អន្តរជាតិ
វៀតណាម​ចង់​មាន​ឧស្សាហកម្ម​ភាពយន្ត​បែប Hollywood
23, Oct 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ហូជីមិញ ៖ ​តើ​យើង​អាច​ហៅ​វា​ថា Vollywood បានទេ​? ឈុត​ឆាក​នៃ​ភាពយន្ត​របស់​ប្រទេស​វៀតណាម​កំពុងតែ​រីកចម្រើន​ជឿនលឿន​យ៉ាង​ឆាប់រហ័ស ដោយ​គេ​ឃើញ​មានការ​រីកដុះដាល​ឡើង​នូវ​រោងភាពយន្ត​ជាច្រើន​នៅ​ទូទាំងប្រទេស ផលិតករ​ភាពយន្ត​កាន់តែ​ច្រើនឡើង​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​នេះ និង​មានការ​ផ្ដោត​ចំណាប់អារម្មណ៍​នៅ​ទូទាំង​ពិភពលោក​បន្ថែមទៀត​ចំពោះ​ភាពយន្ត​ខ្នាត​ធំ​ដែលមាន​ចំណងជើង​ថា «Kong» ដែលជា​ភាពយន្ត​ត្រូវបាន​រៀបចំ និង​ថត​ឡើង​នៅក្នុង​ប្រទេស​វៀតណាម​។

 
​ប្រសិនបើ​យើង​សរសេរ​ពាក្យ «​ភាពយន្ត​វៀតណាម​» នៅតាម​អ៊ីនធឺណិត ដើម្បី​ស្វែងរក នោះគេ​នឹង​ឃើញថា ភាពយន្ត​ភាគច្រើន​គឺ​មិនមែន​ផលិត​ដោយ​ជនជាតិ​វៀតណាម​ទេ ប៉ុន្តែ​គឺ​គេ​នឹង​ឃើញ​ភាពយន្ត Hollywood អំពី​សង្គ្រាម​វៀតណាម​ទៅវិញ ដូចជា​រឿង Apocalypse Now រឿង Full Metal Jacket និង​រឿង Born on the Fourth of July ជាដើម​។ ភាពយន្ត Hollywood ទាំងនេះ​ភាគច្រើន​គឺ​ថត​នៅក្នុង​សហរដ្ឋអាមេរិក ហើយ​ភាពយន្ត​ទាំងអស់នេះ​គឺជា​រឿងរ៉ាវ​អំពី​ជនជាតិ​អាមេរិកាំង ដោយមាន​តួ​រាយរង​ជា​ជនជាតិ​វៀតណាម​។​
 
​នេះ​គឺជា​បញ្ហា​សម្រាប់​ប្រជាពលរដ្ឋ​វៀតណាម​ដែល​ចង់​ឲ្យ​ប្រទេស​វៀតណាម​អាច​ប្រឡូក​ក្នុង​ពិភព​ភាពយន្ត​នៅលើ​ពិភពលោក​បាន​។ ករណីនេះ​គឺ​កំពុងតែ​ចាប់ផ្ដើម​ហើយ​។​
 
​នាង Ngo Thanh Van ដែល​ល្បីឈ្មោះ​ជា​អន្តរជាតិ​ដោយសារតែ​ការសម្ដែង​របស់​នាង​នៅក្នុង​ភាពយន្ត​រឿង «Crouching Tiger, Hidden Dragon» បាន​ងាក​មក​ដឹកនាំ​រឿង​វិញ​។ ភាពយន្ត​ថ្មី​បំផុត​របស់​នាង​ដែលមាន​ចំណងជើង​ថា «The Tailor» ត្រូវបាន​ដាក់​ជា​ផ្លូវការ​សម្រាប់​ការប្រកួត​ពានរង្វាន់ Academy Awards ឬ​ពានរង្វាន់ Oscar​នៅ​ឆ្នាំក្រោយ នៅក្នុង​ប្រភេទ​ជា​ភាពយន្ត​និយាយ​ភាសាបរទេស​។​
 
