អន្តរជាតិ
ប្រជាជន​បន្ត​ត្រឡប់​ទៅ​រស់នៅ​ទីក្រុង​ខ្មោច Chernobyl ជាទី​តាំង​គ្រោះមហន្តរាយ​បែកធ្លាយ​វិទ្យុសកម្ម
16, Oct 2018 , 12:39 pm        
រូបភាព
រូបភាព៖ BBC
រូបភាព៖ BBC
ដោយ៖​​ ​គី ចំណារ

​មហន្តរាយ​វិទ្យុសកម្ម​ដែល​កើតឡើង​តាំងពី​ឆ្នាំ​១៩៨៦​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​បន្សល់ទុក​នូវ​ទីក្រុង​ខ្មោច​មួយ​ដែលមាន​ឈ្មោះថា Chernobyl ដែល​គ្មាន​ប្រជាជន​ណាមួយ​ទៅ​រស់នៅ​ទៀតឡើយ​។ ប៉ុន្តែ រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បច្ចុប្បន្ន ប្រជាជន​មួយចំនួន​បានសម្រេច​ចិត្ត​ទៅ​រស់នៅ​តំបន់​ដែលមាន​គ្រោះថ្នាក់​មួយ​នេះ​ទៅវិញ​។​

 
​នាពេល​ល្ងាច​នៅ​រដូវក្តៅ​មួយ អ្នកស្រី Maryna Kovalenko  កំពុង​លេង​ជាមួយ​កូនស្រី​ទាំងពីរ​និង​ឆ្កែ​របស់គាត់​នៅ​ដី​តូច​មួយ​ក្រោយ​ផ្ទះ​។ ប៉ុន្តែ​បើសិនជា​គេ​ដើរទៅ​ក្រោយ​ផ្ទះមួយ​នេះ​ឲ​កាន់តែ​ជ្រៅ​នោះ គេ​នឹង​ឃើញថា វា​ជា​កន្លែង​មួយ​ស្ងាត់ជ្រងំ​គ្មាន​សកម្មភាព​អ្វី​ទាំងអស់​។ 
 
​ដោយសារតែ​ការរស់នៅ​ពោរពេញ​ទៅដោយ​ការប្រកួតប្រជែង​ច្រើនពេក​ក្នុង​ទីក្រុង អ្នកស្រី Maryna បាន​នាំ​កូនស្រី​ទាំងពីរ​របស់គាត់​ធ្វើ​ចំណាកស្រុក​អស់​រាប់រយ​គីឡូ​ម៉ែត​មកកាន់​តំបន់​ដាច់ស្រយាល​មួយ​នេះ មាន​ចំងាយ​ជាង​៣០​គីឡូ​ម៉ែត​ប៉ុណ្ណោះ​ពី​រោងចក្រ​សម្បូរ​ដោយ​ជាតិ​វិទ្យុសកម្ម​ឈ្មោះថា Chernobyl ។​
 
​និយាយ​ជារួម​ជាតិ​វិទ្យុសកម្ម​ឬ​ភាសា​អង់គ្លេស​ហៅថា “Radioactive element” គឺជា​សារធាតុ​ម្យ៉ាង​ដែល​សម្បូរ​ទៅដោយ​ថាមពល សម្រាប់​ការផលិត​អគ្គីសនី ប៉ុន្តែ​វា​ក៏មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផងដែរ​បើ​វា​មាន​វត្តមាន​ក្នុង​បរិស្ថាន​ធម្មជាតិ​។​
 
​នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​១៩៨៦ រោងចក្រ​ផលិត​ថាមពលនុយក្លេអ៊ែរ Chernobyl នេះ​បាន​ជួបប្រទះ​គ្រោះមហន្តរាយ​មួយ​ដែល​មិន​ធ្លាប់មាន​។ នោះ​គឺ​ការធ្វើ​តេស្ត​សាកល្បង​សុ​វត្តិភាព​នៃ​រោងចក្រ​មួយ​នេះ​បានទទួល​បរាជ័យ ហើយ​រោងចក្រ​នេះ​ឆាបឆេះ និង​សាយភាយ​ធាតុ​វិទ្យុសកម្ម​គ្រោះថ្នាក់​ទាំងនេះ​ចូលទៅក្នុង​បរិយាកាស​។​
 
