ជាតិ
សហគ្រិន បារម្ភ​ពី​ភាពខ្វះ​ចន្លោះ នៃ​ការអនុវត្ត​ច្បាប់​ពន្ធគយ​នៅ​កម្ពុជា ដែល​នាំ​ឲ្យ​អាជីវកម្ម​ជួប​ហានិភ័យ​
15, Oct 2018 , 1:18 pm        
រូបភាព
​ភ្នំពេញ​៖ បញ្ហា​អនុវត្ត​ច្បាប់​អាជីវកម្ម នៅតែមាន​ភាពខ្វះ​ចន្លោះ ដែល​នាំ​ឲ្យ​ជះឥទ្ធិពល​អាក្រក់ ដល់​ការប្រកួតប្រជែង​របស់​ម្ចាស់​អា​ជីក​ម្ម​និង​សហគ្រិន​មួយចំនួន​។ វា​គឺជា​កង្វល់​របស់​សហគ្រិន​នៅ​កម្ពុជា​។​

 
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​។ ការកើនឡើង​នៃ​ចំនួន​អ្នកវិនិយោគ​ក្នុងស្រុក និង​ក្រៅ​ស្រុក ក៏​ជា​កត្តា​សំខាន់​សម្រាប់​កម្ពុជា​។ ប៉ុន្តែ​សហគ្រិន​របស់​កម្ពុជា​បារម្ភ ចំពោះ​លំហូ​ចូល​នៃ​ក្រុមហ៊ុន​បរទេស​ធំ និង​ភាពខ្វះខាត​លើ​ការអនុវត្ត​ច្បាប់​ពន្ធគយ​របស់​អាជ្ញា​ធរ​កម្ពុជា​។ 
 
​លោក ប៉ិច បូ​ឡែ​ន ទីប្រឹក្សា​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា បាន​សម្ដែង​ពី​ការព្រួយបារម្ភ​ថា សហគ្រិន​ធុន​តូច និង​មធ្យម​ក្នុងស្រុក​អាច​ប្រឈម​ហានិភ័យ ដោយសារ​បញ្ហា​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ នៅមាន​ភាពមិន​ស្មើគ្នា​មកលើ​អ្នករកស៊ី​នៅ​កម្ពុជា ស្របពេល​សេដ្ឋកិច្ចកម្ពុជារ​ស់បាន​ដោយសារ​ពឹង​បរទេស​។ 

ទីប្រឹក្សា​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​រូបនេះ បានលើកឡើង​ដូច្នេះ​ថា​៖ «​អាជីវកម្ម​ដែល​ចុះបញ្ជី​ក្នុង​ច្បាប់​ត្រឹមត្រូវ មិនមាន​បក្ស គ្មាន​ពួក នៅតែ​ជួប​ហានិភ័យ​ខ្ពស់​។ ប្រឈម​ការប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ក្រៅ​ស្រុក​ផង ក្រុមហ៊ុន​ធំៗ ខ្នង​ក្រាស់​ក្នុងស្រុក​ផង​។ ការអនុវត្ត​មិនទាន់​ស្មើភាព​គ្នា​ទាំង​ពន្ធគយ ពន្ធដារ កាតព្វកិច្ច​ច្បាប់​ការងារ​មិន​ព្រៀងទុក ផលិតភាព​ការងារ​និយោជិត​នៅ​ទាប ទីផ្សារ​ផលិតផល​មិន​ច្បាស់លាស់​»​។​
 
​ត្រង់ចំណុច​នេះ​លោក ប៉ិច បូ​ឡែ​ន បាន​បន្ថែមថា រដ្ឋាភិបាល​គួរតែ​កំណ​ត់ឲ្យ​ច្បាស់លាស់​ចំពោះ​អាជីវកម្ម​ប្រភេទ​ណា ដែល​គួរ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បរទេស​វិនិយោគ​នៅ​កម្ពុជា ហើយ​ប្រភេទ​ណា​គួរ​ទុក​ឲ្យ​អ្នកវិនិយោគ​ក្នុងស្រុក បើ​ពុំមាន​ការកំណត់​ឲ្យ​ច្បាស់​ទេ សហគ្រិន​កម្ពុជា​នឹងរង​គ្រោះ​។ លោក ប៉ិច បូ​ឡែ​ន ស្នើ​ទៅ​រាជរដ្ឋាភិបាល​គួរតែ​ធានា​ភាពស្មើគ្នា ចំពោះមុខ​ច្បាប់ តម្លាភាព និង​ផ្ដល់ឱកាស​លើកលែង​ពន្ធ​ដល់​អាជីវកម្ម​ថ្មីៗ ទើប​ចាប់​ផ្ដើមដំបូង​។​
 