​នាង Ngo Thanh Van ដែល​ធ្លាប់​សម្ដែង​នៅក្នុង​រឿង «Star Wars: The Last Jedi» បាន​ប្រាប់​គេហទំព័រ​ព័ត៌មាន Zing ថា​៖ «​ការផលិត​ភាពយន្ត​នៅក្នុង​ទីផ្សារ​វៀតណាម​គឺជា​អាជីវកម្ម​ប្រថុយប្រថាន​មួយ​។ ប៉ុន្តែ​មិនមែន​សម្រាប់​ខ្ញុំ​នោះទេ​។ ដោយសារតែ​ដូច្នេះហើយ​បានជា​ខ្ញុំ​ចង់​ប្រឹងប្រែង​ឲ្យ​បាន​ខ្លាំង​នៅក្នុង​ការផលិត​ភាពយ​ន្ត​នេះ​»​។​
 
​ចំណាប់អារម្មណ៍​កើន​ឡើងលើ​ភាពយន្ត​វៀតណាម​នេះ គឺ​កើតចេញពី​អ្នក​ផលិត​ផង និង​អ្នកទស្សនា​ផង​នៅក្នុង​ប្រទេស​វៀតណាម​។ បណ្ដាញ​រោងភាពយន្ត CGV នៅក្នុង​ប្រទេស​វៀតណាម បាន​រាយការណ៍​ថា ចំណូល​របស់ខ្លួន​មានការ​កើនឡើង​ចំនួន ៣០ ភាគរយ កាលពី​ឆ្នាំ ២០១៧ បើ​ប្រៀប​ជាមួយនឹង​ឆ្នាំ ២០១៦​។​
 
​ទោះបីជា​ក្រុមហ៊ុន​នេះ​គ្រាន់តែ​ជា​ក្រុមហ៊ុន​មួយ​តែប៉ុណ្ណោះ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​គ្រប់គ្រង​រោងភាពយន្ត​ជិត​ពាក់កណ្ដាល​នៅក្នុង​ប្រទេស​វៀតណាម​។​
 
​អ្នក​រិះគន់​ហៅ​ការគ្រប់គ្រង​នេះ​ថា​ជាការ​គ្រប់គ្រង​ផ្ដាច់មុខ ប៉ុន្តែ​ករណីនេះ​ក៏មាន​ន័យ​ផងដែរ​ថា ការរីកចម្រើន​របស់​ក្រុមហ៊ុន​នេះ​គឺជា​ការបង្ហាញ​ឲ្យ​ឃើញ​នូវ​ការរីកចម្រើន​របស់​ឧស្សាហកម្ម​ភាពយន្ត​នេះ​ជាទូទៅ​។​
 
​ក្រៅពី​ក្រុមហ៊ុន CGV ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន CJ របស់​ប្រទេស​កូរ៉េខាងត្បូង​នេះ ភាពយន្ត​ទាំងនេះ​ក៏ត្រូវ​បាន​ចាក់​បញ្ចាំង​ផងដែរ​ដោយ​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដូចជា​ក្រុមហ៊ុន BHD, Skyline, Cinestar, Cinebox, Lotte និង​ក្រុមហ៊ុន​ផ្សេងទៀត​។​
 
​រោងភាពយន្ត​ទាំងនេះ​កំពុង​បំពេញតម្រូវការ​របស់​អ្នកទស្សនា​នៅក្នុង​ប្រទេស​វៀតណាម ដែលជា​ប្រទេសមួយ​មាន​សេដ្ឋកិច្ច​រីកចម្រើន​ជិត ៧ ភាគរយ​ជា​រៀងរាល់ឆ្នាំ​។ ការរីកចម្រើន​សេដ្ឋកិច្ច​នេះ​ក៏បាន​ជំរុញ​ផងដែរ​ឲ្យ​ក្រុមហ៊ុន​មួយចំនួនទៀត​ដូចជា​ក្រុមហ៊ុន Netflix និង​ក្រុមហ៊ុន iflix ដែលជា​ក្រុមហ៊ុន​ប្រជែង​ជាមួយនឹង​ក្រុមហ៊ុន Netflix នេះ ចាប់ផ្ដើម​បំពេញតម្រូវការ​របស់​អ្នកទស្សនា​វៀតណាម​។​
 
​ធនាគារ Investar ដែលជា​ធនាគារ​ប្រឹក្សា​ខាង​វិនិយោគ​បានបញ្ជាក់​នៅក្នុង​អត្ថបទ​វិភាគ​មួយ​អំពី​ឧស្សាហកម្ម​ភាពយន្ត​ថា​៖ «​នៅពេលដែល​ប្រទេសមួយ​អភិវឌ្ឍ តម្រូវការ​អភិវឌ្ឍ​បន្ទាប់​គឺ​ការកម្សាន្ត ដូច្នេះ​ការ​ក្ដាប់​ឲ្យ​បាន​នូវ​តម្រូវការ​នេះ​គឺ​សំខាន់​ណាស់​។ នៅក្នុង​ប្រទេស​វៀតណាម រោងភាពយន្ត​ធំៗ​ភាគច្រើន​បានចាប់ផ្ដើម​រីកដុះដាល​ឡើង ហើយ​លំហូរ​វិនិយោគ​នៅក្នុង​វិស័យនេះ​ក៏​កំពុងតែ​កើនឡើង​ផងដែរ​»​។​
 
