ជាតិ
ភរិយា​ឧ​ត្ត​ម​សេនីយ៍ ឡេះ កូ​សែម​៖«​ការផ្តល់​ឯកសារ​ឱ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ព្រោះ​ខ្ញុំ​ចង់បាន​ភាព​ស្អាតស្អំ​ឱ្យ​ប្តី​»
13, Oct 2018 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ នៅ​ដើមឆ្នាំ​២០១៨ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានទទួល​ឯកសារ​ដ៏​សំខាន់​មួយ ទាក់ទង​នឹង​លោក​ឧ​ត្ត​ម​សេនីយ៍ ឡេះ កូ​សែម ដែលជា​បុគ្គល​ដ៏​សំខាន់​មួយរូប​ក្នុង​ប្រវត្តិសាស្ដ្រ​ខ្មែរ​។



ប្រវត្តិ​របស់លោក ឡេះ កូ​សែម ត្រូវបាន​បិទ​ជិត​អស់​ជិត​៤០​ឆ្នាំ​។ លោក​ត្រូវគេ​ស្គាល់​ថា ជា​មនុស្ស​ម្នាក់​ដែល​ជិត​សិ្ន​ទ្ធ នឹង​លោក​ប្រធានាធិបតី លន់ នល់ នៃ​របប​សាធារណរដ្ឋ​ពី​ឆ្នាំ ១៩៧០ ដល់​១៩៧៥​។ លោក​បាន​រួចផុត​ពីរ​បប​ខ្មែរក្រហម និង​បាន​នាំ​ឯកសារ​ដែល​ពាក់ព័ន្ធ​ផ្ទាល់ខ្លួន​ជាច្រើន​ទៅជា​មួយ​។ ដោយសារ​គ្មាន​ឯកសារ​ពាក់ព័ន្ធ ធ្វើឱ្យ​មនុស្ស​មួយចំនួន បាន​បង្កើត​សាច់រឿង​ច្រើន​ពី​លោក ដូចជា​តួនាទី​ជា​មេបញ្ជាការ​នៅពេលនោះ ដែល​បណ្តាលឱ្យ​ខ្មែរក្រហម​កាន់កាប់​ទីក្រុង​ភ្នំពេញ​ជាដើម​។



ភរិយា​លោក ឡេះ កូ​សែម ដែល​បច្ចុប្បន្នកំពុងរ​ស់​នៅ​ប្រទេស​ម៉ាឡេស៊ី បានសម្រេច​ផ្តល់​ឯកសារ​របស់​ប្ដី​លោកស្រី​ទាំងអស់ មកឱ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ព្រោះ​លោកស្រី​ចង់ បង្ហាញ​ភាព​ស្អាតស្អំ​របស់​ប្តី ដែល​កន្លង​ជិត​៤០​ឆ្នាំ​មកនេះ មិនមាន​អ្នកណា​ដឹង​។​
 
​លោកស្រី ម៉ៃ ឌិន​ណា​ជារ បាន​និយាយ​ពាក្យ​មួយ​ឃ្លា​ទៅ​លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មុនពេល​លោកស្រី​សម្រេច​ផ្តល់​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​ប្ដី​លោកស្រី ដល់​ស្ថាប័ន​មួយ​នេះ​។ ឯកសារ​ទាំងនោះ លោកស្រី​ស្រឡាញ់ និង​ចាត់ទុក​ដូច​ប្ដី​លោកស្រី​យ៉ាង​ដូច្នោះ​ដែរ​។ តែ​ដើម្បី​ស្រាយ​ប​ន្ទិ​ល​នានា ដែល​មនុស្ស​មួយចំនួន​គិត​មកលើ​ប្តី​ខ្លួន លោកស្រី ម៉ៃ ឌិ​ត​ណា​ដារ សម្រេច​ផ្តល់​ឯកសារ​ទាំងអស់​របស់​ប្ដី ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ កាលពី​ចុងខែ​កញ្ញា ឆ្នាំ​២០១៨  លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​រម្លឹក​ពី​សំដី​លោកស្រី​ភរិយា​លោក ឡេះ កូ​សែម ពេល​លោកស្រី​សម្រេច​ប្រគល់​ឯកសារ​ប្ដី​លោកស្រី ឱ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា យ៉ាង​ដូច្នេះ​ថា​៖«...​ខ្ញុំ​មិន​ចង់បាន​អ្វី​ទេ គឺ​ចង់​បានតែ​ភាព​ស្អាតស្អំ​ឱ្យ​គាត់ (​ឡេះ កូ​សែម​) តែប៉ុណ្ណោះ​»​។​
 
