ភ្នំពេញ៖ សហគ្រាសធុនតូចនិងមធ្យមកម្ពុជា១៧៨ក្រុមហ៊ុន (SMEs) បានដាក់តាំងបង្ហាញផលិតផលរបស់ខ្លួន ក្នុងពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរនៃយុទ្ធនាការទិញផលិតផលខ្មែរ ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ចាប់ពីថ្ងៃទី១៨ដល់២១ តុលា នៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្យ។ ការតាំងពិព័រណ៍នេះ ក៏ដើម្បីដាស់ស្មារតីប្រជាជនខ្មែរ ឲ្យងាកមកគាំទ្រ និងប្រើប្រាស់ទំនិញផលិតក្នុងស្រុក ជំនួសទំនិញនាំចូលពីបរទេស។ ដើម្បីលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រកាសថា ក្រសួងនឹងកាត់បន្ថយវត្តមាន ផលិតផលបរទេសនៅតាមទីផ្សារកម្ពុជា។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បាននិយាយថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ គឺជាផ្នែកមួយនៃគោលនយោបាយអភិវឌ្ឍន៍ទីផ្សារ ស្របតាមគោលដៅសសរស្តម្ភទី៣ ស្តីពីការអភិវឌ្ឍវិស័យឯកជន និងការងារ នៃគោលនយោបាយរបស់រដ្ឋាភិបាល។ ថ្លែងក្នុងពិធីតាំងពិព័រណ៌ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ កាលពីថ្ងៃទី១៨ តុលា លោក ប៉ាន សូរសក្តិ បានបញ្ជាក់ដូច្នេះ៖« ការគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ គឺជាសកម្មភាពស្នេហាជាតិ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបគួរតែចូលរួម ដើម្បីពង្រឹងចង្វាក់ផលិតកម្មក្នុងស្រុក»។
ក្រៅពីស្នើឲ្យពលរដ្ឋចូលរួមគាំទ្រផលិតផលខ្មែរហើយ លោក ប៉ាន សូរស័ក្តិ បានប្រកាសថា ក្រសួងនឹងកាត់បន្ថយវត្តមានផលិតផលបរទេសនៅតាមទីផ្សារ តាមរយៈការចងក្រង និងអនុវត្តច្បាប់ឧបាស្រ័យពាណិជ្ជកម្ម (វិធានការប្រឆាំងនិងការលក់បង្ខូចថៃ្ល) និងការសម្របសម្រួលវិស័យឯកជនកម្ពុជា ក្នុងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិនានា ដើម្បីផ្សព្វផ្សាយ ។ ជាពិសេសការធ្វើពិពិធកម្ម (ពង្រីក) ការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារបរទេស ឲ្យបានអតិបរមា។
«ខណៈដែលក្រសួងពាណិជ្ជកម្ម កំពុងខិតខំស្វែងរកទីផ្សារថ្មីៗជូនវិស័យឯកជន បងប្អូនផលិតករ និងសហគ្រិន ចាំបាច់ត្រូវចេះអភិវឌ្ឍន៍ និងពង្រឹងគុណភាពផលិតផលជាមួយគំនិតច្នៃប្រឌិតខ្ពស់ ដើម្បីប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស ហើយបងប្អូនប្រជាពលរដ្ឋ ត្រូវជួយគាំទ្រផលិតផលជាតិ តាមរយៈការប្រើប្រាស់ និងបំផុសចលនាទិញឲ្យបានច្រើន ដើម្បីទ្រទ្រង់ផលិតកម្មក្នុងស្រុក និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា»។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានស្នើសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ខិតខំពង្រឹងគុណភាពអនាម័យផលិតផលរបស់ខ្លួន ឲ្យកាន់តែប្រសើឡើងថែមទៀត ក្នុងការប្រកួតជាមួយទីផ្សារអាស៊ាន (AEC) ។
កាលពីពេលថ្មីៗនេះ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEc) ស្នើឲ្យរដ្ឋាភិបាលកាត់បន្ថយការនាំចូលផលិតផលសម្រេចពីបរទេសមកទីផ្សារកម្ពុជា ដើម្បីជួយឲ្យសហគ្រាសធុនតូច និងមធ្យមមានការរីកចម្រើន។ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជាលើកបែបនេះ ដោយសារលោកសង្កេតឃើញថា ក្រសួងពាក់ព័ន្ធ ហាក់មិនទាន់អនុវត្តន៍បានពេញលេញលើការនាំចូលផលិតផលសម្រេចមកកម្ពុជាឡើយ។
តែយ៉ាងណារដ្ឋាភិបាល ធ្លាប់បានពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម សម្រាប់ការពារដល់ផលិតកម្ម និងឧស្សាហកម្មក្នុងស្រុក ពីការហូរចូលយ៉ាងគំហុកនៃផលិតផលបរទេសមកកាន់ទីផ្សារកម្ពុជា និងការលក់បន្ទាបតម្លៃខុសប្រក្រតី ដែលជាបច្ច័យមិនល្អ ដោយបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរ ឬគំរាមគំហែងដល់ឧស្សាហកម្មក្នុងស្រុក។ នេះបើតាមលោក ផៃ ស៊ីផាន ដែលបច្ចុប្បន្នជាអ្នកនាំពាក្យរដ្ឋាភិបាល ធ្លាប់ប្រាប់សារព័ត៌មានកន្លងមក។
កន្លងមកនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំយុទ្ធនាការនេះចំនួនពីររដូវកាលរួចមកហើយ គឺរដូវកាលទី១ នៅក្នុងខេត្តសៀមរាប កំពង់ចាម ព្រះសីហនុ និងរាជធានីភ្នំពេញ។ ហើយរដូវកាលទី២ នៅក្នុងខេត្តស្ទឹងត្រែង បាត់ដំបង ស្វាយរៀង រាជធានីភ្នំពេញ និងខេត្តកែប។ សម្រាប់រដូវកាលទី៣នេះ ក្រសួងពាណិជ្ជកម្ម បានកំណត់យករាជធានី-ខេត្តចំនួន ៦ រួមមាន៖ ខេត្តកណ្តាល កំពង់ឆ្នាំង បន្ទាយមានជ័យ ព្រៃវែង កោះកុង និងរាជធានីភ្នំពេញ ធ្វើជាកន្លែងរៀបចំពិព័រណ៍ពាណិជ្ជកម្ម។ ការតាំងបង្ហាញនេះគឺដើម្បីលើកកម្ពស់ផលិតកម្មក្នុងស្រុក និងលើកទឹកចិត្តដល់សហគ្រិនកម្ពុជា។
កញ្ញា ឆាត់ ស្រីពៅ ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនលីលី បានលើកឡើងថា ការរៀបចំពិព័រណ៌របស់ក្រសួងពាណិជ្ជកម្ម ដែលបង្កើតឲ្យមានយុទ្ធនាការណ៍ទិញផលិតផលខ្មែរនេះ គឺធ្វើឲ្យប្រជាពលរដ្ឋកាន់តែយល់ដឹង ហើយនឹងបង្វែរការចាប់អារម្មណ៍មកលើផលិតផលខ្មែរកាន់តែច្រើនឡើង។
ប្រធានផ្នែកទីផ្សាររូបនេះ ក៏ស្នើរដ្ឋាភិបាលជួយដោះស្រាយពន្ធគយ និងបែបបទផ្សេងៗក្នុងការនាំចេញ ជាពិសេសបង្កើតសិក្ខាសាលាផ្សេងៗ ដែលទាក់ទងនឹងពាណិជ្ជកម្មដល់សហគ្រិន ទើបបង្កើតថ្មីផងដែរ៕