សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ទីផ្សារ​ភាគហ៊ុន​សកល​លោក​ធ្លាក់ចុះ ខណៈ​មានការ​ព្រួយបារម្ភ​អំពី​កំណើនសេដ្ឋកិច្ច និង​ប្រាក់ចំណេញ​ទាប​
24, Oct 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ទីផ្សារ​ភាគហ៊ុន​សកល​លោក​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​កាលពី​ថ្ងៃ​អង្គារ ខណៈដែល​វិនិយោគិន​ព្រួយបារម្ភ​អំពី​កំណើនសេដ្ឋកិច្ច​ពិភពលោក ហើយ​ការព្យាករណ៍​ពី​បណ្តា​ក្រុមហ៊ុន​អាមេរិក​មាន​លក្ខណៈ​ទុទិដ្ឋិនិយម​។​

 
​ស​ន្ទ​ស្សន៍​ទីផ្សារ​ភាគហ៊ុន​ធំៗ​នៅ​អាស៊ី​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង បន្ទាប់ពី​ចិន​បាន​បង្កើន​ហិរញ្ញប្បទាន​សម្រាប់​បណ្តា​ក្រុមហ៊ុន​ឯកជន​នានា​។ អ្នកវិនិយោគទុន​មានការ​ព្រួយបារម្ភ​អំពី​ការព្យាករណ៍​ទុទិដ្ឋិនិយម​ពី​ក្រុមហ៊ុន​ឧស្សាហកម្ម​ធំៗ​របស់​អាមេរិក​ដូចជា​ក្រុមហ៊ុន Caterpillar និង​ក្រុមហ៊ុន 3M​។ 
 
​ដំណើរ​វិវត្តន៍​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​សុទិដ្ឋិនិយម​របស់​អ្នកវិនិយោគ​អំពី​សេដ្ឋកិច្ច​សកលលោក ដែល​ទំនងជា​ដើរ​យឺតៗ បន្ទាប់ពី​ការរីកចម្រើន​កាលពី​ឆ្នាំមុន​ដែល​ធ្វើ​ឲ្យ​ផ្សារ​ហ៊ុន​សកលលោក​កើនឡើង​ខ្ពស់ជាង​មុន​។​
 
​កាលពី​ដើមខែ​នេះ មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ IMF បាន​ផ្អាក​ការព្យាករណ៍​សេដ្ឋកិច្ច​សកលលោក​រប​ស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១៨​និង​២០១៩ ដោយ​បន្ទោស​ទៅលើ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​ពួក​អ្នកការពារ​និយម​និង​ភាពមិនប្រាកដប្រជា​នៃ​ទីផ្សារ​ដែល​ទើបនឹង​ងើបឡើង​ថ្មី​។ 
 
​សេដ្ឋកិច្ច​អាមេរិក​ដែល​អ្នកវិនិយោគ​មើលឃើញថា​មាន​លក្ខណៈ​ល្អ ក៏​បង្ហាញ​សញ្ញា​ចុះខ្សោយ​ផងដែរ​។ វិស័យ​លំនៅដ្ឋាន​និង​យានយន្ត​បាន​ធ្លាក់ចុះ ហើយ​របាយការណ៍​មួយ​ដែល​នឹង​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​បង្ហាញថា កំណើនសេដ្ឋកិច្ច​អាមេរិក​មាន​លក្ខណៈ​មធ្យម​នៅក្នុង​ត្រីមាស​ទី​បី​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com