​សារព័ត៌មាន​ប្រទេស​អង់គ្លេស BBC ផ្សាយ​ថា​សារធាតុ​ទាំងនេះ​ត្រូវបាន​បក់​នាំ​តាម​ខ្យល់ និង​ជាប់​ទៅ​ពពក​កម្ពស់​ជាច្រើន​គីឡូ​ម៉ែត​ទៅកាន់​ទូទាំង​ទ្វីបអឺរ៉ុប​។ ប្រជាជន​ប្រមាណ​១១៦០០០​នាក់​ត្រូវគេ​ជម្លៀសចេញ​ភ្លាមៗ​បន្ទាប់ពី​ហេតុការណ៍​នេះ​កើតឡើង​។ ចាប់តាំងពី​ពេលនេះ​មក​គ្មាន​អ្នកណាម្នាក់​ត្រឡប់មក​រស់នៅ​កន្លែង​ដដែល​នេះ​ទេ​។ ទោះបី​យ៉ាង​ក៏ដោយ មាន​មនុស្ស​មួយចំនួន​តូច​មិន​ព្រម​ជម្លៀសចេញ​នោះឡើយ ព្រោះនេះ​ជា​ទឹកដី​ដូនតា​របស់​ពួកគាត់​។​
 
​អ្នកស្រី Maryna មានផ្ទះ​មួយ​តូច​ដែល​មិនទាន់បាន​ជួសជុល​ឡើយ​។ ប៉ុន្តែ​ផ្ទះ​គាត់​ក៏មាន​ភ្លើង​អគ្គីសនី និង​ទឹក​ប្រើប្រាស់​រួមទាំង​សេវា​ទូរ​សព្ទ​ផងដែរ​។ ព្រោះ​អ្នកស្រី​មាន​ជីវភាព​ក្រីក្រ​ខ្លាំងពេក ទើប​រដ្ឋាភិបាល​សម្រេច​ចិត្ត​ផ្តល់​ផ្ទះ​តូច​មួយ​នេះ​ដល់​គាត់​។ ជា​សំណង គ្រួសារ​របស់គាត់​ត្រូវធ្វើ​ការងារ​សហគមន៍​បន្តិច​ម្តងៗ ដើម្បី​ទទួលបាន​ផ្ទះ​នេះ​មក​។ នៅ​ខាងក្រោយ​ផ្ទះ កូនស្រី​របស់គាត់​ចិញ្ចឹមសត្វ​មាន់ ទន្សាយ និង​ពពែ សម្រាប់​ហូប និង​លក់ដូរ​។ 
 
​គ្រួសារ​ដ៏​តូច​មួយ​នេះ​បាន​ចេញពី​ទីក្រុង Toshkivka ដែលជា​តំបន់​មួយ​នៅ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​ដែលជា​តំបន់​មាន​ជម្លោះ​ប្រដាប់អាវុធ​ដែល​បានសម្លាប់​ជីវិត​ប្រជាជន​អស់​ប្រមាណ​១០០០០​នាក់​ទៅហើយនោះ​។​
 
​តាំងពី​មានការ​ផ្ទុះ​រោងចក្រ​ផលិត​ថាមពល Chernobyl នេះ​មក អ្នកជំនាញ​វិទ្យាសាស្ត្រ​ជុំវិញ​ពិភពលោក​បាន​ស្រាវជ្រាវ និង​តាមដាន​តំបន់​នេះ​ជានិច្ច​។ អ្នកជំនាញ​នៅ​ទី​នោះបាន​និយាយថា កម្រិត​សារធាតុ​វិទ្យុសកម្ម​នៅក្នុង​បរិយាកាស​បាន​ថយចុះ​យ៉ាងច្រើន ប៉ុន្តែ​យ៉ាងណាមិញ​សារធាតុ​ទាំងនេះ​នៅតែ​បន្ត​លាក់ខ្លួន​នៅក្នុង​ដី  បឹង និង​ទន្លេ​មួយចំនួន​ដដែល​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​នៅ​អាច​បន្ត​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ផងដែរ​។ សារធាតុ​នេះ​មាន​ឈ្មោះថា Cesium-137 ហើយ​វា​អាចមាន​វត្តមាន​ក្នុង​សាច់សត្វ​និង​បន្លែ​មួយចំនួន​។ 
 
​គ្រួសារ​លោកស្រី Maryna បាន​និយាយថា ទោះបី​ពួកគេ​មាន​ឧកាស​ទៅ​រស់នៅ​តំបន់​ផ្សេង​ប្រសើរ​ជាង​នេះ​ក៏ដោយ ក៏​ពួកគេ​ជ្រើសរើស​នៅទីនេះ​ដែរ​។ «​ខ្ញុំ​មិន​ខ្វល់​ពី​សារធាតុ​វិទ្យុសកម្ម​អ្វី​នោះទេ ខ្ញុំ​គ្រាន់តែ​ចង់បាន​ជីវិត​មួយ​ប្រកបដោយ​ភាពស្ងាត់ស្ងៀម​តែប៉ុណ្ណោះ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី Maryna ។ 
 
​លោកស្រី​ក៏បាន​បន្តថា​៖«​ពួកគាត់​គ្រាន់តែ​ត្រូវការ​ជីវិត​មួយ​ដែល​ចៀស​ឆ្ងាយ​ពី​ភាពអាសន្ន​តែ​ប៉ុ​ណ្តោះ​»​។​

Tag:
 Chernobyl
  អ៊ុយ​ក្រែ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com