​តំណាង​សហគ្រិន​វ័យក្មេង​កម្ពុជា​រូបនេះ បាន​និយាយថា​៖« អាជីវកម្ម​ដែល​បាន​ចុះបញ្ជី​ស្ថិតនៅក្រោម​ការតាមដាន​របស់​ក្រសួងសាមី ដល់ពេល​ស្ថាប័ន​អាជីវកម្ម​មួយចំនួន​ដែល​មិនបាន​ចុះបញ្ជី គេ​មិនដឹងថា​ក្រុមហ៊ុន​មួយហ្នឹង ​ទៅ​ទីណា​ទេ អ៊ីចឹង​កា​ត​ព្វ​កិច្ច​ផ្លូវច្បាប់​មិនទាន់​ធ្វើ បង់ពន្ធ​ក៏​មិន​បង់ ដល់​អ៊ីចឹង​ធ្វើ​ឲ្យ​ការប្រកួតប្រជែង​អាជីវកម្ម​លើ​ផលិតផល និង​សេវាកម្ម​តែមួយ​នេះ គឺ​អត់​មាន​សមធម៌ ឬ​ស្មើភាព​គ្នា​ក្នុង​ទីផ្សារ​។ នៅពេល​ក្រុមហ៊ុន​គេ​ធំ គេ​មាន​លុយ គេ​មាន​ទំនាក់​ទំ​នង់​រឹងមាំ​មួយ គេ​មើលឃើញ​ឱ​កា​ស​ច្រើនជាង​ហើយ បើទោះបី​រាជរដ្ឋាភិបាល​ខំ​ពង្រឹង​និតិរដ្ឋ​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​នៅតែមាន​ឥទ្ធិពល​នៃ​បណ្ដាញ​មនុស្ស​មានការ​យល់យោគ ដោយសារ​មាន​អត្ថប្រយោជន៍​បុគ្គល​នៅក្នុង​ជួរ​រដ្ឋាភិបាល ដែល​គាត់​មិនទាន់​បោះបង់ ដើម្បី​ប្រយោជន៍​ជាតិ​ឡើយ​»​។ 
 
​ចំពោះ​បញ្ហា​នេះ អ្នកវិភាគ​សេដ្ឋកិច្ច លោក គី សេរី​វឌ្ឍន៍ មិន​យល់​ស្របតាម​ការលើកឡើង​របស់លោក ប៉ិច បូ​ឡែ​ន ដែល​ចង់​ឲ្យ​រដ្ឋាភិបាល កំណត់​កា​ររកស៊ី របស់​អ្នកវិនិយោគ​ក្រៅ​ស្រុក ដែល​ចង់​មក​វិនិយោគ​នៅ​កម្ពុជា​ឡើយ ព្រោះ​កម្ពុជា​ប្រកាន់​សេដ្ឋកិច្ច​ទីផ្សារសេរី​។ 
 
«​នៅពេលដែល​មានការ​ប្រកួត​ប្រជែង​គ្នា​បានធ្វើ​ឲ្យ​មានការ​លូតលាស់ ក្នុង​ប្រយោជន៍​សេដ្ឋកិច្ច​គេ​មិន​ឲ្យ​ដើរតួ​ម្នាក់ឯង​ទេ មិនមាន​តួឯក​ទេ ត្រូវតែមាន​ការប្រកួត​ប្រជែង​គ្នា យើង​ត្រូវ​ប្រកួតប្រជែង ធ្វើ​ឲ្យ​មានការ​លូតលាស់​ក្នុង​សង្វាក់​ផលិតកម្ម​»​។ នេះ​បើតាម​លោក គី សេរី​វឌ្ឍន៍​។​
 
