ជាតិ
សង្គមជាតិ
ពលរដ្ឋ​ខ្មែរ​បង្ហាញ​ក្ដីបារម្ភ​និង​ការមិន​ពេញចិត្ត​ចំពោះ​កំណើន​ជនជាតិ​ចិន​ដ៏​ច្រើន​ក្នុងប្រទេស​កម្ពុជា​
22, Oct 2018 , 7:59 pm        
រូបភាព
រូបឯកសារ៖ សណ្ឋាគារ​វិមានខ្សាច់មាសនៅក្រុង​ព្រះសីហនុ​ ដែល​ត្រូវបាន​បន្ថែម​ដោយ​កាស៊ីណូ ដើម្បីស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន ដែលមានការ​កើន​ឡើង​យ៉ាង​គំហុក (ស៊ុន ណារិន/VOA)
រូបឯកសារ៖ សណ្ឋាគារ​វិមានខ្សាច់មាសនៅក្រុង​ព្រះសីហនុ​ ដែល​ត្រូវបាន​បន្ថែម​ដោយ​កាស៊ីណូ ដើម្បីស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន ដែលមានការ​កើន​ឡើង​យ៉ាង​គំហុក (ស៊ុន ណារិន/VOA)
ដោយ: VOA
​ភ្នំពេញ ៖ អ្នកស្រី ជិត ពិ​សិទ្ធិ​គឺជា​ម្ចាស់​ហាង​ធ្វើ​សក់ តុបតែង​មុខ និង​លក់​ភេសជ្ជៈ​នៅតាម​ផ្ទះមួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។ មុខរប​របស់គាត់​ហាក់ មាន​ភាពប្រសើរឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ដោយមាន​អតិថិជន​ជនជាតិ​ចិន​កាន់តែ​ច្រើនឡើង​ភាគច្រើន​ជា​អ្នកធ្វើការ​នៅក្បែរនោះ មក​ទិញ​ភេសជ្ជ​:​របស់​អ្នកស្រី​។

 
​ទោះបីជា​អ្នកស្រី​ទទួលបាន​អតិថិជន​បន្ថែម​ក៏ដោយ ក៏​ស្ត្រី​វ័យ​៣៤​ឆ្នាំ រូបនេះ ហាក់ដូចជា​មិន​ពេញចិត្ត​សោះ​។ អ្នកស្រី បាន​ប្រាប់​VOA​ថា​ពេលដែល​បុរស​ជនជាតិ​ចិន​ចូលមក​ទិញ​ឥ​វ៉ាន់​ពី​ហាង​អ្នកស្រី ពួកគេ​តែងតែ​សើយ​អាវ ដោយមាន​ធំក្លិន​ស្រា ឬ​បារី ព្រមទាំង​បញ្ចេញ​ឫកពា​មិន​ទំនង ផងដែរ​។​
 
«​ចំណុច​សំខាន់​ទីមួយ​គឺ​ពេលដែល​វា​ចូលមក​ច្រើន​អ៊ីចឹង វា​ផ្ដល់​ផលប្រយោជន៍​អោយ​ខ្មែរ​ច្រើន ប៉ុន្តែ​វា​ក៏​បំពុលបរិយាកាស​នៅ​ស្រុក​ខ្មែរ​ដែរ​។ ចង់​និយាយថា​វា​ចូលមក​ស្រុក​ខ្មែរ​យើង វា​ក្រញេងក្រញាង ដូច​ថ្ងៃមុន​មក​ចូល​ហាង​ខ្ញុំ ពួក​ខ្ញុំ​អត់​ចេះ​និយាយ​ចិន​ហើយ​វា​ថា​អ្នកលក់​អី​អត់​ចេះ​និយាយ​ចិន​អ៊ីចឹង​។ វា​សមតែ​ថា វា​មក​នៅ​ស្រុក​ខ្មែរ វា​ចេះ​និយាយ​ខ្មែរ វា​ថា​យើង​អ្នកលក់​អី​អត់​ចេះ​និយាយ​ចិន​អ៊ីចឹង​»​។​
 