​លោក ឆាំង យុ យល់ថា ដោ​យា​សារ​គ្មាន​ឯកសារ មនុស្ស​បាន​បង្កើត​សាច់រឿង​ផ្សេងៗ​ទាក់ទង​នឹង​លោក ឡេះ កូ​សែម អំពី​មូល​ហេតុដែល​បណ្តាលឱ្យ​ខ្មែរក្រហម​កាន់កាប់​ទីក្រុង​ភ្នំពេញ​។​ល​។ លោក ឆាំង យុ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ការពន្យល់​ពី​ភរិយា​លោក ឡេះ កូ​សែម ថា តាមពិតទៅ លោក ឡេះ កូ​សែម មាន​ផែនការ​តទល់​នឹង​ទ័ព​ខ្មែរក្រហម​វិញ ព្រោះ​គាត់​ដឹងថា ពេល​ខ្មែរក្រហម​កាន់កាប់​ប្រទេស នោះ​របប​មួយ​នេះ នឹង​សម្លាប់​មនុស្ស​ជាក់​ជាមិនខាន​។ គាត់​បានរៀបចំ​ទ័ព​ត្រៀម​តទល់​វិញ តែ​ត្រូវ​អ្នកនយោបាយ​ធំៗ​ប្រាប់​លោក​ថា មិនអាច​ឈ្នះ ទើប​គេ​រៀបចំ​គម្រោង​ឱ្យ​លោក​ទៅ​ប្រជុំ​នៅ​ប្រទេស​ថៃ​។ ហេតុនេះ​ធ្វើឱ្យ​លោក​មិនអាច​បក​ក្រោយ​បាន ក្រោយ​ចាក​ចេញពី​កម្ពុជា​បន្តិច​។​
 
​លោក ឡេះ កូ​សែម និង​គ្រួសារ ទទួលបាន​សញ្ជាតិ​ពី​រាជរដ្ឋាភិបាល​ម៉ាឡេស៊ី​។ នៅ​ម៉ាឡេស៊ី លោក​បាន​បន្តធ្វើ​នយោបាយ និង​មានការ​ពិភាក្សាគ្នា​ជាមួយ​ក្រុម​មេទ័ព​ធំៗ ដែល​រត់គេចខ្លួន​ទៅដល់​ទីនោះ ពី​ការងារ​បន្ទាប់​ថា​តើ​ត្រូវ​ចុះចូល​ជាមួយ​ខ្មែរក្រហម ឬ​យ៉ាងណា​។ គោលជំហរ​របស់លោក ឡេះ កូ​សែម មិន​ព្រម​ចុះចូល​ដាច់ខាត ព្រោះ​លោក​ជឿថា ខ្មែរក្រហម​នឹង​សម្លាប់​លោក ប្រសិនបើ​លោក​ត្រឡប់​ចូល​ស្រុក​វិញ​។​


 
​គោលជំហរ​របស់លោក ឡេះ កូ​សែម បាន​បង្កើតឱ្យមាន​ជម្លោះផ្ទៃក្នុង​។ នៅ​ឆ្នាំ ១៩៧៦ លោក ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុងប្រទេស​ម៉ាឡេស៊ី ហើយ​គ្រូពេទ្យ​បាន​ប្រាប់​គ្រួសារ​លោក​ថា លោក​បាន​ស្លាប់​ដោយសារ​ការបំពុល​ក្នុង​អាហារ​។​
 
