ជាតិ
កម្មករ​បាន​ឈ្នួល​៥០០​រៀល ក្នុង​លៀស​មួយ​បាវ​ទាំង​កើប​ច្រក​បាវ និង​លី​ពី​ទូក​ដាក់​រថយន្ត
13, Oct 2018 , 9:56 am        
រូបភាព
​សកម្មភាព​របស់​កម្ម​ករ​លីសែង លើក​បាវ​លៀស​ដាក់​លើ​ស្មា​ឲ្យ​កម្មករ​ម្នាក់​លី​ចេញពី​ទូក​យកទៅដាក់​លើ​រថយន្ត​។ រូបភាព​៖ ឈុត ឈា​ណា
​សកម្មភាព​របស់​កម្ម​ករ​លីសែង លើក​បាវ​លៀស​ដាក់​លើ​ស្មា​ឲ្យ​កម្មករ​ម្នាក់​លី​ចេញពី​ទូក​យកទៅដាក់​លើ​រថយន្ត​។ រូបភាព​៖ ឈុត ឈា​ណា
ដោយ:
​ក្នុង​រូបភាព​នេះ គឺជា​សកម្មភាព​របស់​កម្មករ​លីសែង​មួយក្រុម កំពុង​កើប​លៀស​ចេញពី​ទូក ច្រក​បាវ រួច​លី​ឡើងគោក​យកទៅដាក់​ក្នុង​រថយន្ត​ធំៗ ដែល​ចត​អែប​ច្រាំង​នៅក្បែរនោះ នាពេល​យប់​សិ្ថ​ត​នៅក្នុង​ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ លៀស​ទាំងនេះ មួយចំនួន​យកទៅលក់​នៅ​ភ្នំពេញ មួយចំនួនទៀត យកទៅលក់​ប៉ោយប៉ែត​។



នេះ​បើ​យោងតាម​ឈ្មួញ កណ្តាល​ដែល​ឈរ​ចាំ​កត់ត្រា​ចំនួន​បាវ​លៀស ដែល​កម្មករ​លី​ឡើង​ដាក់​លើ​រថយន្ត​។ ឈ្មួញ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដដែល បាន​និយាយប្រាប់​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ដោយ​មោទក​ភា​ព​ថា​៖«​កម្មករ​ទាំងនេះ បើ​ខ្ញុំ​មិន​ហៅ​មក​លីសែង​ទេ ច្បាស់​ជា​ដាច់បាយ​មិន​ខាន​។ អាណិត ខ្ញុំ​ចេះតែ​ជួយ​គ្នា​ទៅ​។ ពួកគេ​សុទ្ធតែជា​អ្នកនេសាទ​ខ្នាតតូច​។ ការនេសាទ​របស់​ពួកគេ​ហាក់​មិន​កាក់កប​សោះ ព្រោះ​ត្រី​មិនសូវ​សម្បូរ​ដូច​មុន​»​។ 
 
​និយាយ​បណ្តើរ លី​បាវ​លៀស​លើ​ស្មា​ក្នុង​ដំណើរ​យ៉ាង​លឿន​សំដៅ​រថយន្ត​បណ្តើរ កម្មករ​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹងថា​៖ «​ទាំង​កើប​ច្រក​បាវ ទាំង​លីដា​ក់លើ​ឡាន បានតែ​៥០០​រៀល​ទេ​បង​ហ្អើ​យ​!»​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការប្រែប្រួល​អាកាសធាតុ ការទន្ទ្រាន​កាប់ឆ្ការ និង​ដុតបំផ្លាញ​ព្រៃ​លិច​ទឹក ដើម្បី​យក​ធ្វើជា​ដី​កសិកម្ម ការនេសាទ​ហួស​កម្រិត ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​គ្រប់​ប្រភេទ​នៅក្នុង​បឹង​ទន្លេសាប ពិសេស​ក្នុង​រដូវ​ត្រី​ពង​-​កូន និង​ធំធាត់ បានធ្វើ​ឲ្យ​មច្ឆជាតិ​គ្រប់​ប្រភេទ មាន​និន្នាការ​ធ្លាក់ចុះ​យ៉ាងខ្លាំង និង​មាន​ប្រភេទ​ខ្លះ ឈានទៅ​ផុត​ពូជ​តែម្តង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com