​មិនមែន​តែ​អ្នកស្រី ជិត ពិ​សិទ្ធិ​ដែល​រស់នៅ​ភ្នំពេញ​នោះទេ​ដែល​បង្ហាញ​ភាពមិន​ពេញចិត្ត​ចំពោះ​វត្តមាន​ដ៏​ច្រើន​របស់​ជនជាតិ​ចិន​នៅក្នុង​រាជធានី​ភ្នំពេញ ពលរដ្ឋ​ខ្មែរ​ជាច្រើន​ដែល​ផ្ដល់​បទសម្ភាសន៍​ដល់ VOA កាលពី​សប្ដាហ៍​កន្លងទៅ ក៏បាន​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការកើនឡើង​ដ៏​គំហុក​របស់​ជនជាតិ​ចិន​ក្នុងប្រទេស​កម្ពុជា ជាពិសេស​ពួកគេ​ដាក់​ការស្ដីបន្ទោស​លើ​ជន​ជាតិចិន​ចំពោះ​ការកើនឡើង​នូវ​ឧក្រិដ្ឋកម្ម​ក្នុងប្រទេស ខណៈ​អ្នកខ្លះ មានការ​រំខាន​អារម្មណ៍​ដោយសារ​ការនិយាយ​ខ្លាំងៗ​និង​ការជក់បារី​ពាសវាល​ពាសកាល​របស់​ជន​ជាតិចិន​មួយចំនួន​ផងដែរ​។​
 
​កញ្ញា សៀវ វ​ត្តី បុគ្គលិក​ផ្នែក​លក់​នៅ​ហាង​សំលៀកបំពាក់​មួយ​ក្បែរ​ផ្សារ​ទួល​ទំពូង បាន​ប្រាប់ថា​ភ្ញៀវ​ជនជាតិ​ចិន មាន​ចំនួន​ច្រើនជាង​សព្វដង​។ អ្នកលក់​សំលៀកបំពាក់​វ័យ​២៣​ឆ្នាំ​រូបនេះ ក៏បាន​បង្ហាញ​ពី​ការសង្កេត​របស់ខ្លួន​ផងដែរ ថា​ជនជាតិ​ចិន​ដែល​មក​ទិញ​សំលៀកបំពាក់​នៅក្នុង​ហាង មាន​ភាព​រញ៉េរញ៉ៃ ហើយ​បាន​ចំណាយពេល​យ៉ាងច្រើន​ក្នុងការ​រើស​សំលៀកបំពាក់​ជាង​ភ្ញៀវ​ដទៃ​។​
 
​នាង​បាន​ប្រាប់  VOA ក្នុងន័យ​ដើម​ថា​៖
 
«​ប៉ុន្តែ​ពេល​គាត់​មក​រាង​រញ៉េរញ៉ៃ​។ គាត់​មក​ទិញ​ខោរ​អាវ​ពីរ​បី ប៉ុន្តែ​គាត់​នៅ​យូរ​ដល់​ពីរ​បី​ម៉ោង​ហើយ​រាង​រញ៉េរញ៉ៃ​។ ហើយ​គាត់​និយាយ​លឺ​អ៊ីចឹង រាង​ធុញ​ដែរ​ពេល​រញ៉េរញ៉ៃ​»​។​
 
​កាលពីដើម​ខែកញ្ញា​កន្ល​ង​ទៅ សារព័ត៌មាន​ដើម​អំពិល​ជា​ភាសា​អង់គ្លេស​ហៅថា​Dap News បានចេញ​ផ្សាយ​តាម​បណ្ដាញ​ហ្វេ​សបុ​កដោយ​ស្រង់​សម្ដី​របស់ លោក សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ថា​ជន​ជាតិចិន​ប្រមាណ​ជាង​៥​ម៉ឺន​នាក់​បន្ថែមទៀត នឹង​មកកាន់​កម្ពុជា ដើម្បី​ប្រកប​អាជីវកម្ម​ផ្សេងៗ​នៅ​ចុងឆ្នាំ​២០១៨​នេះ​។​
 
