ភ្នំពេញ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEc) ស្នើឲ្យរដ្ឋាភិបាលកាត់បន្ថយការនាំចូលផលិតផលសម្រេចពីបរទេសមកទីផ្សារកម្ពុជា ដើម្បីជួយឲ្យសហគ្រាសធុនតូច និងមធ្យមមានការរីកចម្រើន។ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជាលើកបែបនេះ ដោយសារលោកសង្កេតឃើញថា ក្រសួងពាក់ព័ន្ធ ហាក់មិនទាន់អនុវត្តន៍បានពេញលេញលើការនាំចូលផលិតផលសម្រេចមកកម្ពុជាឡើយ។
លោក តែ តាំងប៉ បាននិយាយថា បើការនាំចូលផលិតផលសម្រេចនៅតែកើនឡើងនោះ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ប្រាកដជាជួបបញ្ហាប្រឈម និងពិបាករីកចម្រើន។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមរូបនេះ បានបញ្ជាក់ដូច្នេះថា៖« បើសិនជាក្រសួងពាណិជ្ជកម្មចេះតែអនុញ្ញាតឲ្យផលិតផលគេចូលមកដោយសេរីអ៊ីចឹង ចុះយើងក្នុងស្រុកយើងនេះផលិតបានប្រយោជន៍អី។ យើងគិតទាំងអស់គ្នា ប្រទេសណាក៏គេគ្រាំទ្រផលិតផលក្នុងស្រុកគេដែរ បើយើងមិនគាំទ្រផលិតផលក្នុងស្រុកយើងទេ យើងបើកឲ្យគេសេរីចូលមក អាហ្នឹងក្នុងស្រុកងាប់បាត់ហើយ»។
ត្រង់ចំណុចលោក តែ តាំងប៉ ស្នើឲ្យក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធទាំងអស់ អនុវត្តឲ្យបានត្រឹមត្រូវតាមគោលនយោបាយរដ្ឋាភិបាល ដែលមានទិសដៅកាត់បន្ថយការនាំចូលផលិតផលសម្រេចចូលទីផ្សារកម្ពុជា។ « រដ្ឋាភិបាល គាត់មានគោលនយោបាយមួយ មុនការបោះឆ្នោត គឺថាចេញគោលនយោបាយហាមឃាត់ការនាំចូលផលិតផលសម្រេចពីបរទេស អាហ្នឹងគឺជាគោលដៅទីមួយ ដោយឡែកតែក្រសួងទេ ដែលចេះតែអនុញ្ញាតឲ្យគេនាំចូល។ គោលនយោបាយចតុកោណដំណាក់ទីបីរបស់រដ្ឋាភិបាលគឺចង់កាត់បន្ថយ ការនាំផលិតផលសម្រេចពីបរទេស ជំរុញសហគ្រាសធុនតូចមធ្យម ជាពិសេសជួយជំរុញឲ្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បីកែច្នៃផលិតផលកសិកម្មយើង ព្រោះប្រទេសយើងជាប្រទេសកសិកម្ម មានផលិតផលកសិកម្មហើយ យើងយកវាកែឆ្នៃជាចំណីអាហារផលិតផលសម្រេច»។ នេះជាការបញ្ជាក់របស់លោក តែ តាំងប៉។
បើតាមប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជារូបនេះ សព្វថ្ងៃSMEc អាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកគ្រប់គ្រាន់ ខណៈសហគ្រាសមួយចំនួន កំពុងចុះបញ្ជីទទួលស្គាល់កំរិតស្ដង់ដារ ដើម្បីប្រកួតប្រជែងទីផ្សារក្នុងតំបន់អាស៊ានផងដែរ។
លោក តែ តាំងប៉ បានបន្ថែមបែបនេះថា ៖« ខ្មែរយើងសព្វថ្ងៃផលិតបានច្រើនណាស់ ទីមួយជំរុញឲ្យខ្មែរយើងចេះគាំទ្រផលិតផលខ្មែរយើង យើងយកស្ដង់ដាអាស៊ានមកប្រើ ក្រសួងឧស្សាហកម្មគាត់កំណត់អ៊ីចឹង យើងកំពុងជំរុញសិប្បកម្មតូចៗមួយចំនួន ហើយគ្នាកំពុងរត់ការយកISO ដើម្បីធ្វើការប្រកួតប្រជែង។ យើងមិនត្រឹមផលិតត្រឹមក្នុងស្រុកទេ យើងចង់នាំចេញ ដើម្បីយករូបិយប័ណ្ណចូលប្រទេសយើងផងដែរ»។
កម្ពុជាខាត់បង់ទឹកប្រាក់៥ពាន់លានដុល្លារលើការនាំទំនិញចូល ខណៈដែលសហគ្រាសធុនតូច និងមធ្យមគឺជាឆ្អឹងកងរបស់សេដ្ឋកិច្ចជាតិ ដែលត្រូវការគាំទ្រពីរដ្ឋាភិបាល។ នេះបើតាមប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
លោក ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យមមានជាង៥ម៉ឺនសហគ្រាស តែមានជាង២ម៉ឺនប៉ុណ្ណោះ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់។ រាជដ្ឋាភិបាលបានសម្រេចលើកលែងពន្ធរយៈពេលពីរឆ្នាំ ដល់អាជីវកម្មបើកថ្មីផងដែរ។
កន្លងមករដ្ឋាភិបាលបានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ មានចំណុចអាទិភាពចំនួន៤ រួមមានការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម អាជីវកម្មខ្នាតតូចនិងមធ្យម ដឹកជញ្ជូន និងផ្គត់ផ្គង់សម្ភារៈ ការបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍសមត្ថភាពពលករ៕