អន្តរជាតិ
លោក ត្រាំ លើកឡើងថា រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​អាមេរិក​អាច​នឹង​ចាក​ចេញពី​តំណែង​
15, Oct 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កំពុងតែ​លើកឡើងថា លោក Jim Mattis រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​អាមេរិក​អាច​ក្លាយជា​មន្ត្រី​សំខាន់​បន្ទាប់​ដែល​នឹង​ចាក​ចេញពី​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​។​

 
​លោក ត្រាំ ប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ដែល​ត្រូវបាន​ចាក់ផ្សាយ​ក្នុង​កម្មវិធី «៦០​នា​ទ‍ី​» របស់​បណ្តាញសារព័ត៌មាន CBS ថា លោក​មិនមែន​បង្ហាញ​សញ្ញា​ថា លោក Mattis នឹង​ចាក​ចេញពី​តំណែង​នោះទេ ប៉ុន្តែ​លោក​បាន​បន្ថែមថា «​លោក​អាច​នឹង​ចាកចេញ​។ ខ្ញុំ​គិតថា លោក Mattis គឺ​អ្នកប្រជាធិបតេយ្យ ប្រសិនបើ​អ្នកដឹង​ពី​ការពិត​នោះ​»​។​
 
​មេដឹកនាំ​សហរដ្ឋអាមេរិក​រូបនេះ​បាន​ពណ៌នា​លោក Mattis ដែលជា​ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍​ពី​ទ័ពជើងទឹក Marine Corps ថា «​ជា​មនុស្ស​ល្អ​ម្នាក់​។ លោក​មាន​ទំនាក់ទំនង​ល្អ​ណាស់​ជាមួយនឹង​អ្នកដទៃ​ទៀត​។ ប៉ុន្តែ​លោក​ប្រហែលជា​នឹង​ចាកចេញ​។ នៅពេល​ណាមួយ អ្នក​គ្រប់គ្នា​ត្រូវ​ចាកចេញ គឺ​គ្រប់គ្នា​។ នេះ​គឺជា​អ្វីដែល​កើតឡើង​នៅក្នុង​រដ្ឋាភិបាល​ក្រុង វ៉ាស៊ីនតោន​»​។​
 
​ក្នុងអំឡុងពេល​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក​អស់​រយៈពេល​២១​ខែ លោក ត្រាំ បាន​បណ្តេញ​មន្ត្រី​សំខាន់ៗ​រាប់សិប​នាក់​ចេញពី​តំណែង ឬក៏​លោក​សុខចិត្ត​បណ្តោយ​ឲ្យ​មន្ត្រី​នានា​ដែល​លោក​ចូលចិត្ត​លាលែង​ពី​តំណែង ដោយ​រួមទាំង​លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​ផងដែរ​។ លោកស្រី Haley បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា លោកស្រី​នឹង​ឈប់​ពី​តំណែង​នេះ​នៅ​ចុង​ឆ្នាំនេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com