​មានការ​បញ្ចេញមតិ​រិះគន់​ជាច្រើន​នៅតាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​រឿង​ការហូរចូល​យ៉ាងគំហុក​របស់​ជនជាតិ​ចិន​មកកាន់​ខេត្ត​ព្រះសីហនុ​របស់​កម្ពុជា​។ ករណី​ចោរកម្ម ករណី​វាយតប់​គ្នា បងតូច​បងធំ និង​ការជួញដូរ​គ្រឿងញៀន​ដែល​ប្រព្រឹត្តិ​ដោយ​ជនជាតិ​ចិន ត្រូវបាន​គេ​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន​ក្នុងស្រុក​និង​បណ្ដាញ​សង្គម​ជា​បន្តបន្ទាប់​ផងដែរ​។​
 
​ករណី​ទាំងនេះ បានធ្វើអោយ​ប្រជាជន​ខ្មែរ​ជាច្រើន​ក្នុងប្រទេស បង្ហាញ​ការមិន​ពេញចិត្ត​ដោយ​អ្នកខ្លះ​លើកឡើងថា​ក្រុងព្រះសីហនុ នឹង​ក្លាយជា​ទីក្រុង​ចិន​ជាក់​ជាមិនខាន ដែល​ការណ៍​នេះ បានធ្វើ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ មិន​ចង់​ទៅលេង​ខេត្ត​ព្រះសីហនុ​នោះ​ទៀត​តែម្ដង​។​
 
​អ្នកស្រី ជិត ពិ​សិទ្ធិ ម្ចាស់​ហាង​លក់​ភេសជ្ជៈ​ក្នុង​ក្រុងភ្នំពេញ មានប្រសាសន៍ថា​៖
 
«​វា​មកហើយ​ធ្វើ​ម៉េច មិនដឹង​និយាយ​អី​ទៀត​ទេ​។ ប៉ុន្តែ​ពេល​ឃើញ​នៅ​ឃើញ​នៅ​ដូច​កំពង់សោម​អ៊ីចឹង ដូច​លែង​ចង់ទៅ​លេង​អី​»​។​
 
​ខេត្ត​ព្រះសីហនុ​ដែល​ធ្លាប់តែ​ជា​កន្លែង​ទេសចរណ៍​ដ៏​ប្រសើរ​សម្រាប់​ពលរដ្ឋ​ខ្មែរ បាន​ក្លាយជា​កន្លែង​មួយ​ដែល​អ្នកទេសចរ​ក្នុងស្រុក ព្យាយាម​ជៀសវាង ដោយសារតែ​ការកើនឡើង​ដ៏​គំហុក​នៃ​ជន​ជាតិចិន និង​កាស៊ីណូ​នៅ​តំបន់​នោះ​។​
 
​ចំនួន​ភ្ញៀវទេសចរ​ក្នុងស្រុក ដែល​បាន​ដើរ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កន្លងទៅ មានការ​ថយចុះ​រហូត​ដល់​ទៅ ១៦% ក្នុងចំណោម​ចំនួន​ភ្ញៀវ​ជាតិ​ដែល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ខណៈ​ដែលមាន​កំណើន​ភ្ញៀវ​អន្តរជាតិ​រហូត​ទៅដល់​៣៩%​។ នេះ​បើតាម​ស្ថិតិ​ដែល​ចេញផ្សាយ​ដោយ​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​។​
 
​អ្នកស្រី ឆៃ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ប្រាប់ VOA កាលពី​សប្ដាហ៍​កន្លងទៅ​ថា​ការថយចុះ​ចំនួន​ភ្ញៀវទេសចរ​តាម​បណ្ដា​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ គឺ​បណ្ដាលមកពី​កង្វះខាត​ការផ្ដល់​សេវាកម្ម ដោយសារ​កំណើន​ភ្ញៀវទេសចរ​ចិន​កើនឡើង​យ៉ាងគំហុក​។​
 
«​នៅ​ខាង​ប៉ែក​ខេត្ត​ព្រះសីហនុ ហ្នឹង យើង​មើលឃើញថា ភ្ញៀវទេសចរ​ចិន​ហ្នឹង​គឺ​គាត់ កើនឡើង យ៉ាងគំហុក​គួរ​ឲ្យ​កត់សម្គាល់​»​។​
 