​ការរីកចម្រើន​នៃ​រោងភាពយន្ត​វៀតណាម​នេះ គឺ​កើតឡើង​ស្របគ្នា​នឹង​ការ​លេខ​មុខ​របស់​ជនជាតិ​វៀតណាម​រស់នៅ​បរទេស​នៅក្នុង​ផ្នែក​ភាពយន្ត​នេះ​។​
 
​ភាពយន្ត​ពេញនិយម​មួយ​របស់​ក្រុមហ៊ុន Netflix ដែលមាន​ចំណងជើង​ថា «To All the Boys I've Loved Before» មាន​តួ​សម្ដែង​ជា​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​វៀតណាម​ដែល​កើត​នៅ​ក្រុង Can Tho នៃ​តំបន់​ដីសណ្ដ​ទន្លេមេគង្គ​។ នៅក្នុង​រឿង «Downsizing» លោក Matt Damon សម្ដែង​រួមគ្នា​ជាមួយនឹង​នាង Hong Chau​។ នាង Hong Chau ដែល​និយាយ​ភាសា​វៀតណាម​សង្កត់​សំឡេង​ធ្ងន់ ត្រូវបាន​គេ​ដាក់ឈ្មោះ​សម្រាប់​ពានរង្វាន់ Golden Globe Award​។​
 
​ជនជាតិ​វៀតណាម​រស់នៅ​បរទេស​ខ្លះទៀត​ស្រដៀង​នេះដែរ បាន​ត្រឡប់​ទៅកាន់​ប្រទេស​វៀតណាម​វិញ​។ ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​វៀតណាម​ជាច្រើន​តាំងពី​តួ​សម្ដែង អ្នកដឹកនាំ​សម្ដែង ផលិតករ និង​អ្នក​កែសម្រួល​ភាពយន្ត បាន​វិលត្រឡប់​ទៅ ឬក៏​ទៅ​តាំង​ទីលំនៅ​ឡើងវិញ​នៅក្នុង​ប្រទេស​វៀតណាម​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ ក្នុងចំណោម​នោះ គឺ​លោក Johnny Tri និង​លោក Charlie Nguyen ដែលជា​បងប្អូន​នឹង​គ្នា​។​
 
​ផលិតករ​ភាពយន្ត​ដែល​មកពី​ប្រទេស​បារាំង ក៏បាន​វិលត្រឡប់​ទៅ​រស់នៅ​ឡើងវិញ​ក្នុងប្រទេស​វៀតណាម​។ ក្នុងចំណោម​នោះ គឺ​ពលរដ្ឋ​បារាំង​ដើមកំណើត​វៀតណាម​ពីរ​នាក់​ដែល​បាន​បង្កើត​ស្ទូ​ឌី​យោ​ភាពយន្ត​គំនូរជីវចល​មួយ​នៅក្នុង​ទីក្រុង​ហូជីមិញ​។​
 
​នាង Nguyen Cao Ky Duyen​ដែលជា​សិល្បករ បាន​សរសេរ​នៅលើ Facebook របស់​នាង​ថា​៖ «​ការមើល​ភាពយន្ត​វៀតណាម​គឺជា​វិធី​កម្សាន្ត​សប្បាយ លំហែ​អារម្មណ៍​ដ៏​មាន​ប្រសិទ្ធភាព​មួយ ដើម្បី​បង្ហាញ​ពី​ការ​ស្នេហា​ជាតិ​។ ប្រសិនបើ​អ្នកគាំទ្រ​ភាពយន្ត​វៀតណាម វិស័យ​ភាពយន្ត​នេះ​នឹង​រកចំណូលបាន ហើយ​វិនិយោគិន​នឹង​វិនិយោគ​បន្ថែម​លើ​វិស័យនេះ​»​។​
 
​នាង​បាន​បន្ថែមថា ប្រទេស​វៀតណាម​មាន ទីតាំង​ដែលមាន​ទស្សនីយភាព​ល្អៗ​ជាច្រើន​ដែល​អាចជា​កន្លែង​ថត​ភាពយន្ត​បាន​។​
 
