ជាតិ
ដីជាង៥ម៉ឺនហិចតា នៅខេត្តក្រចេះ ត្រូវបានរដ្ឋាភិបាលបង្កើតជាដែនជម្រកសត្វព្រៃ«សំបូរ»
× ភ្នំពេញ៖ ផ្ទៃដីសរុប៥០,០៩៣ ហិកតា ដែលមានទីតាំងនៅស្រុកសំបូរ ខេត្តក្រចេះ បានក្លាយជាដែនជម្រកសត្វព្រៃ«សំបូរ»។ នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលសម្រច កាលពីថ្ងៃទី៥តុលា ឆ្នាំ២០១៨។
អនុក្រឹត្យនេះ សម្រេចឡើងដើម្បីឲ្យស្ថាប័នពាក់ព័ន្ធ ធានាការថែទាំទីជម្រកសត្វព្រៃ សត្វស្លាប់ និងប្រព័ន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ ព្រមទាំងធានាឱ្យមានការបំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយ និងរក្សាលំនឹងបរិស្ថាន ការពារ អភិរក្សធនធានធម្មជាតិ ដោយរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។
លើសពីនេះ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ដោយនិរន្តរភាព។
ជាមួយគ្នានេះមានការទឹកចិត្តឱ្យមានការចូលរួមពីសហគមន៍មូលដ្ឋាន ក៏ដូចអ្នកពាក់ព័ន្ធក្នុងការថែរក្សា អភិរក្ស និងការដោយប្រើប្រាស់ធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។
អនុក្រឹត្យខាងលើបានបញ្ជាក់ថា ផ្ទៃដីជាង៥ម៉ឺនហិកតានេះ មិនរាប់បញ្ចូលដីកម្មសិទ្ធឯកជន និងប្រើប្រាស់ជាប្រយោជន៍សាធារណៈទេ។ ដូច្នេះបទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។
ទំហំផ្ទៃដីនេះ មានរដ្ឋមន្ត្រីទទួលបន្ទុកស្តីទីគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងរដ្ឋមន្ត្រីគ្រប់គ្រងក្រសួង ប្រធានស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕
Tag:
ដែនជម្រកសត្វព្រៃ
ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com