​លោក ណុ​ច ធា​រ៉ូ វ័យ​២៤​ឆ្នាំ ដែលជា​អ្នក​បម្រើការ​ក្រុមហ៊ុន​ឯកជន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ប្រាប់ VOA ខ្មែរ​ថា​លោក​ក៏បាន​ដឹង​ពី​ដំណឹង​ដែលថា​ជនជាតិ​ចិន​មក​រស់នៅ​ស្រុក​ខ្មែរ​កាន់តែច្រើន​តាមរយ​:​ទំព័រ​ហ្វេ​ស​បុក​ដែល​មិត្ត​ភ័ក្ដិ​របស់លោក​បាន​ចែករំលែក​តៗ​គ្នា​។ លោក​ក៏បាន​បង្ហាញ​ពី​ការមិន​ពេញចិត្ត​និង​អន់ចិត្ត​ចំពោះ​ការ​ចូលមក​របស់​ជន​ជាតិចិន​ក្នុងប្រទេស​របស់លោក​ដែរ​។​
 
«​អត់​មាន​សណ្ដាប់ធ្នាប់ វា​អត់​គោរព​ខ្មែរ​យើង​។ ម្យ៉ាង​វា​ចូលចិត្ត​ធ្វើអំពើ​វាយ​គ្នា វាយ​ប្រតប់​អី​ជើងកាង​។ បើសិនជា​ចិន​ត្រឹមត្រូវ គេ​ចេះ​រកស៊ីរ​កអី ប៉ុន្តែ​ចិន​ដែល​បញ្ជូនមក​ខ្មែរ​សុទ្ធ​អ្នក​ដែល​គេ​អត់​ចង់បាន​នៅ​ស្រុក​គេ​។ គេ​បញ្ជូនមក​ខ្មែរ សុទ្ធតែ​អ្នក​គេ​អត់​ចង់បាន​នៅ​ស្រុក​គេ គេ​បញ្ជូន​ប្រជាជន​ចិន​ដែល​ជើងកាង អ្នក​អត់​គោរព​សណ្ដាប់ធ្នាប់​អ៊ីចឹង​»​។​
 
​លោក ណុ​ច ធា​រ៉ូ បាន​បន្ថែមទៀតថា​៖
 
«​ខ្ញុំ​អត់​ចង់អោយ​ប្រជាជន​ចិន​មក​ស្រុក​ខ្មែរ​ច្រើនពេក​ទេ ព្រោះ​បើ​នៅតែ​បន្ត​មក​មិនដឹង​ជា​ស្រុក​យើង​ទៅជា​យ៉ាងណា​គឺ​គ្មាន​អនាគត​»​។​
 
​ទោះបីជា​យ៉ាងនេះ​ក្តី ក៏មាន​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ពេញចិត្ត​នឹង​ការ​មក​រស់នៅ​និង​ការវិនិយោគទុន​របស់​ជន​ជាតិចិន​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។ ការណ៍​នេះ ក៏​ព្រោះតែ​ការមកដល់​របស់​ជន​ជាតិ​ទាំងនោះ បានធ្វើអោយ​ការរកស៊ី​របស់​ពួកគេ កាន់តែ​រីកលូតលាស់​តាមរយ​:​ការជួល​អចលនទ្រព្យ​ផ្សេងៗ​ក្នុងតម្លៃ​ខ្ពស់​អោយ​ជនជាតិ​ចិន​។​
 
​ក្នុង​វ័យ ២៨ ឆ្នាំ អ្នកស្រី ឈៀម វី​កា មានមុខរ​បរជា​អ្នកលក់​ក្រណាត់​ប៉ាក់​នៅ​ខេត្ត​ព្រះសីហនុ​។ អ្នកស្រី​បាន​ប្រាប់ VOA ថា​ដើមទុន​រកស៊ី​របស់​អ្នកស្រី​គឺ​បាន​ពី​ការលក់​ដី​ទៅអោយ​ជនជាតិ​ចិន ដែល​ផ្ដល់​ផលចំណេញ​ជាង​២០​ភាគ​នៃ​ប្រាក់​វិនិយោគ​ដែល​អ្នកស្រី​បាន​បោះទុន ។​
 
