អន្តរជាតិ
​លើ Google Maps បុរស​ប៉េ​រូ​ម្នាក់​ឃើញ​ប្រពន្ធ​ខ្លួន​កៀកកើយ​ជាមួយ​ប្រុស​ផ្សេង​ដោយ​ចៃដន្យ​
16, Oct 2018 , 8:59 pm        
រូបភាព
ដោយ: ធីតា
Google Maps (Google Street View) បាន​បង្ក​ឲ្យ​មានការ​លែងលះគ្នា ក្រោយ​បុរស​ម្នាក់​ប្រទះឃើញ​រូបភាព​ភរិយា​របស់ខ្លួន​កៀកកើយ​ជាមួយ​ប្រុស​ផ្សេង​នៅ​ទីសាធារណៈ​។ បើតាម​ការផ្សាយ​របស់​សារព័ត៌មាន The Sun បុរស​នោះ បាន​ស្រាវជ្រាវ​មើល​គោលដៅ​ដែល​ខ្លួន​ត្រូវ​ទៅ ប៉ុន្តែ​ចៃដន្យ​ស្រាប់តែ​ឃើញ​រូប​ភរិយា​របស់ខ្លួន​។​

 
​រូប​មួយ​សន្លឹក​ដែល​ថត​ចេញពី​កាមេរ៉ា​រថយន្ត​របស់​ក្រុមហ៊ុន Google នៅ​ទីតាំង​មួយកន្លែង​ក្នុង​ក្រុង Lima ប្រទេស​ប៉េ​រូ បង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​មួយរូប ប្រកៀកប្រកើយ​ជាមួយ​បុរស​ម្នាក់​លើ​កៅអី​សាធារណៈ​។ បុរស​បាន​គេង​កើយ​លើភ្លៅ​នារី​។ 
 
​ក្រោម​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បុរស​ដែល​បាន​ប្រទះឃើញ​រូបថត​នេះ មាន​អា​ការៈខឹង​សម្បារ​យ៉ាងខ្លាំង ពីព្រោះ​ខ្លួន​ចំណាំ​យ៉ាងច្បាស់​ថា នារី​ក្នុង​រូបថត គឺជា​ភរិយា​របស់ខ្លួន បើទោះបីជា Google ដាក់​ព្រាលៗ​មុខ​ក៏ដោយ​។ 
 
​គាត់​បាន​ពង្រីក​រូប ហើយ​កាន់តែ​ជឿជាក់​ច្បាស់​ថា ជា​ភរិយា​របស់ខ្លួន ពីព្រោះ​គាត់​បាន​ចំណាំ​អាវ​យ៉ាងច្បាស់ បើទោះបីជា​រូបនោះ ត្រូវបាន​ថត​តាំងពី​ឆ្នាំ​២០១៣​មក​ក៏ដោយ​។ 
 
The Sun បាន​អះអាងថា ក្រោយ​ការ​បង្ហោះ​រូបថត​តាម​ហ្វេ​ស​ប៊ុ​ក រឿងរ៉ាវ​គ្រួសារ​មួយគូ​នេះ​ល្បីល្បាញ​យ៉ាងខ្លាំង​។ ពួកគេ​បានសម្រេច​ចិត្ត​លែងលះគ្នា ក្រោយ​ស្ត្រី​ដែលជា​ភរិយា​ទទួលស្គាល់ថា ខ្លួន​ពិតជា​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ដទៃ​ពិតប្រាកដ​មែន​៕
 

Tag:
 Google Maps
© រក្សាសិទ្ធិដោយ thmeythmey.com