ជាតិ
សង្គមជាតិ
កម្មករ​ជិត​១០០ នៅ​កំពង់ស្ពឺ ដួល​សន្លប់ ព្រោះ​ភ័យ​នឹង​កម្មករ​មាន​ជំងឺ​ម្នាក់ ស្រែក​ឡូឡា​
19, Oct 2018 , 2:18 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ
រូបពីទំព័រហ្វេសប៊ុករបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ
ដោយ: ថ្មីៗ
​កម្មករ​-​កម្មការិនី​ដល់​ទៅជិត​១០០​នាក់ ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​ផលិត​ស្បែកជើង​មួយ​ឈ្មោះ វី​ង​ស្តារ​ស៊ូរ ក្នុង​ខេត្តកំពង់ស្ពឺ បាន​ដួល​សន្លប់តៗ​គ្នា នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨​នេះ​។ នេះ​បើតាម​ព័ត៌មាន​ដែល​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​។


 
​ស្នងការ​ខេត្តកំពង់ស្ពឺ បានបញ្ជាក់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កម្មករ​-​កម្មការិនី​ទាំងនោះ ដួល​សន្ល​ប់ គឺ​ដោយសារតែ​ពួកគេ មាន​អារម្មណ៍​ភិតភ័យ​យ៉ាងខ្លាំង ក្រោយពី​ឮ​កម្មការិនី​ម្នាក់ ដែល​ទើបនឹង​ចូលធ្វើការ និង​មាន​ជំងឺ​ប្រចាំកាយ បាន​ស្រែក​ឡូឡា​ក្នុង​រោង​ច្រក​។ ស្នងការ​ខេត្តកំពង់ស្ពឺ បាន​អះអាង​បែបនេះ​ថា​៖«​ពេល​កម្មការិនី​នោះ ស្រែក​ឡូឡា អ្នកខ្លះ​ក៏បាន​រត់​ចេញមកក្រៅ​រោងចក្រ ហើយ​អ្នកខ្លះ មាន​អាកា​រៈ​ស្ទើរ​ខ្យល់ ស្ទើរ​វិលមុខ ក៏បាន​ទន់​ដៃ ទន់​ជើង ដួលសន្លប់​ងងឹតមុខ​»​។ 
 
​ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នោះ បាន​ឲ្យ​ដឹង​ទៀតថា កម្មករ​-​កម្មការិនី​ខាងលើ ត្រូវបាន​ជួយសង្គ្រោះ​បឋម​ពី​ក្រុមការងារ​សន្ដិសុខ​ដែល​យាម​នៅ​ក្រុមហ៊ុន កងកម្លាំង​នគរបាល និង​មន្ដ្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​។ បន្ទាប់មក ពួកគេ ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​គ្លីនិក​ឯកជន ដោយ​អ្នក​ខ្លះទៀត ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​គងពិសី​។ 
 
​ប្រភព​ដដែល បានបញ្ជាក់​ចុងក្រោយ​យ៉ាង​ដូច្នេះ​ថា​៖«​បច្ចុប្បន្ន​កម្មករ​-​កម្មការិនី​ទាំងអស់ មាន​អាកា​រៈ​ធូ​ស្រាល​វិញ​ហើយ មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ​»៕

Tag:
 កម្មករ​
  សម្ល​ប់
© រក្សាសិទ្ធិដោយ thmeythmey.com