​អ្នកស្រី បាន​បន្តទៀតថា​រឿងនេះ មិនមែន​កើតឡើង​ចំពោះតែ​រូបអ្នក​ស្រី​ម្នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​មួយចំនួន ក៏បាន​ទទួលផល​ចំណេញ​ពី​ការរកស៊ី​អចលនទ្រព្យ ជាមួយ​ជនជាតិ​ចិន​ផងដែរ​។​
 
«​ចុះ​គេ​មាន​ដី​មាន​កន្លែង​រកស៊ី គេ​ជួល​បាន​ថ្លៃ​។ អ្នកខ្លះ​អត់​មាន ឥឡូវ​មាន​ខ្លាំង​អស់ហើយ​។ អ្នកខ្លះ​ដែល​គេ​មាន​ដី​សល់​ហា៎ គេ​លក់បាន​ថ្លៃៗ​។ ឥឡូវ​ហាងឆេង វា​ថ្លៃ​ជាង​មុន​ច្រើន​»​។​
 
​បន្ថែម​ពីលើ​នេះ អ្នកស្រី វី​កា ក៏​កំពុងតែ​រៀបចំ​ពង្រីក​មុខរបរ​របស់​អ្នកស្រី​មួយទៀត​គឺ​ការជួល​ផ្ទះ​ទៅឱ្យ​ជនជាតិ​ចិន​ផងដែរ​។​
 
​ស្របពេល​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  បាន​ធ្លាប់​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ដើមឆ្នាំ​២០១៨ ថា​កុំ​ឲ្យ​បារម្ភ​ពី​កំណើន​ជនជាតិ​ចិន​ដែល​កំពុងស្នាក់នៅ​ប្រទេស​កម្ពុជា ដោយ​ជនជាតិ​ចិន​ដែល​មក​ស្នាក់នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ គឺជា​អ្នកវិនិយោគ និង​អ្នក​ទេសចរណ៍​ដែល​នាំ​យកលុយ និង​ចំណូល​ជាច្រើន​មក​ឲ្យ​កម្ពុជា​។​
 
​ទោះបីជា​សាធារណជន​ខ្លះ សំគាល់​ឃើញ​ពី​ការកើនឡើង​នៃ​ជន​ជាតិចិន​យ៉ាងណា​ក៏​លោក កែវ សារិន ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​សរុប​នៃ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា លោក​មិន​បានដឹង​ព័ត៌មាន​អំពី​កំណើន​យ៉ាងគំហុក​នៃ​ជន​ជាតិចិន​ចូលមក​កម្ពុជា​នេះ​ទេ​។​
 
​លោក​បាន​មានប្រសាសន៍ថា​៖ «​ព័ត៌មាន​ប្រាំ​ម៉ឺន ប្រាំ​អី ខ្ញុំ​អត់​ដឹងផង​»​។​
 
​មកដល់ពេលនេះ មិនទាន់មាន​តួលេខ​ផ្លូវការ​ណាមួយ​បញ្ជាក់​ពី​ចំនួន​ជនជាតិ​ចិន​ដែល​មក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​នៅឡើយ​ទេ​។ យ៉ាងណាក៏ដោយ បណ្ដាញសារព័ត៌មាន​Xinhua News​របស់​រដ្ឋ​ចិន​កុម្មុយនីស្ត  បានចេញ​ផ្សាយ​នៅ​សប្ដាហ៍​នេះ​ថា​ចំនួន​ទេសចរ​ចិន​មកដល់​កម្ពុជា ក្នុង​រយៈពេល​៨​ខែ​ដើមឆ្នាំ ២០១៨​នេះ មានការ​កើនឡើង ៧២​ភាគរយ ស្មើនឹង​ប្រមាណ​ជាង ១.២៧​លាន​នាក់​។​
 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ខាងលើ​ថា​ទេសចរ​ជនជាតិ​ចិន នឹង​អាច​កើន​ដល់ ២.៥ លាន​នាក់​ក្នុង​ឆ្នាំ ២០២០​។​
 
​លោក មាស នី អ្នកស្រាវជ្រាវ​សង្គម បាន​និយាយថា​ការមិន​ពេញចិត្ត​វត្តមាន​ជនជាតិ​ដ៏​ច្រើន​ក្នុងប្រទេស​កម្ពុជា​នេះ វា​កើត​ដោយសារ​មានរឿង​ផ្ដេសផ្ដាស​ជាច្រើន​ដែល​ប្រព្រឹត្ត​ដោយ​ជនជាតិ​នេះ​ក្នុងប្រទេស​កម្ពុជា​។​
 
