ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
ធ្វើ​អំបិល​មិនបាន​ផល កសិករ​បង្ខំចិត្ត​ប្តូរ​មុខរបរ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ ​
19, Oct 2018 , 9:23 pm        
រូបភាព
​អ្នកស្រី ប៉ាក់ ពៅ (ឆ្វេង) និងអ្នកស្រី វើ​ន ណូ (ស្តាំ) កសិករធ្វើស្រែអំបិលនៅខេត្តកំពត
​អ្នកស្រី ប៉ាក់ ពៅ (ឆ្វេង) និងអ្នកស្រី វើ​ន ណូ (ស្តាំ) កសិករធ្វើស្រែអំបិលនៅខេត្តកំពត
ដោយ:
កំពត​៖ រដូវ​ធ្វើ​ស្រែអំបិល​នឹង​ចាប់ផ្តើម​ពី​ខែវិច្ឆិកា ដល់​ខែឧសភា​។ បច្ចុប្បន្ន នៅ​ភូមិ​បឹង​តា​ព្រាម និង​ភូមិ​ស្រែ នៅ​សង្កាត់ត្រោ​យ​កោះ ក្រុង​កំពត សល់​ប្រមាណ​២០​គ្រួសារ​ប៉ុណ្ណោះ ដែល​បន្ត​ប្រកបមុខរបរ​ធ្វើស្រែ​អំបិល​នេះ​។ ខុសពី​ឆ្នាំមុនៗ នៅ​ឆ្នាំ​២០១៨​នេះ កសិករ​ផលិត​អំបិល​ភាគច្រើន​ដែល​នៅ​ភូមិ​ខាង​លើ ខាតបង់​ចំណូល​ទាំងស្រុង​ពីមុខ​របរ​ធ្វើស្រែ​អំបិល ដោយសារតែ​អាកាសធាតុ​នៅ​កម្ពុជា​មានការ​ប្រែប្រួល​ខ្លាំង និង​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ ក្នុងអំឡុងពេល​ប្រមូល​ផល​អំបិល​។ ជាក់ស្តែង គ្រួសារ​អ្នកស្រី វើ​ន ណូ និង​អ្នកស្រី ប៉ាក់ ពៅ បង្ខំចិត្ត​បោះបង់​ស្រែអំបិល ទៅ​ប្រកបមុខរបរ​ថ្មី ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។



​កសិករ វើ​ន ណូ និង​ស្វាមី មាន​ដី​ទំហំ​៥​ហិតា សម្រាប់ធ្វើ​ស្រែអំបិល ដោយមាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត​-​កែប ជា​អ្នកផ្តល់​ដើមទុន​។ នៅក្នុង​លក្ខខណ្ឌ​នៃ​ការផ្តល់​ដើមទុន គឺ​ត្រូវ​ចែក​ផលចំណេញ​ជា​ពីរ​ស្មើគ្នា​ជាមួយនឹង​សហគមន៍​អំបិល​មួយ​នេះ​។ តាម​ធម្មតា​តម្លៃ​អំបិល​១​ប៉ាវ ១​ម៉ឺន​រៀល នឹង​អាច​ឡើងថ្លៃ​ដល់ ១​ម៉ឺ​៦​ពាន់​រៀល នៅពេលដែល​ការផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​។ កាលពី​ឆ្នាំមុនៗ អ្នកស្រី វើ​ន ណូ អាច​រក​ចំណូល​ពីមុខ​របរ​ផលិត​អំបិល​បាន​ជាង ១​ពាន់​ដុល្លារ​ក្នុង​១​រដូវ​។​



ប៉ុន្តែ នៅ​ឆ្នាំ​២០១៨​នេះ គ្រួសារ​អ្នកស្រី វើ​ន ណូ ដែលជា​កសិករ​ធ្វើស្រែ​អំបិល​ម្នាក់​រស់នៅ​ភូមិ​បឹង​តា​ព្រាម សង្កាត់​ត្រើយ​កោះ ក្រុង​កំពត មិន​ទទួលបាន​ផល​ទាល់តែសោះ​។ ស្រី្ត​វ័យ​៥៤​ឆ្នាំ​ដែលមាន​កូន​៧​នាក់​រួប​នេះ រៀបរាប់​ប្រាប់ ThmeyThmey 25 ទាំង​ទឹកមុខ​ក្រៀមក្រំ​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ចង់​បោះបង់​ការធ្វើ​ស្រែអំបិល បើ​នៅតែ​មិន​ទទួលបាន​ផល​ទៀត​»​។ កសិករ​ដែលមាន​បទពិសោធន៍​ធ្វើស្រែ​អំបិល​ជាង​ឆ្នាំ​១០ រូបនេះ បញ្ជាក់ថា​៖ «​ប្រសិនជា មាន​ដើមទុន​គ្រប់គ្រាន់ ខ្ញុំ​ចង់​បើកមុខ​របរ​លក់​ចាប់ហួយ​វិញ​»​។​