​ភាពយន្ត​រឿង «Kong: Skull Island» គឺជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​។ ឈុត​ឆាក​នៃ​រឿង​អំពី​ស្វា​យក្ស​ដ៏​ធំ​នេះ​ភាគច្រើន​គឺ​ថត​នៅក្នុង​ប្រទេស​វៀតណាម ដែល​ក្នុងនោះ​មាន​ទាំង​ឈុត​បង្ហាញ​ពី​ផ្ទាំង​ថ្មកំបោរ​រាង​ចោទ និង​ផ្ទៃ​ទឹក​ពណ៌​បៃតង​នៃ​តំបន់ Halong Bay ដែលជា​កន្លែង​បេតិកភណ្ឌ​ពិភពលោក​មួយ​របស់​អង្គការ UNESCO​។​
 
​ខ្សែភាពយន្ត​នេះ​ក៏​ជា​និមិត្តរូប​នៃ​ការផ្លាស់ប្ដូរ​របស់​ប្រទេស​វៀតណាម​ផងដែរ​។ ទោះបីជា​រឿង «Kong» នេះ រៀបចំ​ប្លង់​ថត​អំពី​សម័យ​សង្គ្រាម​វៀតណាម​ក៏ដោយ ក៏​រឿងនេះ​មិនមែន​ថត​ឡើងជា​ភាពយន្ត​រៀបរាប់​ពី​សង្គ្រាម​នោះទេ ប៉ុន្តែ​រឿងនេះ​ទទួលបាន​ការចាប់អារម្មណ៍​ដោយសារ​ឈុត​ឆាក​ផ្សេង​ពីនេះ ដូចជា​សកម្មភាព​រប​ស់​ស្វា​យក្ស ការសម្ដែង​ឡើង​របស់​តួ​សម្ដែង​លោក Samuel L. Jackson និង​លោក Brie Larson និង​ទស្សនីយភាព​អស្ចារ្យ​។ ប្រទេស​វៀតណាម​ក៏មាន​ភាពយន្ត​រៀបរាប់​ពី​ឈុត​ឆាក​ទាំងនេះ​ផងដែរ គឺ​មិនមែន​គ្រាន់តែ​រឿងរ៉ាវ​នៅក្នុង​សមរភូមិ​ប្រយុទ្ធ​នោះទេ​។​
 
​ភាពយន្ត​ជា​ភាសា​វៀតណាម​មួយចំនួន​បាន​ឈាន​ឡើងដល់​ឆាក​អន្តរជាតិ​គឺ​តាំងពី​ភាពយន្ត​រឿង «Cyclo» រហូតដល់​ភាពយន្ត​រឿង «The White Silk Dress»​។ ប្រជាពលរដ្ឋ​វៀតណាម​សង្ឃឹមថា ទាំងនេះ​គឺ​គ្រាន់តែ​ជាការ​ចាប់ផ្ដើម​នៃ​ឧស្សាហកម្ម​ភាពយន្ត​ដ៏​រស់​រវើក​នេះ​ប៉ុណ្ណោះ​។​
 
​នាង Ky Duyen និយាយថា​៖ «​យើង​ដឹងថា ភាពយន្ត​វៀតណាម​មិនទាន់​អាច​ប្រជែង​បាន​ជាមួយនឹង​ភាពយន្ត​នៅ​បណ្ដា​ប្រទេស​ក្បែរ​ខាង​នោះទេ ដោយសារតែ​វៀតណាម​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការបើកចំហ​វិស័យនេះ​នៅឡើយ​។ ប៉ុន្តែ​ករណីនេះ​មិនមែន​មានន័យថា យើង​មិនអាច​ឈានដល់​កម្រិត​ដូច​គេ ឬក៏​ហួស​គេ​នោះទេ​»​។​
 
​ប្រទេស​ឥណ្ឌា​មាន​ឧស្សាហកម្ម​ភាពយន្ត Bollywood​។ ប្រទេស​នី​ហ្សេ​រី​យ៉ា​មាន​ឧស្សាហកម្ម​ភាពយន្ត Nollywood​។ ដូច្នេះ​ក្នុងពេល​ឆាប់ៗ​នេះ វៀតណាម​ប្រហែលជា​នឹងមាន​ឧស្សាហកម្ម​ភាពយន្ត Vollywood នឹង​គេ​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com