សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ដោយ​ខ្លាច​ស្ថានភាព​អាក្រក់ ថៃ​ដាក់​ពិ​ដាន​លើ​កម្ចី​ទិញ​លំនៅឋាន​
16, Oct 2018 , 10:19 pm        
រូបភាព
ដោយ:
​ដោយ​បារម្ភ​ពី​ស្ថានភាព​ឥណទាន​សម្រាប់​ទិញ​អចលនទ្រព្យ នឹង​បង្ក​ជា​ផល​អាក្រក់  ធនាគារកណ្ដាល​ថៃ​នឹង​តម្រូវ​ឲ្យ​អ្នកទិញ​លំនៅឋាន​តម្លៃ​លើសពី ១០​លាន​បាត ហើយ​និង​អ្នកទិញ​លំនៅឋាន​ជា​លក្ខណៈ​ផ្ទះ​ទី​២ ត្រូវមាន​ប្រាក់​បង់​ដោយ​ខ្លួនឯង​យ៉ាងហោចណាស់ ២០​ភាគរយ​។  បានសេចក្ដីថា អ្នកទិញ​លំនៅឋាន​ទាំងនោះ អាច​ខ្ចីលុយ​បាន​យ៉ាងច្រើន ៨០​ភាគរយ​នៃ​តម្លៃ​ផ្ទះ​ប៉ុណ្ណោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្ដិ៍ នៅ​ថ្ងៃទី​៤​ខែតុលា​។​


 
​វិធានការ ដែល​នឹង​ចូល​ជាធរ​មាននៅ​ខែមករា ឆ្នាំ​២០១៩​ខាងមុខនេះ ត្រូវបាន​បង្កើតឡើង​ចំពេល​ដែល​បំណុល​គ្រួសារ និង​ឥណទាន​លំនៅឋាន កំពុង​កើនឡើង​។ 
​ទោះជា​មិនទាន់​ចូល​ជា​ធរមាន ប៉ុន្តែ​ធនាគារជាតិ​ថៃ បាន​ប្រើប្រាស់​វិធានការ​ខាងលើនេះ ធ្វើជា​គោលការណ៍​ណែនាំ​ដល់​អ្នក​នៅក្នុង​វិស័យនេះ ដែល​មិន​បង្ខំ​ឲ្យ​អនុវត្ត​ដាច់ខាត​នោះទេ​។​
​លោកស្រី Wajeetip Pongpetch ទេសាភិបាល​ជំនួយ​នៃ​ធនាគារកណ្ដាល​ថៃ លើកឡើងថា​៖«​វិធានការ​នេះ មាន​គោលដៅ​ការពារ​ការទិញ​កាក់​ទុក និង​ដើម្បី​បន្ថយ​លំហូរ​ឥណទាន​អចលនទ្រព្យ ដែល​មិន​ផ្អែកលើ​តម្រូវការ​លំនៅឋាន​ពិតប្រាកដ​»​។​
 
​លោកស្រី បញ្ជាក់ថា ស្ថិតក្រោម​បញ្ញត្តិ​ថ្មី​នេះ អ្នកទិញ​លំនៅឋាន ត្រូវមាន​ប្រាក់​បង់​ដោយ​ខ្លួនឯង ២០​ភាគរយ​យ៉ាងតិច និង​អាច​ខ្ចីលុយ​ធនាគារ​យ៉ាងច្រើន​បំផុត ៨០​ភាគរយ​។ លោកស្រី​បន្ថែមថា ចំពោះ​អ្នកទិញ​លំនៅឋាន​លក្ខណៈ​ជា​ផ្ទះ​ទី​២ ឬ​ទី​៣ ក៏ត្រូវ​តម្រូវ​ឲ្យ​មាន​ប្រាក់​បង់​ខ្លួនឯង ២០​ភាគរយ​ផងដែរ​។​
 
​ធនាគារកណ្ដាល​ថៃ បារម្ភ​ពី​ការកើនឡើង​នូវ​ភាព​ងាយ​រងគ្រោះ ក្នុង​វិស័យ​អចលនទ្រព្យ​។ កាសែត​បាងកក​ប៉ុស្ដិ៍ បាន​សរសេរ​ទៀតថា ការទិញ​អចលនទ្រព្យ​សម្រាប់​លក់​យកចំណេញ (​ទិញ​ទុក​) បាន​ញ៉ាំង​ឲ្យ​តម្លៃ​លំនៅឋាន​កើនឡើង​។​
 
​លោកស្រី Wajeetip Pongpetch ជឿជាក់ថា វិធានការ​ថ្មី​នេះ នឹង​ជួយ​បន្ថយ​បំណុល​គ្រួសារ ដែល​កំពុងមាន​បរិមាណ ១២,៣ ពាន់​ពាន់​លាន​បាត​នៅ​ពាក់កណ្ដាល​ឆ្នាំនេះ ស្មើនឹង ៧៧,៥​ភាគរយ​នៃ​ទំហំ​ទឹកប្រាក់​ផលិតផល​ក្នុងស្រុក​សរុប​របស់​ថៃ និង​ស្ថិតក្នុង​លំដាប់​ខ្ពស់​ក្នុង​តំបន់​អាស៊ី​។​
 
​យោងតាម​ធនាគារជាតិ​ថៃ តម្លៃ​ខុន​ដូ​បាន​កើន ៥,៦​ភាគរយ ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៨ ខណៈ​កាលពី​ឆមាស​ទី​២​ឆ្នាំ​២០១៧ តម្លៃ​នេះ​ឡើង​តែ ០,៦​ភាគរយ​ប៉ុណ្ណោះ​។ ឥណទាន​សម្រាប់​ទិញ​លំនៅឋាន កើន ៦,២​ភាគរយ ក្នុង​ខែមិថុនា​ឆ្នាំ​២០១៧ ខណៈ​កម្ចី​ខូច​ក្នុង​វិស័យនេះ មាន​ទំហំ​ដល់​ទៅ ៣,៣៩​ភាគរយ ដែលជា​កម្រិត​ខ្ពស់បំផុត​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៩​។​
 
​ទោះយ៉ាងណា ផ្នែក​ឯកជន​ដែល​ពាក់ព័ន្ធ​នឹង​វិស័យនេះ កំពុង​ស្នើសុំ​ឲ្យ​បន្ធូរ​ប​ន្ធ​យ​វិធានការ​ខាងលើនេះ​ខ្លះ និង​សុំ​ពន្យារពេល​អនុវត្ត​ចាប់ពី​ពាក់កណ្ដាល​ឆ្នាំ​២០១៩៕

Tag:
 ថៃ​
  អចលនទ្រព្យ​
  ឥណទាន
© រក្សាសិទ្ធិដោយ thmeythmey.com