ជាតិ
សេដ្ឋកិច្ច
EuroCham៖«តើគណៈកម្មការអឺរ៉ុបចង់ឲ្យកម្ពុជាធ្វើអ្វី ឲ្យប្រាកដ?» លោកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មគណៈកម្មការអឺរ៉ុប និង លោក Arnaud Darc លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា
× សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham) នៅថ្ងៃទី១៦ ខែតុលា បានបង្ហាញក្ដីបារម្ភចំពោះដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធក្រោមកិច្ចព្រមព្រៀងគ្រប់មុខទំនិញក្រៅពីអាវុធ (EBA) ពីកម្ពុជា។ EuroCham បារម្ភថា ដំណើរការនេះនឹងបង្កផលប៉ះពាល់ដល់ផលប្រយោជន៍ពាណិជ្ជកម្មរយៈពេលវែងរបស់សហភាពអឺរ៉ុបនៅកម្ពុជា។ ស្ថាប័ននេះក៏ស្នើចូលរួមក្នុងការជជែកពីដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធ ព្រោះខ្លួនជាអ្នកវិនិយោគផ្ទាល់នៅកម្ពុជា ហើយស្នើសុំជួបស្នងការពាណិជ្ជកម្មអឺរ៉ុបដែលជាអ្នកប្រកាសចាប់ផ្តើមដំណើរការនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជានេះ។
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (Eurocham) បានសរសេរលិខិតមួយផ្ញើជូនលោកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មគណៈកម្មការអឺរ៉ុប ដោយបានបង្ហាញការមិនពេញចិត្តចំពោះដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធក្រោមកិច្ចព្រមព្រៀងគ្រប់មុខទំនិញលើកលែងអាវុធ (EBA) ។ EuroCham ក៏បារម្ភពីឥទ្ធិពលអវិជ្ជមាននៃការដកប្រព័ន្ធអនុគ្រោះពន្ធនេះ។
ក្នងលិខិតដែលចុះហត្ថលេខាដោយតំណាងសមាគមពាណិជ្ជកម្មរបស់ប្រទេសអឺរ៉ុបចំនួន៥នៅកម្ពុជា EuroCham បានលើកហេតុផលថា ការផ្អាក ឬការដាក់ទណ្ឌកម្ម នឹងជាការគំរាមកំហែងដោយផ្ទាល់លើភាពប្រកួតប្រជែងរបស់ធុរកិច្ចអឺរ៉ុបនៅកម្ពុជា និងជំហររបស់សហភាពអឺរ៉ុបក្នុងការជំរុញរបៀបវារៈពាណិជ្ជកម្មរបស់ខ្លួន ព្រមទាំងធ្វើឲ្យបាត់បង់ភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនអឺរ៉ុបក្នុងបរិបទដែលចិនកំពុងបង្កើនវត្តមាននៅកម្ពុជា និងតំបន់។
តាមទស្សនៈរបស់ខ្លួន EuroCham យល់ថា ការផ្ដើមគំនិតផ្អាក ឬការដាក់ទណ្ឌកម្មរយៈពេលខ្លី មិនមែនជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការជំរុញដំណើរការប្រជាធិបតេយ្យឡើយ តែកិច្ចសហប្រតិបត្តិការទៅវិញទេដែលជាចំណាត់មានប្រសិទ្ធភាព។ ក្នុងលិខិតដដែល សម្រាប់ករណីនៅកម្ពុជា ការព្យួរ EBA នឹងជះឥទ្ធិពលអាក្រក់លើធុរកិច្ចសហភាពអឺរ៉ុប និងការប្ដេជ្ញាចិត្តរបស់អឺរ៉ុបក្នុងការបញ្ចូលប្រទេសកម្ពុជាអភិវឌ្ឍក្នុងសេដ្ឋកិច្ចសាកល ក៏ដូចជាការឥទ្ធិពលនៃគោលការពាណិជ្ជកម្មរបស់អឺរ៉ុបដែលជារង្វាស់នៃតម្លៃប្រជាធិបតេយ្យដែរ។
ក្នុងនាមជាតំណាងឲ្យប្រយោជន៍វិស័យឯកជនអឺរ៉ុបនៅកម្ពុជា និងសហគមន៍ធុរកិច្ចនៃប្រទេសអឺរ៉ុបផ្សេងទៀត EuroCham ក៏បង្ហាញជំហរចង់ចូលរួមក្នុងដំណើរការវាយតម្លៃដើម្បីការព្យួរ EBA ជាបណ្ដោះអាសន្ន។ នេះក៏ព្រោះតែ Eurocham អះអាងថា សមាជិកខ្លួនជាអ្នកមានបទពិសោធផ្ទាល់ជាមួយកម្ពុជា ហើយស្ថិតក្នុងស្ថានភាពល្អប្រសើរបំផុតក្នុងការផ្ដល់នូវការសម្អាងជាក់ស្ដែងចំពោះស្ថានភាពនៅកម្ពុជា ហើយគួរតែផ្ដល់ឱកាសដើម្បីចូលរួមជជែកពីការដំណើរការផ្អាក EBA ។
«យើងទទូចឲ្យគណៈកម្មការអឺរ៉ុបបញ្ជាក់ឲ្យបានច្បាស់ឲ្យបានលឿនតាមតែអាចធ្វើបាននូវកម្មវត្ថុរបស់ខ្លួន ក៏ដូចជាវិធានការដែលគួរឲ្យជឿជាក់ និងពេញចិត្ត ដែលគណៈកម្មការចង់ឲ្យមានការអនុវត្តនៅកម្ពុជា ព្រោះយើងមានអារម្មណ៍ថា ពេលនេះមានភាពមិនច្បាស់លាស់ និងការយល់ច្រឡំច្រើននៅកម្ពុជាក្រោយការប្រកាស។» នេះជាការលើកបន្ថែមរបស់ EuroCham កម្ពុជា ។
ចុងក្រោយ EuroCham ក៏ស្នើសុំជួបលោកស្រី Malmstrom នៅកិច្ចប្រជុំអាស៊ី-អឺរ៉ុបនៅព្រុចសែល ដើម្បីជជែកពីស្ថានភាពនៅកម្ពុជា និងក្ដីបារម្ភរបស់វិស័យឯកជនរបស់អឺរ៉ុប៕
© រក្សាសិទ្ធិដោយ thmeythmey.com