អន្តរជាតិ
អូស្ត្រាលី ចង់​ប្ដូរ​ស្ថានទូត​ទៅ​ហ្ស៊េ​រុយ​សា​ឡិ​ម​តាម​អាមេរិក​
16, Oct 2018 , 7:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន (រូបភាព AFP)
នាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន (រូបភាព AFP)
​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន នៅ​ថ្ងៃទី​១៦ ខែតុលា និយាយថា អូស្ត្រាលី​កំពុង​ពិចារណា​ប្ដូរ​ស្ថានទូត​របស់ខ្លួន​ប្រចាំ​អ៊ី​ស្រ​អែល​ពី​តែ​ល​អា​វីវ​ទៅកាន់​ហ្ស៊េ​រុយ​សា​ឡិ​ម​។ បើ​ពិតមែន​នោះ លោក ម៉ូ​រី​សុន កំពុង​ផ្លាស់ប្ដូរ​ជំហរ​របស់​អូស្ត្រាលី​ក្នុងពេល​រាប់​ទសវត្សរ៍​មកនេះ ហើយ​កំពុង​ដើរ​តាម​អាមេរិក​ដែល​បាន​ប្ដូរ​ស្ថានទូត​ទៅកាន់​ហ្ស៊េ​រុយ​សា​ឡិ​ម​មុនគេ​បង្អស់​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ ការប្រកាស​លោក ម៉ូ​រី​សុន ធ្វើឡើង​ប៉ុន្មាន​ថ្ងៃមុន​ការបោះឆ្នោត​បំពេញ​អាសន​សភា​ប្រចាំ​ស៊ីដនី​ដែល​សម្បូរ​ដោយ​ជនជាតិ​ជ្វី​ហ្វ​។​

 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១៦ ខែតុលា ប្រមុខ​រដ្ឋាភិបាល​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន បញ្ជាក់​ជំហរ​ថា លោក​បើកចំហ​ដល់​ការទទួល​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​ផ្លូវការ និង​ប្ដូរ​ស្ថានទូត​អូស្ត្រាលី​ទៅកាន់​ទីក្រុង​ពិសិដ្ឋ​នេះ​ផង​។ ទោះ​នេះ​អាចជា​ការដើរបញ្ច្រាស់​ទាំង​ស្រុង​នឹង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​រាប់សិប​អាណត្តិ​មកហើយ​នោះ លោក ម៉ូ​រី​សុន ចង់ឃើញ​ការរីកចម្រើន​ជាង​មុន​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​។​
 
​នាយករដ្ឋមន្ត្រី​ទើប​កាន់តំណែង​របស់​អូស្ត្រាលី​រូបនេះ ហាក់​មិន​ពេញ​ចិត្តនឹង​វិបត្តិ​ដ៏​រ៉ាំរ៉ៃ​មួយ​នេះឡើយ បើទោះជា​លោក​ទទួលស្គាល់​ដំណោះស្រាយ​រដ្ឋ​ពីរ​ក្ដី​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ម៉ូ​រី​សុន និយាយ​ដោយ​ត្រង់​ថា​៖ «​វា​មិនមាន​ដំណើរ​ការល្អ​ឡើយ ហើយ​គ្មាន​ការរីកចម្រើន​ច្រើន​ដែរ​ក្នុងការ​ដោះស្រាយ​ជម្លោះ ប៉ុន្តែ​មិនអាច​បន្តធ្វើ​រឿង​ដដែល ហើយ​ចង់បាន​លទ្ធផល​ផ្សេង​ឡើយ​។​» ឯ​រដ្ឋាភិបាល​អូស្ត្រាលី​ក៏​នឹង​គិតគូរ​ពី​បញ្ហា​ប្ដូរ​ស្ថានទូត​នេះ​។​
 
​ការប្រកាស​នេះ​អាច​និយាយថា ជា​ការដើរតាម​អាមេរិក ប៉ុន្តែ​លោក ម៉ូ​រី​សុន បដិសេធ​។ ប្រមុខ​រដ្ឋាភិបាល​អូស្ត្រាលី​រូបនេះ​បញ្ជាក់ថា ការសម្រេចចិត្ត​របស់​លោក​មិន​មានការ​លូកលាន់​ពី​អាមេរិក​ឡើយ ហើយ​វា​ក៏​មិនកើត​ចេញពី​ការជជែក​ណាមួយ​រវាង​លោក​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ឬ​មន្ត្រី​អាមេរិក​នោះទេ​។​
 
​អ្វីដែល​គួរកត់សម្គាល់​នោះ ការលើកឡើង​របស់លោក ម៉ូ​រី​សុន ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដើម្បី​បំពេញបន្ថែម​កៅអី​សភា​នៅ​មណ្ឌល​ក្រុង​ស៊ីដនី​។ អតីត​អគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​អ៊ីស្រាអែល​ជា​បេក្ខជន​របស់​បក្ស​សេរីនិយម​សម្រាប់​ការបោះឆ្នោត​ដ៏​សំខាន់​នេះ​។ បើ​ចាញ់ឆ្នោត លោក ម៉ូ​រី​សុន នឹង​បាត់បង់​សំឡេង​ភាគច្រើន​ក្នុង​សភា​មិន​ខាន​។ លោក ម៉ូ​រី​សិន ក៏​ចេញមក​លើកឡើងថា គ្មាន​ពាក់ព័ន្ធ​រវាង​ការបោះឆ្នោត និង​គំនិត​ប្ដូរ​ស្ថានទូត​ឡើយ​។​
 
​បក្សប្រឆាំង​អូស្ត្រាលី បាន​រិះគន់​យ៉ាងខ្លាំង​លើ​លោក ម៉ូ​រី​សុន ដែល​ឡើងកាន់តំណែង​ក្រោយ​រដ្ឋប្រហារ​ក្នុង​បក្ស ជុំវិញ​បញ្ហា​នេះ​។ អ្នកនាំពាក្យ​ផ្នែក​គោលនយោបាយ​ការបរទេស​របស់​បក្ស​ពលករ Penny Wong និយាយថា លោក ម៉ូ​រី​សុន អន្ទះអន្ទែង​បន្ត​តំណែង​នាយករដ្ឋមន្ត្រី​របស់ខ្លួន ដូចនេះ​លោក​ត្រៀម​និយាយ​អ្វី​គ្រប់យ៉ាង ប្រសិនបើ​លោក​គិតថា អាចធ្វើ​ឲ្យ​លោក​ឈ្នះ​កៅអី​ខ្លះ ទោះជា​ធ្វើ​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍​ជាតិ​ក្ដី​៕ 
 

Tag:
 ​អូស្ត្រាលី​
  អាមេរិក​
  អ៊ីស្រាអែល​
  ហ្ស៊េ​រុយ​សា​ឡិ​ម​
© រក្សាសិទ្ធិដោយ thmeythmey.com