ដែល​សមស្រប​ទៅនឹង​លក្ខខណ្ឌ​តម្រូវ​របស់​សហភាព​អ៊ឺរ៉ុប​។​
 
​ទាក់ទង​នឹង​ចំណុច​នេះ ភាគី​វៀតណាម អះអាងថា ខ្លួន​បាន​យកចិត្តទុកដាក់​គ្រប់គ្រង ការនេសាទ​ឆ្លងដែន និង​ការដឹកជញ្ជូន​ផល អនុ​ព្រៃឈើ​ឆ្លងដែន​ខុសច្បាប់​នេះ​។​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​វៀតណាម លោក ង្វៀន សួន​គឿង បាន​និយាយថា រដ្ឋាភិបាល​វៀតណាម បាន​ជំរុញ​ឲ្យ​មាន​ការដាំ​ព្រៃឈើ​ឡើងវិញ ជា​លក្ខណៈ​ពាណិជ្ជកម្ម និង​ដើម្បី​ជួយ​ដល់​បរិស្ថាន​ផងដែរ​។​
 
​ក្រៅពី​កិច្ចការ​ដទៃទៀត ភាគី​ទាំងពីរ​គ្រោង​រៀបចំ​ក្រុមការងារ​កម្រិត​ជំនាញ ដើម្បី​បន្តធ្វើ​ការពិភាក្សា និង​ដោះស្រាយ​នូវ​បញ្ហា​នានា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី អាច​ពង្រីក​នូវ​ទំហំ​ពាណិជ្ជកម្ម​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ​ផង​៕
 

Tag:
 វេ​ង សាខុន
 ​កសិកម្ម
 ​នេសាទ​
 ​ព្រៃឈើ​
© រក្សាសិទ្ធិដោយ thmeythmey.com