អន្តរជាតិ
សហរដ្ឋអាមេរិក​នឹង​ចរចា​ពាណិជ្ជកម្ម​ជាមួយ​ចក្រភព​អង់គ្លេស សហភាព​អឺរ៉ុប និង​ជប៉ុន​
18, Oct 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​សេត​វិមាន​ប្រធានាធិបតី​អាមេរិក​បានប្រកាស​ពី​គម្រោង​ចង់​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដាក់​ដោយឡែក​ពីគ្នា​ជាមួយនឹង​ចក្រភព​អង់គ្លេស សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន​។​

 
​អ្នកតំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​លោក Robert Lighthizer បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​៖ «​យើង​ប្ដេជ្ញា​បញ្ចប់​ការចរចា​ទាំងនេះ​ឲ្យ​បាន​ទាន់ពេល និង​ប្រកបដោយ​លទ្ធផល​ល្អ​សម្រាប់​កម្មករ កសិករ ម្ចាស់​កសិដ្ឋាន និង​ម្ចាស់​អាជីវកម្ម​អាមេរិកាំង​នានា​»​។​
 
​លោក​បាន​បន្ថែមថា សេត​វិមាន​ចង់ «​ដោះស្រាយ​ទាំង​ឧបសគ្គ​ពន្ធគយ និង​ឧបសគ្គ​មិន​ពាក់ព័ន្ធ​នឹង​ពន្ធគយ និង​សម្រេច​ឲ្យ​បាន​នូវ​ការធ្វើ​ពាណិជ្ជកម្ម​ដែលមាន​យុត្តិធម៌​ជាង​មុន និង​មាន​ភាពស្មើគ្នា​ជាង​មុន​»​។​
 
​ដូចដែល​តម្រូវ​ដោយ​ច្បាប់ លោក Lighthizer បាន​ផ្ញើលិខិត ៣ ច្បាប់​ផ្សេងគ្នា​ទៅ​សភា ដោយ​ប្រកាស​អំពី​គោលបំណង​នៅក្នុង​ការបើក​កិច្ចពិភាក្សា​អំពី​ពាណិជ្ជកម្ម​។​
 
​លោក​បានសរសេរថា ការចរចា​ជាមួយនឹង​ចក្រភព​អង់គ្លេស​អាច​ចាប់ផ្ដើម «​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​នៅពេលដែល​ត្រៀម​រួចរាល់​ហើយ​» បន្ទាប់ពី​ចក្រភព​អង់គ្លេស​រំពឹងថា​នឹង​ចាក​ចេញពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី ២៩ ខែ​មិនា ឆ្នាំក្រោយ​។​
 
​លោក Lighthizer បាន​ហៅ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ថា​ជា​កិច្ចសហប្រតិបត្តិការ «​ដ៏​ធំ​បំផុត និង​ស្មុគស្មាញ​បំផុត​» នៅក្នុង​ពិភពលោក ដោយ​លោក​បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​ចំនួន ១៥១ ពាន់​លាន​ដុល្លារ​ជាមួយនឹង​សហភាព​អឺរ៉ុប​។​
 
​ចំពោះ​ប្រទេស​ជប៉ុន​វិញ លោក Lighthizer បាន​និយាយថា ជប៉ុន​ជា «​ទីផ្សារ​មាន​សារៈសំខាន់​មួយ ប៉ុន្តែ​ជារឿយៗ នៅតែ​ជាទី​ផ្សារ​មិនសូវ​ល្អ​សម្រាប់​អ្នក​នាំចេញ​ទំនិញ​អាមេរិក​»​។ លោក​ក៏បាន​បន្ថែម​ផងដែរ​ថា សហរដ្ឋអាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​ច្រើន​ជាមួយនឹង​ប្រទេស​ជប៉ុន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com