«​ពី​ដើម​មក​យើង​មិនមាន​បញ្ហា​នឹង​ដែរ ពីព្រោះ​ខ្មែរ​យើង​ប្រហែលជា​៧០​ភាគរយ​ក៏មាន​ខ្សែ​ហរ​ចិន ខ្សែស្រឡាយ​ចិន​។ អ៊ីចឹង​ខ្ញុំ​គិតថា​ការរើសអើង​នេះ វា​មិនទាន់​ជា​ចំពោះ​ទូទៅ​សម្រាប់​ជន​ជាតិចិន​ទាំងអស់​ដែរ​។ សំខាន់​គឺ​សំដៅទៅ​កាន់​ករណី​ដែល​កើតឡើង​នៅ​ខេត្ត​ព្រះសីហនុ​តែ​ប៉ុណ្ណឹង​»​។​
 
​លោក មាស នី បន្ថែមថា​ករណី​រើសអើង​នេះ ក៏​ធ្លាប់​កើតមានឡើង​នៅក្នុង​ប្រទេស​វៀតណាមរ​ហូត​ដល់​មាន​អំពើ​មិន​សមរម្យ​មួយចំនួន​កើតឡើង​ផងដែរ​។​
 
​ទាក់ទង​នឹង​ផលប៉ះពាល់​នៃ​ការមិន​ពេញចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​ទៅលើ​ជនជាតិ​ចិន លោក មាស នី ក៏បាន​មានប្រសាសន៍​ដែរ​ថា​៖
 
«​ខ្ញុំ​មិន​គាំទ្រ​រហូតដល់​យើង​មានការ​រើសអើង​ធំ​ធ្ងន់ធ្ងរ​ទៅដល់​ជនជាតិ​ចិន​ដទៃទៀត​ដែល​មិន​ដឹងអី​សោះ ពីព្រោះ​កាលណា​ការរើសអើង​វា​ប៉ាតណាប៉ាតណី​ខ្លាំងពេក វា​អាច​នឹង​ធ្វើអោយ​បាត់បង់​នូវ​កិត្តិយស​នៃ​សង្គមជាតិ​យើង​ហា៎ ដែល​យើង​ត្រូវគោរព​សីលធម៌​ត្រឹមត្រូវ សីលធម៌​ល្អ​។ សម្រាប់​អ្នក​ដែល​ប្រព្រឹត្តិ​បទល្មើស យើង​ត្រូវតែមាន​វិធានការ​ហើយ​យើង​មិនអាច​បណ្ដោយអោយ​ធ្វើ​អី​បាន​តាមចិត្ត​ទេ​»​។​
 
​កាលពី​ខែមករា​ដើមឆ្នាំ​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ផ្ញើ​របាយការណ៍​មួយ​ជូន​ក្រសួងមហាផ្ទៃ​ដែល​នៅក្នុង​របាយការណ៍​នោះ​មាន​បង្ហាញ​អំពី​លំហូរ​ជនជាតិ​ចិន​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​និង​ការកើនឡើង​នូវ​ឧក្រិដ្ឋកម្ម​។ នៅក្នុង​របាយការណ៍​នោះ​លោក យន្ត មីន បាន​បញ្ជាក់ថា ក្នុងចំណោម​ជនបរទេស​ចំនួន​៦៣៤៥​នាក់ ដែល​ស្នើសុំ​ប័ណ្ណ​ការងារ​និង​ស្នាក់​នៅក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ឆ្នាំ​២០១៧​នោះ មាន​ជនជាតិ​ចិន​ចំនួន​៤៤៩៨​នាក់​រួចទៅហើយ​។​
 
