ជាតិ
សេដ្ឋកិច្ច
CRF៖«​ពានរង្វាន់​អង្ករ​ល្អ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក នឹង​ជួយ​លើកតម្កើង​មុខមាត់ និង​តម្លៃ​អង្ករ​កម្ពុជា​»
13, Oct 2018 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អង្ករ​ក្រអូប​ប្រណីត​កម្ពុជា បានឈ្នះ​ពានរង្វាន់​អង្ករ​ល្អ​ជាងគេ​បំផុត​ក្នុង​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨ ក្នុងចំណោម​ប្រទេស​នានា​ដែល​បានដាក់​ប៉ាន់​អង្ករ​សរុប​៣៦​សំណាក នៅក្នុង​សន្និសីទ​ស្រូវ​-​អង្ករ​ពិភពលោក​លើក​ទី​១០ ដែល​រៀបចំ​ដោយ The Rice Trade(TRT) ពីថ្ងៃ​ទី ១០-១២ ខែតុលា នៅ​ក្រុង​ហាណូយ ប្រទេស​វៀតណាម​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ លេខាធិការដ្ឋាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។​


 
​បើតាម​លេខាធិការដ្ឋាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា មាន​កត្តា​ចម្បង​មួយចំនួន​ដែល​ជំរុញ​ឲ្យ​កម្ពុជា​អាច​ទទួលបាន​ពានរង្វាន់​អង្ករ​ល្អ​ជាងគេ​នេះ​។ កត្តា​ទាំងនោះ​មានដូចជា ការខិតខំ​ប្រឹងប្រែង​ក្នុង​ការធ្វើ​បន្សុទ្ធ​ពូជស្រូវ ការពង្រឹង​គុណភាព​ស្រូវ​អង្ករ ការបង្កើន​ស្តង់ដារ​រោង​ម៉ាស៊ីន​ជា​កម្រិត​អន្តរ​ចា​តិ ដើម្បី​កិន​កែច្នៃ​អង្ករ​ឲ្យ​មាន​ស្តង់ដារ​។ ម្យ៉ាង​កម្ពុជា​មានពូជ​ស្រូវ​ដែល​ល្អ និង​អង្ករ​មាន​រសជាតិ​ក្រអូប​ឆ្ងាញ់ ដែល​បាន​បន្សល់ទុក​តាំងពី​ដូនតា​មក ទន្ទឹមនឹង​ទីតាំង​ភូមិសាស្ត្រ​ដែលមាន​អំណោយផល​សម្រាប់​វិស័យ​កសិកម្ម​។ នេះ​បើតាម​ការបញ្ជាក់​របស់​លេខាធិការដ្ឋាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។​


 
​សម្រាប់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​(CRF) ការទទួលបាន​នូវ​ពានរង្វាន់​លើក​នេះ នឹង​ជួយ​លើកតម្កើង​មុខមាត់ គុណភាព​អង្ករ​កម្ពុជា​បន្ថែមទៀត​។ ជាមួយគ្នានេះ វា​ក៏​នឹង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ផ្សព្វផ្សាយ​ម៉ាក​វិញ្ញាតកម្ម​អង្ករ​ជាតិ​«​ម្លិះ​អង្គរ​» ក៏ដូចជា​អង្ករ​កម្ពុជា ទាំង​នៅ​កម្រិត​ជាតិ និង​អន្តរជាតិ​ផងដែរ ស្រប​ពេលដែល សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កំពុង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ធ្វើ​ម៉ាក​វិញ្ញាតកម្ម​អង្ករ​ជាតិ​«​ម្លិះ​អង្គរ​» ដែល​បាន​គ្រប់​ដណ្តប់​លើ​អង្ករ​ក្រអូប​ប្រណីត​ជាច្រើន​របស់​កម្ពុជា ដើម្បី​បញ្ជាក់ និង​រក្សា​ឲ្យ​បាន​គុណភាព​អង្ករ​ល្អ​ជាងគេ និង​មាន​រសជាតិ​ក្រអូប​ឆ្ងាញ់​ពិសា សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក និង​នាំចេញ​ទៅកាន់​ទីផ្សារ​ពិភពលោក​។ 


 
​សូម​រំលឹកថា កម្ពុជា​ធ្លាប់​បានទទួល​ពានរង្វាន់​អង្ករ​ល្អ​ជាងគេ​បំផុត​ក្នុង​ពិភពលោក​រយៈពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា​(២០១២-២០១៤) និង​ទទួលបាន​លំដាប់​លេខ​២ ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៧៕
 

Tag:
 អង្ករ​
 CRF
 ​ពានរង្វាន់​
© រក្សាសិទ្ធិដោយ thmeythmey.com