ជាតិ
ស្នងការរង៖ ក្មេងស្រី២នាក់ នៅខេត្តកំពង់ឆ្នាំង ដែលគេបានសម្លាប់ មិនមែនជាករណីរំលោភទេ
× ភ្នំពេញ៖ បន្ទាប់ពីបានធ្វើកោសល្យវិច្ឆ័យលើសពក្មេងស្រី ២នាក់ ដែលត្រូវបានគេសម្លាប់ នៅក្នុងភូមិថ្មី ឃុំផ្សារដែក ស្រុកបរិបូរណ៍ គឺមិនមែនជាឃាតកម្មរំលោភសម្លាប់នោះទេ។ នេះជាការលើកឡើងរបស់លោក ប៉ុន វុទ្ធី ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ប្រាប់សារព័ត៌មានថ្មីៗ នាថ្ងៃទី១៩តុលា។
លោក ប៉ុន វុទ្ធី បញ្ជាក់ថា សមត្ថកិច្ចកំពុងស៊ើបអង្កេតរឿងនេះ ដើម្បីរកមូលហេតុនៅពីក្រោយការសម្លាប់ក្មេងស្រីទាំងពីរ។ «មកលើពេលនេះឃាតកម្មនេះ មិនទាន់ដឹងជាការសម្លាប់ ក្នុងករណីអ្វីទេ ហើយខ្ញុំកំពុងតែធ្វើកិច្ចការនេះ ដោយមានសមត្ថកិច្ចកំពុងស៊ើបអង្កេតបន្ត លើឃាតកម្មនេះ ដើម្បីស្វែងរកឲ្យឃើញថា ការសម្លាប់ក្មេងស្រីទាំងពីរនាក់ខាងលើ ជាករណីអ្វីឲ្យពិតប្រាកដ»។ នេះជាការអះអាងរបស់ស្នងការរងខេត្តកំពង់ឆ្នាំង។
យោងតាមប្រភពពីគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី១៨តុលា ក្មេងស្រីទាំង២នាក់មានឈ្មោះ អ៊ុល លក្ខិណា អាយុ១៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ អ៊ុល ធីតា អាយុ៧ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកឪពុករបស់ជនរងគ្រោះបានទៅធ្វើការនៅប្រទេសថៃ និងម្ដាយទៅធ្វើជាកម្មករនៅភ្នំពេញ។
ប្រភពដដែលបានឲ្យដឹងថា ពូរបស់ជនរងគ្រោះបានឡើងទៅលើផ្ទះរបស់ជនរងគ្រោះ បានប្រទះឃើញសពជនក្មេងស្រីរងគ្រោះទាំងពីរ នៅក្នុងប្រអប់ឈើមួយ ដែលមានបណ្ដោយប្រវែង០,៩០ម៉ែត្រ ទទឹង០,៦០ម៉ែត្រ និងកម្ពស់០,៤០ម៉ែត្រ ។ នៅលើសាកសពជនរងគ្រោះ មានស្លាកស្នាមជាំជាច្រើនកន្លែង។
សម្ដេច ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដល់ក្រុមគ្រួសារក្មេងស្រី២នាក់ ដែលត្រូវបានគេសម្លាប់ នៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ថវិកាទាំងនេះ ត្រូវបានលោក ហ៊ី ណាត អភិបាលរងខេត្ត និងលោក ប្រាក់ សោភ័ណ្ឌ បាននាំយកថវិកាជូនគ្រួសារសព កាលថ្ងៃទី១៨ តុលា៕
Tag:
សង្គម
សម្លាប់
កោសល្យវិច្ឆ័យ
កំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com