អន្តរជាតិ
លោក Trump គំរាម​កាត់​ជំនួយ​ទៅ​ហុង​ឌុយ​រ៉ា​ស់ បើ​មិន​បញ្ឈប់​ក្បួន​ដើរ​សំដៅ​មក​អាមេរិក​របស់​ជន​ចំណាកស្រុក​
17, Oct 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​លោក​ប្រធានាធិបតី Donald Trump បាន​គំរាមកំហែង​កាត់​ជំនួយ​ទៅ​ប្រទេស​ហុង​ឌុយ​រ៉ា​ស់ ប្រសិនបើ​រដ្ឋាភិបាលរ​បស់​ប្រទេស​នេះ​មិន​បញ្ឈប់​ពួក​ជន​ចំណាកស្រុក ដែល​កំពុងធ្វើដំណើរ​ឆ្ពោះ​មក​សហរដ្ឋអាមេរិក​ទេនោះ​។​

 
​ជន​ចំណាកស្រុក​មួយក្រុម ដែលមាន​ចំនួន​មនុស្ស​ពី​១.៦០០ ទៅ​២.០០០​នាក់ ដែល​កំពុងធ្វើដំណើរ​ចេញពី​ប្រទេស​ហុង​ឌុយ​រ៉ា​ស់ ដោយសារ​អំពើហិង្សា និង​ភាពក្រីក្រ​បាន​ឆ្លងកាត់​ប្រទេស​ហ្គា​តេ​ម៉ា​ឡា​និង​សង្ឃឹមថា នឹង​មកដល់​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ចន្ទ​ខាងមុខនេះ​។ ពួកគេ​បាន​ប្រឈម​នឹង​ការរារាំង​ពី​សំណាក់​ក្រុមប៉ូលិស​ដែល​ត្រូវបាន​គេ​បញ្ជូនទៅ​បញ្ឈប់​ពួកគេ​ពីរដង​រួចមកហើយ​។ លើកទីមួយ​នៅ​ព្រំដែន ហើយ​ម្តងទៀត​នៅក្នុង​ក្រុង Esquipulas​ប្រទេស​ហ្កា​តេ​ម៉ា​ឡា​។​
 
​ប៉ូលិសអន្តោប្រវេសន៍​ម៉ី​ក​ស៊ី​កបាន​ព្រមាន​ថា លើកលែងតែ​ជន​ចំណាកស្រុក​ដែលមាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ប៉ុណ្ណោះ ដែល​នឹងត្រូវ​អនុញ្ញាត​ឲ្យ​ចូលក្នុង​ប្រទេស​។ ក្បួន​ដើរ​របស់​ជន​ចំណាកស្រុក​នេះ​បានចាប់ផ្តើម​ឡើង​ដោយមាន​សមាជិក​តែ​២០០ នាក់​ប៉ុណ្ណោះ​ក្នុង​ក្រុង San Pedro Sula​ប្រទេស​ហុង​ឌុយ​រ៉ា​ស់ ដែល​ជាទី​ក្រុងមាន​គ្រោះថ្នាក់​បំផុត​ក្នុង​ពិភពលោក​។ ក្រុម​នេះ​បាន​ដើរ​ស្រែកច្រៀង​ចំរៀង​ជាតិ​ហុង​ឌុយ​រ៉ា​ស់ បន់ស្រន់ និង​ស្រែក​បន្ទរ​ពាក្យ​ថា «​យើង​អាច​ធ្វើបាន​» និង​បាន​រីក​កាន់តែ​ធំ​ឡើង​នៅ​ទូទាំងប្រទេស​។​
 
​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Mike Pence បាន​ជំរុញ​ដល់​រដ្ឋាភិបាល​ហុង​ឌុយ​រ៉ា​ស់ អែល​សាវ៉ា​ឌ័​រ និង​ហ្កា​តេ​ម៉ា​ឡា​ឲ្យ​ប​ញ្ជុះ​ប​ញ្ជូ​ល​កុំ​ឲ្យ​ពលរដ្ឋ​របស់​ពួកគេ​ចាក​ចេញពី​ប្រទេស​។​
 
​សហរដ្ឋអាមេរិក​បាន​ផ្តល់​ថវិកា​ជំនួយ​ប្រមាណ​១២៧​លាន​ដុល្លារ​ទៅ​ប្រទេស​ហុង​ឌុយ​រ៉ា​ស់កា​លពី​ឆ្នាំ​២០១៦​។ នេះ​បើ​យោងតាម​ទី​ភ្នា​ក់​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​ហៅ​កាត់​ថា USAID ដែល​នៅពេលនោះ​ហុង​ឌុយ​រ៉ា​ស់មាន​ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ​២២​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ធនាគារពិភពលោក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com