​ប៉ុន្តែ​អ្វីដែល​លោក គី សេរី​វឌ្ឍន៍ មើលឃើញ​ដូច​លោក ប៉ិច បូ​ឡែ​ន ដែរនោះ គឺ​ការអនុវត្ត​ច្បាប់​ពន្ធគយ​របស់​រដ្ឋា​ភិ​បាល​។ អ្នកវិភាគ​សេដ្ឋកិច្ច​រូបនេះ បាន​លើកឡើងថា ប្រព័ន្ធ​ប្រមូល​ពន្ធ​របស់​រដ្ឋាភិបាល ពិតជា​នៅមាន​ភាពខ្វះ​ចន្លោះ ដែល​អាចធ្វើ​ឲ្យ​សហគ្រិន និង​ម្ចាស់​អាជីវកម្ម​មួយចំនួន អាច​គេចវេស​ពី​ការបង់ពន្ធ​បាន​មែន​។

ចំណុច​ដែល​លោក លោក គី សេរី​វឌ្ឍន៍ មើលឃើញ​នោះ ត្រង់​ថា ការដាក់ពិន័យ ឬ​ការធ្វើ​សវនកម្ម​ទៅលើ​ក្រុមហ៊ុន ឬ​អាជីវកម្ម​មួយចំនួន មាន​រយៈពេល​យូរពេក ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខិលខូច​ខ្លះ ដែលមាន​បំណង​គេចវេស​ពី​ការបង់ពន្ធ ប្រើ​លេស​ក្ស័យធន ហើយ​បិទទ្វារ​ក្រុមហ៊ុន​ចាស់ ទៅ​បង្កើត​ក្រុមហ៊ុន​ថ្មី ដោយ​ប្រើ​ឈ្មោះ​ថ្មី​។ បញ្ហា​មួយទៀត ដែល​លោក សេរី​វឌ្ឍន៍ ទាញ​ការចាប់អារម្មណ៍​នោះ គឺ​ក្រុមហ៊ុន​ដែលមាន​ខ្សែ ឬ​បក្សពួក​ធំៗ​នោះ ក៏​អាច​គេចវេស​ពី​ការបង់ពន្ធ​បានដែរ តាមរយៈ​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​អាជ្ញាធរ​។​
 
​អ្នកវិភាគ​សេដ្ឋកិច្ច​រូបនេះ បាន​លើកឡើងថា​៖«​ការពិន័យ​ក្នុងការ​បង់ពន្ធ​មានការ​យឺតយ៉ាវ ទាល់តែ​៥​ឆ្នាំ​បាន​រដ្ឋ​ទៅធ្វើ​សវនកម្ម អ៊ីចឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយចំនួន​រកស៊ី អត់​បង់ពន្ធ ៤ ទៅ​៥​ឆ្នាំ ក្រោយពេល​គេ​មក​ធ្វើ​សវនកម្ម​គាត់​សុំ​ប្រកា​សបិទ​ក្រុមហ៊ុន វា​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ការប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​។ ហើយ​នៅ​កម្ពុជា​ច្បាប់​ប្រកួតប្រជែង​យើង​អត់​ទាន់​មាន​ទេ អ៊ីចឹង​ការលើកឡើង​របស់​សហ​គ្រិន​វ័យក្មេង​មិន​ខុស​ទេ​»​។ 
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ពី​ក្រសួងពាណិជ្ជកម្ម ដើម្បី​សុំ​ការអត្ថាធិប្បាយ​តប​នឹង​ការលើកឡើង​របស់​សហ​គ្រិន និង​អ្នកវិភាគ​សេដ្ឋកិច្ច​ខាងលើនេះ​បានទេ​៕ 
​ 

Tag:
 ​ប៉ិច បូ​ឡែ​ន​
  គី សេរី​វឌ្ឍន៍​
 ​សហគ្រិន​
© រក្សាសិទ្ធិដោយ thmeythmey.com