ជាតិ
លោក ជា សុផារ៉ា ប្រាប់ឲ្យពលរដ្ឋខេត្តក្រចេះ ដោះស្រាយបញ្ហាដីធ្លីដោយសន្តិវិធីជាមួយអាជ្ញាធរ Front រូបពីហ្វេសប៊ុលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រាប់ឲ្យពលរដ្ឋខេត្តក្រចេះដោះស្រាយបញ្ហាដីធ្លីជាមួយអាជ្ញាធរ ដោយសន្តិវិធី ដើម្បីទទួលបានដំណោះស្រាយត្រឹមត្រូវ។ សំណើររបស់លោក ជា សុផារ៉ា ធ្វើឡើងក្នុងគ្រាជួបដំណោះស្រាយបញ្ហាពលរដ្ឋខេត្តក្រចេះជាច្រើនគ្រួសារ បាននាំគ្នាឡើងមកតវ៉ាករណីវិវាទដីធ្លី នៅមុខទីស្នាក់ក្រសួងរៀបចំដែនដី។
ពលរដ្ឋដែលនាំគ្នាឡើងមកតវ៉ានេះ គឺពាក់ព័ន្ធនឹងវិវាទដីធ្លី ជាមួយក្រុមហ៊ុនចំការកៅស៊ូមេមត់ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ស្ថិតនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ប៉ុន្តែបញ្ហាតវ៉ានេះ បានបញ្ចប់ទៅវិញ នៅពេលដែលពួកគេ បានជួបដោះស្រាយជាមួយលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី។
សេចក្តីប្រកាសព័ត៌មានក្រសួង បានបញ្ជាក់ដូច្នេះថា៖«តំណាងប្រជាពលរដ្ឋទទួលស្គាល់ថា បានចូលទន្ទ្រានកាន់កាប់ដីរដ្ឋ ដែលបានផ្ដល់សិទ្ធិសម្បទានសេដ្ឋកិច្ច ជូនក្រុមហ៊ុនចំការកៅស៊ូ មេមត់ ពិតប្រាកដមែន ដោយខ្វះដីបង្កបង្កើនផល។ បន្ទាប់មកក៏បានយល់ព្រមត្រឡប់ទៅមូលដ្ឋានវិញ ដើម្បីបន្តសហការជាមួយអាជ្ញាធរខេត្តក្រចេះ សំដោះពន្លឿនការធ្វើអត្តសញ្ញាណកម្មពីមូលដ្ឋានដើម ដែលពួកគេរស់នៅអចិន្ត្រៃយ៍ឲ្យបានច្បាស់លាស់ ហើយយល់ព្រមទទួលយកដី តាមទំហំ និងទីកន្លែងតាមការរៀបចំរបស់អាជ្ញាធរខេត្តក្រចេះ»។
រូបពីហ្វេសប៊ុលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
បើតាមក្រសួងរៀបចំដែនដី ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីអ្នកតវ៉ា ដែលខ្វះដីលំនៅឋាន និងដី បង្កបង្កើនផលពិតប្រាកដ ដោយដាក់សំណើរតាមរយៈអាជ្ញាធរដែនដីសាមី ស្របតាមនីតិវិធីសម្បទានដីសង្គមកិច្ច។
ជាមួយនេះក្រសួង ក៏ព្រមានចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ចំពោះពលរដ្ឋណា ដែលបន្តសកម្មភាពចូលទន្ទ្រានដីរដ្ឋ ញុះញង់ និងក្លែងបន្លំព័ត៌មានមិនពិត ។«ប្រជាពលរដ្ឋសន្យាសហការជាមួយអាជ្ញាធរដែនដី ក្នុងការទប់ស្កាត់ការចូលទន្ទ្រានដីរដ្ឋ ការញុះញង់ និងការក្លែងបន្លំផ្ដល់ព័ត៌មានមិនពិត ដែលបង្កឲ្យយឺតយ៉ាវដល់ដំណើរការដោះស្រាយ»។ នេះបើតាមក្រសួងរៀបចំដែនដី៕
Tag:
ជា សុផារ៉ា
ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com