ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
អស់រយៈពេល ៣០ឆ្នាំហើយដែលគោព្រៃកម្ពុជាពុំឃើញវត្តមាន
× «គោព្រៃ» ត្រូវបានកំណត់ជាសត្វនិមិត្តរូបនៃប្រទេសកម្ពុជា (មរតកធម្មជាតិ) តំណាងឱ្យពួកថនិកសត្វ។ អស់រយៈពេល ៣០ឆ្នាំមកនេះ គេពុំដែលប្រទះ ឬក៏ឃើញវត្តមានរបស់វាទេ ប៉ុន្តែគេនៅតែមានសង្ឃឹមតិចតួចដែរថា វាអាចនៅមានជីវិតរស់នៅក្នុងប្រទេសកម្ពុជា។ គោព្រៃ ស្ថិតនៅក្នុងក្រុមប្រភេទជិតផុតពូជ និងជាប្រភេទ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ហើយវាកំពុងរង់គ្រោះថ្នាក់ឈានទៅរកការវិនាសផុតពូជបំផុត នៅលើពិភពលោក។ នេះបើយោងតាមសៀងភៅថនិកសត្វកម្ពុជា ដែលរៀបរៀងដោយ ម៉ែន សូរិយន់, សួន ផល្លា, ស៊ិន ប៉ូលីន និង Joe Walston។
«គោព្រៃ» ជាប្រភេទគោសាទិសមានរូបរាងស្រដៀងទៅនឹងសន្សោង ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ គេអាច សម្គាល់វាបានច្បាស់តាមលក្ខណៈ ដូចជាមានបួរវែងធ្លាក់ដល់ជង្គង់ និងស្ទើរតែដល់ដីនៅពេលដែលវាចាស់ទៅ។ ចំពោះស្នែងគោព្រៃឈ្មោល និងញីមានលក្ខណៈខុសគ្នា គឺស្នែងគោឈ្មោលធំជាង ហើយវាដុះចេញមកក្រៅកោងទៅមុខរួចងើបឡើងលើ និងមានបែកចុងស្នែងនៅពេលវាមានអាយុប្រមាណ៣ឆ្នាំ។ រីឯស្នែងគោញីវាដុះមកមុខរាងងើបបន្តិច រួចរមូលឡើងលើ។
គោព្រៃអាចសម្គាល់បានដោយជើងក្រោមជង្គង់ទាំងបួនមានពណ៌ស ឬប្រផេះ និងខ្មៅផ្ទៃក្រោយនៃគូទពុំ មានដាងពណ៌សដូចទន្សោងឡើយ។ សម្បុរគោព្រៃវាអាចប្រែប្រួល នៅពេលវ័យក្មេងមានសម្បុរត្នោត ដល់ជំទង់មានសម្បុរប្រផេះ និងប្រផេះចាស់នៅពេលដែលវាចាស់។ គោព្រៃមានកម្ពស់រហូតដល់ ១,៨២ ម៉ែត្រចំពោះគោឈ្មោល។
គោព្រៃចូលចិត្តរស់នៅតំបន់ព្រៃរល្បោះ វាលស្មៅមានគុម្ពព្រៃ និងជាពិសេសនៅតំបន់ដីច្រាប។ វារស់នៅ ជាហ្វូង ជួនកាលគេជួបប្រទះឃើញវារស់នៅជាមួយជាមួយហ្វូងសន្សោង ខ្ទីង ឬប្រើសជាដើម។ គោព្រៃ ចេញទៅរកស៊ីនៅពេលព្រឹកព្រលឹម និងព្រលប់។ រដូវកាលនៃការបន្តពូជនៅខែមេសា ហើយកូនកើតនៅ ខែធ្នូ ឬខែមករា។ គោព្រៃជាសត្វដែលឆាប់ផ្អើលជាងសត្វដទៃផ្សេងទៀត។ គោព្រៃជាប្រភេទសត្វមានកម្លាំងខ្លាំងពូកែធន់នឹងកម្ដៅថ្ងៃ ហើយអត់អន់នឹងអហារដែលមានគុណភាពទាប ព្រមទាំងអត់ធន់នឹងជំងឺ គោឆ្កួតផងដែរ។
នៅក្នុងសៀងភៅថនិកសត្វកម្ពុជាដដែលបានបញ្ជាក់ថា៖ «គៅព្រៃជាប្រភេទមួយកម្របំផុត។ ហើយវារស់នៅ ខេត្តមួយចំនួននៃប្រទេសកម្ពុជា មានខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ ហើយក្នុងនោះ ដែរភូមិភាគ ឦសានមានខេត្តមណ្ឌលគិរី រតនគិរី និងស្ទឹងត្រែងជាដើម។ ចំពោះគោព្រៃមានតែនៅក្នុងប្រទេសកម្ពុជា ប៉ុណ្ណោះ»៕
© រក្សាសិទ្ធិដោយ thmeythmey.com