ស្រដៀង​គ្នា​នឹង​គ្រួសារ​អ្នក​ផលិត​អំបិល​ខាងលើ អ្នកស្រី ប៉ាក់ ពៅ ដែល​ស្ថិតនៅក្នុង​លក្ខខណ្ឌ​ទទួល​ដើមទុន​ពី​សមាគម​អ្នក​ផលិត​អំបិល​ខេត្តកំពត​-​កែប ដូចគ្នា​នឹង​កសិករ​ធ្វើស្រែ​អំបិល វើ​ន ណូ ដែរ​។ ដូច​ឆ្នាំមុនៗ កសិករ​ធ្វើស្រែ​អំបិល ប៉ាក់ ពៅ ដែល​រស់នៅ​ភូមិ​ស្រែ សង្កាត់​ត្រើយ​កោះ ក្រុង​កំពត រូបនេះ អាច​ប្រមូល​ផល​អំបិល​បាន ២​ម៉ឺន​បាវ​ក្នុង​ទំហំ​ដី ១៥​ហិតា ដោយ​ត្រូវ​នាំ​អំបិល​ចេញ​តាម​ជុំ​ដែល​សមាគម​អ្នក​ផលិត​អំបិល​បានកំណត់​។​

ដោយឡែក​នៅ​ឆ្នាំ​២០១៨ នេះ អ្នកស្រី ពៅ ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយ​មិន​ទទួលបាន​ផល​ពី​ការផលិត​អំបិល​នេះ​ទាល់តែសោះ ពីព្រោះ​កសិករ​វ័យ​៤៣ រូបនេះ មិន​ធ្លាប់​ជួបនឹង​ស្ថានភាព​ដែលមាន​ភ្លៀង​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ​បែបនេះ​ឡើយ ចាប់តាំងពី​អ្នកស្រី​ប្រកប​របរ​ធ្វើ​ស្រែអំបិល​នេះ​កាលពី​ជាង​២០​ឆ្នាំ​មុន​។​



«​ខ្ញុំ​រន្ធត់ចិត្ត​នៅពេលដែល​ដឹងថា យើង​ត្រូវ​នាំ​អំបិល​ចូល​៣​ម៉ឺន​តោន តែ​មិនដឹង​ធ្វើ​មិច បើ​អាកាសធាតុ​មិន​អំណោយផល​ដល់​យើង​»​។ ស្ត្រី​មេម៉ាយ ប៉ាក់ ពៅ រៀបរាប់​ទាំង​ទឹកមុខ​ស្រពោន​ប្រាប់ ThmeyThmey 25 យ៉ាង​ដូច្នេះ​។

បញ្ហា​អាកាសធាតុ​ដែល​បង្ក​ឱ្យ​ខាតបង់​ទាំង​ដើមទុន និង​ពេលវេលា ម្យ៉ាង​លំបាក​រក​កម្មករ​មក​ជួយ​ធ្វើ​ស្រែអំបិល​ដោយសារ​ពួកគេ​ទៅធ្វើ​ការងារ​រោច​ក្រ និង​ទៅធ្វើ​ការងារ​ផ្សេង​ផង​នោះ អ្នកស្រី ពៅ បញ្ជាក់បន្ថែម​ទាំង​ស្ដាយស្រណោះ​ពីមុខ​របរ​បន្ត​ពី​ដូនតា​នេះ​ថា​៖ «​បើ​អាកាសធាតុ​នៅតែ​មិន​អំណោយផល ខ្ញុំ​នឹង​សម្រេចចិត្ត​បោះបង់​មុខរបរ​ផលិត​អំបិល​នេះ​ចោល​»​។​



​បច្ចុប្បន្ន ស្ត្រី​មេម៉ាយ​ដោយ​ស្វាមី​បាត់បង់​ជីវិត​កាលពី​២​ឆ្នាំមុន រូបនេះ កំពុង​ស្វែងរក​ការងារ​ធ្វើ​ដើម្បី​បាន​ប្រាក់​សម្រាប់​ចិញ្ចឹម​ជី​វិភាព​គ្រួសារ និង​ផ្គត់ផ្គង់​ការសិក្សា​របស់​កូន​២​នាក់ ដែល​កំពុង​សិក្សា​នៅ​ថ្នាក់បឋមសិក្សា និង​ថ្នាក់​មហាវិទ្យាល័យ​។​

លោក ប៊ុន បារាំង ប្រធាន​សហគមន៍ផលិត​អំបិល​កំពត​-​កែប បាន​ប្រាប់​សារព័ត៌មាន (ThmeyThmey.com) កាលពីពេល​ថ្មីៗ​នេះ​ថា​៖ «​អំបិល​ចំនួន​៣​ម៉ឺន ដែលនាំចូល​ពី​ចិន​២​ម៉ឺន និង​ពី​ថៃ​១​ម៉ឺន​តោន នឹង​មកដល់​កម្ពុជា នៅក្នុង​វិច្ឆិកា​ខាងមុខ​»​។ មូលហេតុ​ដែល​សហគម​ន៍​ផលិត​អំបិល​កំពត​-​កែប សម្រេច​នាំចូល​អំបិល​ចូលនេះ ដោយសារតែ​អាកាសធាតុ​នៅ​កម្ពុជា​មានការ​ប្រែប្រួល​ខ្លាំង និង​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ ក្នុងអំឡុងពេល​ប្រមូល​ផល​អំបិល​។​



​ទន្ទឹមនឹង​បញ្ហា​ទាំងនេះ កសិករ​ធ្វើស្រែ​អំបិល​ខាងលើ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យជួយ​ដល់​ពួកគាត់ ដែល​កំពុង​ស្ថិតនៅក្នុង​ស្ថានភាព​ខាតបង់​ចំណូល​ទាំងស្រុង​ពី​ការផលិត​អំបិល​នៅ​ភូមិ​បឹង​តា​ព្រាម និង​ភូមិ​ស្រែ ស្ថិតនៅ​សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ខេត្តកំពត​។​

​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕​


© រក្សាសិទ្ធិដោយ thmeythmey.com