​លោក ឡេះ កូ​សែម ជា​ជនជាតិ​ចាម​តែ​ម្នាក់​គត់​នៅក្នុង​ប្រវត្តិសាស្ដ្រ​ខ្មែរ ដែលមាន​ឋានៈ​ខ្ពង់ខ្ពស់​ក្នុង​ជួរ​កងទ័ព​។ លោក​កើត​ក្នុង​គ្រួសារ​ត្រកូល​អភិជន ដែល​ម្ដាយ​ឪពុក​លោក​ជា​ពាណិជ្ជករ​។ លោក​ជា​មេបញ្ជាការ និង​គ្រប់គ្រង​ទ័ព​ទាហាន​ជាច្រើន និង​មាន​ទំនាក់ទំនង​ស៊ីជម្រៅ​នឹង​ប្រទេស​មជ្ឈិមបូព៌ា​ផងដែរ​។ លោក​ក៏​ជា​មិត្តភក្ដិ​នឹង​លោក ហ្គា​ដា​ហ្វី មេដឹកនាំ​ប្រទេស លី​បី ដែល​ត្រូវគេ​ធ្វើ​រដ្ឋប្រហារ និង​សម្លាប់​នៅក្នុង​ខែ តុលា ឆ្នាំ​២០១១​។​
 
​លោក ឡេះ កូ​សែម ជា​អតីត​និស្សិត​ឆ័​ត្រ​យោង​នៅ​ប្រទេស​បារាំង ដែល​ធ្លាប់​ធ្វើការ​នៅ​សម័យ​សង្គមរាស្ដ្រនិយម របប​សាធារណរដ្ឋ ហើយ​លោក​ចេះ​និយាយ​ភាសា​មួយចំនួន មាន​ភាសា​បារាំង អង់គ្លេស វៀតណាម ចាម និង​ខ្មែរ​។ នេះ​ជាការ​សន្មត​របស់លោក ឆាំង យុ តាមរយៈ​ឯកសារ​ដែល​លោក​ទទួលបាន​ពី​គ្រួសារ​លោក ឡេះ កូ​សែម ដែលមាន​ច្រើនសន្ធឹក​។ លោក ក៏​ជា​ប្រធាន​ចលនា FULRO ដែល​គេ​ស្គាល់​ថា​ជា​ចលនា​ជនជាតិភាគតិច​ដ៏​ធំ​មួយ ដែលមាន​បំណង​វាយ​ដណ្ដើម​អតីត​ទឹក​ចាម្ប៉ា​នៅ​វៀតណាម​ភាគ​កណ្ដាល​មកវិញ​ផងដែរ​។​


 
​ងាក​មក​ឯកសារ​ដែល​គ្រួសារ​លោក ឡេះ កូ​សែម ប្រគល់ឱ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​វិញ តាម​ការលើកឡើង​រប​ស់លោក ឆាំង យុ ឯកសារ​ទាំងនោះ​មាន​ចំនួន​ច្រើន និង​សណ្ឋាន​។ ឯកសារ​ទាំងនោះ​រួមមាន ឯកសារ​រូបថត ៣,៥៧៣​រូប ឯកសារ​រូបថត​អាល់​ប៊ូ​ម ៣១២ រូប ឯកសារ​ក្រដាស ២,២៤១ ស្មើនឹង ៦,៤៩៥ ទំព័រ ឯកសារ​សៀវភៅ ១៨​ក្បាល និង​សៀវភៅ Booklet ៨៥ ក្បាល​។ តាមរយៈ​ឯកសារ​នេះ លោក ឆាំង យុ យល់ថា វា​នឹង​បំពេញ​ចន្លោះប្រហោង​នៅក្នុង​ប្រវត្តិសាស្ដ្រ​ខ្មែរ​ដែល​ត្រូវបាន​កប់​បាត់​រយៈពេល​ជិត ៤០​ឆ្នាំ​មកនេះ​។​


 
​ដោយសារ​ឯកសារ​មាន​ចំនួន​ច្រើន ដូច្នេះ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ត្រូវ​ការប្រើ​ពេលវេលា​ដើម្បី​ត្រួតពិនិត្យ និង​ចាប់ផ្តើម​សរសេរ​ព័ត៌មាន​ខ្លីៗ ជុំវិញ​រូបភាព​សកម្មភាព​នានា និង​ត្រៀម​បង្ហោះ​ផ្សាយ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ដែល​សាធារណជន​អាច​ចូល​មើល​បាន​តាមរយៈ​អាស័យដ្ឋាន Genocide Education in Cambodia​។ ក្នុងពេល​ឥឡូវនេះ សាធារណជន​ក៏​អាច​ទៅធ្វើ​ការសិក្សា​ស្រាវជ្រាវ​ផ្ទាល់​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ផងដែរ​៕
​ 

Tag:
 ឡេះ កូ​សែម​
  ឆាំង យុ​
© រក្សាសិទ្ធិដោយ thmeythmey.com