​របាយការណ៍​របស់លោក យន្ត មីន ដែល​ត្រូវបាន​ចែកចាយ​ទៅដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​កម្ពុជា បាន​លើកឡើងថា អ្នក​ចូល​លេងល្បែង​នៅ​កាស៊ីណូ​និង​ក្លឹប​កម្សាន្ត​ជជែក​គ្នា​ឡូឡា​កងរំពង និង​បញ្ហា​អ្នកបើករថយន្ត​ជនជាតិ​ចិន​គ្មាន​ប័ណ្ណបើកបរ​នានា គឺជា​ដើមចម​នៃ​ការព្រួយបារម្ភ ហើយ អាជីវករ​ក្នុង​ខេត្ត​ព្រះសីហនុ​មិន​សប្បាយចិត្ត​ដោយសារតែ​អាជីវកម្ម​របស់​ចិន​បាន​ជ្រៀតជ្រែក​ដណ្ដើម​ឆ្នាំងបាយ​របស់​ពួកគេ​។ លោក​បានលើកឡើង​ពី​ចំណុច «​អវិជ្ជមាន​» ចំនួន​ជាង​១០​ចំណុច ដែល​ពាក់ព័ន្ធ​នឹង​ជនជាតិ​ចិន ដែល​ក្នុងនោះ​មាន​ទាំង​ការកើនឡើង​នូវ​សកម្មភាព​ឧក្រិដ្ឋកម្ម​របស់​ក្រុមបងធំ​បងតូច​ផងដែរ​។​
 
​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​២០១៨​របស់​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨​លោក ស ខេង រដ្ឋមន្ត្រី​នៃ​ក្រសួងមហាផ្ទៃ បានបង្ហាញ​ពី​ផែនការ​មួយចំនួន​ដើម្បី​ប្រឆាំងនឹង​ការកើនឡើង​នូវ​ចំនួន​បទល្មើស​និង​ភាពមិនប្រក្រតី​ដ៏​ច្រើន​ដែល​បង្កដោយ​ជនជាតិ​ចិន ក្នុង​ខេត្ត​ព្រះសីហនុ​។​
 
​លោក​មានប្រសាសន៍​ក្នុងន័យ​ដើម​ថា​៖
 
«​សម្រាប់​ក្រសួងមហាផ្ទៃ​ដែលមាន​ការទទួលខុសត្រូវ​ច្រើន​នៅ​ទីនោះ​ផងដែរ ខ្ញុំ​ស្នើថា​យើង​នឹង​រៀបចំ​ក្រុមការងារ​ស្រាល​មួយ​ដើម្បី​ទៅ​គាំទ្រ​រដ្ឋបាល​ក្រុងព្រះសីហនុ ក្នុងនោះ​ខ្ញុំ​គិតថា​មាន​អគ្គនាយក​រដ្ឋបាល​បី​ដែល​ដើរតួ អាច​ថា​បួន អគ្គ​រដ្ឋបាល អគ្គ​នគរបាល អន្តោប្រវេសន៍ ហើយ​និង​ក្រុមអ្នកច្បាប់​។ រៀបចំ​ជា​ក្រុម​មួយ ដែល​គេ​ហៅថា​ក្រុម​ប្រតិបត្តិការ​ឬ​ក្រុមគាំទ្រ​»​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ចំពោះ អ្នកស្រី ពិ​សិទ្ធិ ដែលមាន​មុខរបរ​ជា​អ្នក​តុបតែង​មុខ​និង​លក់​ភេសជ្ជ​:​ក្នុង​ក្រុងភ្នំពេញ នៅតែមាន​អារម្មណ៍មិនល្អ​ចំពោះ​ការ​ចូលមក​រស់នៅ​រប​ស់ជន​ជាតិចិន​។ ក៏ប៉ុន្តែ អ្នកស្រី​បាន​បន្ថែមថា​អ្នកស្រី​មិនអាច​ធ្វើ​អ្វី​បាន​នោះទេ ព្រោះ​អី​ជន​ជាតិចិន​ទាំងនោះ បានមក​ដល់​និង​រស់នៅ​ប្រទេស​កម្ពុជា​បាត់ទៅហើយ​។​ស្របគ្នា​នោះដែរ អ្នក​ដែលមាន​ដីធ្លី ដូចជា​អ្នកស្រី ឈៀម វី​កា ក៏​កំពុងតែ​រីកចិត្ត​រីកថ្លើម​ចំពោះ​ការ​កើន​តម្លៃ​នៃ​អចលនទ្រព្យ​របស់​អ្នកស្រី​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com