ជាតិ
បទសម្ភាសន៍
ព័ត៍មានសុខភាព
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
ទីធ្លាមុខផ្ទះល្វែងអ្នកស្រី ណារ៉ុន ក្លាយជាសួនបន្លែធម្មជាតិ ដែលអាចរកចំណូលបានច្រើន
× ភ្នំពេញ៖ អ្នកស្រី ម្លិះ ណារ៉ុន បានដាំបន្លែនៅមុខផ្ទះសម្រាប់ហូប និងលក់។ អ្នកស្រី ណារ៉ុន បានពង្រីកការដាំដំណាំកាន់តែច្រើន ដោយសារតែមានអតិថិជនចាប់អារម្មណ៍ និងបញ្ជាទិញបន្លែដែលគ្មានជាតិគីមីពីអ្នកស្រីកាន់តែច្រើន។ ក្នុង១ខែ អ្នកស្រីអាចរកប្រាក់ចំណូលបានប្រមាណ ១០០ដុល្លារ។
នៅមុខផ្ទះ២ល្វែង ដែលស្ថិតក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានក្លាយជាកន្លែងដាំបន្លែធម្មជាតិរបស់អ្នកស្រី ម្លិះ ណារ៉ុន។ មានវ័យ ៦០ឆ្នាំ អ្នកស្រី ណារ៉ុន បានចាប់ផ្ដើមដាំបន្លែសម្រាប់ហូបប៉ុណ្ណោះ ប៉ុន្តែ អ្នកធ្វើដំណើរតាមផ្លូវកាត់មុខផ្ទះរបស់អ្នកស្រី ចាប់អារម្មណ៍នឹងបន្លែទាំងនោះកាន់តែច្រើន ទើបធ្វើឲ្យអ្នកស្រីមានគំនិតពង្រីកការដាំកាន់តែច្រើនសម្រាប់លក់។
សូមអញ្ជើញទស្សនាវីដេអូដូចខាងក្រោម៖
បន្លែដែលអ្នកស្រីដាំជារួមមាន៖ សាឡាត, ខាត់ណា, ស្ពៃខៀវ, ស្ពៃចង្កឹះ, ត្រកួនចិន, ពោតបារាំង, គល់ស្លឹកគ្រៃ និងផ្ទីជាដើម។ ក្រៅពីទុកសម្រាប់ទទួលទាននៅក្នុងគ្រួសារ អ្នកស្រីអាចរកចំណូលបាន ១០០ដុល្លារក្នុងមួយខែ ពីរបរដាំបន្លែធម្មជាតិនេះ។
អ្នកស្រី ណារ៉ុន បានប្រាប់ ThmeyThmey25 ឲ្យដឹងពីមូលហេតុដែលអ្នកស្រីដាំបន្លែនៅទីធ្លាមុខផ្ទះល្វែងនេះយ៉ាងដូច្នេះថា៖ «តាមពិតទៅមកពីការស្រលាញ់ ហើយទំនេរផង។ ម្យ៉ាងទៀត ដោយសារបន្លែនៅផ្សារមានជាតិគីមី ទើបខ្ញុំសម្រេចចិត្តដាំបន្លែទាំងនេះដើម្បីហូប។ ក្រៅពីដាំហូប ខ្ញុំក៏អាចលក់បន្លែដែលបានដាំនេះផងដែរ»។ សួនបន្លែធម្មជាតិនៅមុខផ្ទះ២ល្វែងនារាជធានីភ្នំពេញរបស់ស្ត្រីវ័យ៦០ឆ្នាំរូបនេះ ទទួលបានការគាំទ្រច្រើន ហើយអតិថិជនរបស់អ្នកស្រីភាគច្រើនជាអ្នកមានជីវភាពធូរធារ។
ស្ត្រីមេម៉ាយរូបនេះ បញ្ជាក់ថា មិនហត់នឿយក្នុងការដាំបន្លែនេះទេ ហើយវាជួយដល់សុខភាពផងដែរ។ ក្រៅពីលក់បន្លែ អ្នកស្រី ម្លិះ ណារ៉ុន ក៏មានលក់គ្រាប់ពូជផងដែរ។ ការប្រកបរបរបែបនេះ បានធ្វើឱ្យជីវភាពរបស់អ្នកស្រីកាន់តែប្រើសើរជាងមុន។
© រក្សាសិទ្ធិដោយ thmeythmey.com