ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
ក្របីព្រៃ មានតែនៅកម្ពុជា ឥណ្ឌា និងនេប៉ាល់
17, Oct 2018 , 4:58 pm        
រូបភាព
រូបភាពពី៖ FA / WWF-Cambodia
រូបភាពពី៖ FA / WWF-Cambodia
ដោយ: ថ្មីៗ
ក្របីព្រៃ ជា​ប្រភេទ​សត្វ​កម្រ វា​មាន​ចំនួន​តិចតួច​បំផុត​ដែល​សេសសល់​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​វត្ត​មាន​របស់​វា​មានតែ​នៅ​ខេត្តមណ្ឌលគិរី ព្រះវិហារ និង​ខេត្តរតនគិរី​។ ក្រៅពី​កម្ពុជា ក្របីព្រៃ មាន​ប្រទេស​ឥណ្ឌា និង​នេ​ប៉ាល់​ផងដែរ​។ ក្របីព្រៃ ស្ថិតក្នុង​ក្រុម​ប្រភេទ​ជិត​ផុត​ពូជ និង​ជា​ប្រភេទ​កំពុងតែ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​ជាស​កល ដែល​ត្រូវបាន​ចុះបញ្ជី​ក្រហម IUCN​។ សត្វ​ប្រភេទ​នេះ ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ដោយសារ​ការបាត់​ទីជម្រក ការរាំងស្ងួត​នៃ​ទីជម្រក និង​ការ​បរបាញ់​ជាដើម​។ នេះ​បើ​យោងតាម​សៀវភៅ​ថនិកសត្វ​កម្ពុជា ដែល​រៀបរៀង​ដោយ ម៉ែន សូ​រិ​យន់​, សួន ផល្លា​, ស៊ិន ប៉ូ​លីន និង Joe Walston ឆ្នាំ​២០០៨​។​



​សៀវភៅ​ថនិកសត្វ​កម្ពុជា​ដដែល​បានសរសេរថា ក្របីព្រៃ ចូលចិត្ត​រស់នៅ​តំបន់​ព្រៃ​ល្បោះ វាលស្មៅ​ក្បែរ​ទឹក វា​ពុំ​ចូលចិត្ត​ព្រៃស្រោង​ទេ​។ ក្របីព្រៃ រស់នៅ​ជា​ហ្វូង ហើយ​ចេញទៅ​រកស៊ី​នៅពេល​ព្រឹក​ព្រលឹម​និង​ល្ងាច វា​ទំពារ​អៀង​នៅពេល​ដេក ឬ​ពេលដែល​ត្រាំ​ទឹក​។ ក្របី​ញី​ដោយ​ឈ្មោល​នៅ​អំឡុង​ខែតុលា រហូតដល់​ខែវិច្ឆិកា និង​បង្កើតកូន​១ បន្ទាប់ពី​បាន​ពរ​ពោះ​រយៈ​ពេ ល ១០​ខែ​។ 

​ក្របីព្រៃ មាន​រាង​ដូច​ទៅនឹង​ក្របី​ស្រុក​ដែរ ប៉ុន្តែ​ក្របីព្រៃ​មាន​ភាពរហ័សរហួន​ជាង និង​ឆាប់​ក្រេវក្រោធ​។ ក្របីព្រៃ មាន​ទម្ងន់​ពី​៧០០-១២០០​គីឡូក្រាម ហើយ​មាន​ពណ៌​ប្រផេះ ឬ​ត្នោត​ខ្មៅ ក្របី​ឈ្មោល​មាន​កម្ពស់​រហូត ដល់ ២​ម៉ែត្រ​។ នៅ​ខាងក្រោម​កវា​មាន​ពណ៌​ស រាង​ជា​អក្សរ (V)​។ ស្នែង​ទាំងពីរ​របស់​វា​មាន​រាង សំប៉ែត គន្លាក់ៗ​បត់​ទៅក្រោយ ហើយ​ស្នែង​របស់​វា​មាន​គម្លាត​ធំ​ជាង​ក្របី​ស្រុក​។

ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕​
 

Tag:
 ថនិកសត្វ
  ក្របីព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com