ជាតិ
នយោបាយជាតិ
លោក គង់ ភោគ ឡើងកាន់តំណែងផ្លូវការជាអគ្គលេខាធិការរងអាស៊ាន លោក គង់ ភោគ (ឆ្វេង) ថតជាមួយអគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi ក្រោយស្បថចូលកាន់តំណែង
× លោក គង់ ភោគ អតីតអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានស្បថចូលកាន់តំណែងជាអគ្គលេខាធិការរងអាស៊ាន កាលពីថ្ងៃទី១២ ខែតុលា នៅទីស្នាក់ការអាស៊ានដែលមានមូលដ្ឋានក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ សម្រាប់តំណែងនេះ លោក គង់ ភោគ ទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌ (ASCC) ដែលមានអាណត្តិពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។
លោក គង់ ភោគ ត្រូវចូលកាន់តំណែងជំនួសលោក Vongthep Arthakaivalvatee ។ លោក គង់ ភោគ ត្រូវបំពេញកិច្ចការងារជួយដល់អគ្គលេខាធិការអាស៊ាន ដោយដឹកនាំការអនុវត្តតាមផែនការមេនៃកិច្ចការសហគមន៍សង្គម-វប្បធម៌ (ASCC) ហើយនឹងដឹកនាំនាយកដ្ឋានសហគមន៍សង្គម-វប្បធម៌ នៃលេខាធិការដ្ឋានអាស៊ានផងដែរ។
ក្រៅពីនេះលោក គង់ ភោគ ក៏ត្រូវទទួលខុសត្រូវលើការតាមដាន ការអនុវត្តគម្រោងនៅក្រោមសហគមន៍សង្គម-វប្បធម៌ ដែលផ្ដោតទៅលើការបង្កើតឲ្យមានអត្តសញ្ញាណរួមមួយ និងការកសាងសង្គម ដែលយកចិត្តទុកដាក់ និងចែករំលែក។
មុននឹងចូលកាន់តំណែងអគ្គលេខាធិការរងអាស៊ាននេះ លោក គង់ ភោគ ធ្លាប់បម្រើការងារជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងបំពេញការងារលើគោលនយោបាយការបរទេស នៅក្នុងការិយានាយករដ្ឋមន្ត្រីផងដែរ។លោក គង់ ភោគ ក៏ធ្លាប់ជានាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ ដែលបង្កើតឡើងកាលពី២០១៤ ដែលផ្ដល់ដំណោះស្រាយគោលនយោបាយ ដោយមិនប្រកាន់បក្សពួក និងផ្អែកទៅលើភស្តុតាង។
បណ្ឌិត គង់ ភោគ បានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យ Warwick ប្រទេសអង់គ្លេស ហើយគាត់ក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគោលនយោបាយសាធារណៈនៅសាកលវិទ្យាល័យ Australian National ផង។ លោក គង់ ភោគ បានសរសេរនិងផ្សព្វផ្សាយសៀវភៅពីគោលនយោបាយការបរទេស, គោលនយោបាយការពារ, នយោបាយជាតិ និងពាណិជ្ជកម្មអន្តរជាតិជាដើម។
© រក្សាសិទ្ធិដោយ thmeythmey.com