ភ្នំពេញ៖ «នវានុវត្តន៍ថ្ងៃនេះ ដើម្បីថ្ងៃស្អែកកាន់តែប្រសើរ» ជាប្រធានបទដែលត្រូវបានលើកឡើងក្នុងទិវាអង្គការសហប្រជាជាតិ (UN Day) ក្នុងថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៨ នេះ។ ប្រធានបទក្នុងឆ្នាំនេះគឺផ្ដោតសំខាន់ទៅលើយុវជនកម្ពុជា ក្នុងការចូលរួមរកដំណោះស្រាយលើបញ្ហានានាក្នុងសង្គម នាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។
ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងការផ្តល់ឱកាសដល់សាធារណជន ជាពិសេសគឺយុវជនកម្ពុជា បានទទួលចំណេះដឹង និងព័ត៌មានបន្ថែម អំពីគោលដៅអភិវឌ្ឍដោយចីរភាព (SDGs) និងបានស្វែងយល់ពីសកម្មភាពនានា ដែលអង្គការសហប្រជាជាតិ រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ក្រុមសហគ្រិន និងបណ្តាដៃគូដទៃទៀត ដែលបានអនុវត្តនៅកម្ពុជា។ អង្គការសហប្រជាជាតិកំពុងធ្វើការជាមួយរដ្ឋាភិបាលដើម្បីលើកកម្ពស់ការយល់ដឹង និងដោះស្រាយបញ្ហាប្រឈមនានារបស់យុវជនកម្ពុជា។
អ្នកស្រី ផូលីន ថាមេស៊ីស ប្រធានអង្គការសហប្រជាជាតិនៅកម្ពុជា បាននិយាយថា អង្គការសហប្រជាជាតិកំពុងអនុវត្តគម្រោងមួយ ជាមួយនឹងក្រសួងការងារទាក់ទង់ទៅនឹងយុវជន មុខរបរនិងការងារ ។ ដោយឡែកគម្រោងជាមួយក្រសួងអប់រំ លើការផ្ដល់នៅចំណេះដឹង ជំនាញ ទាក់ទងទៅនឹងសេដ្ឋកិច្ច និងកិច្ចការលើផ្នែកផ្សេងៗទៀត ទាំងជាមួយរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនផងដែរ។
«ខ្ញុំមានការសង្ឃឹមខ្ពស់ទៅលើយុវជនកម្ពុជា ក្នុងនាមអង្គការសហប្រជាជាតិ យើងនឹងជួយដល់យុវជនកម្ពុជាក្នុងការពង្រឹងភាពជាអ្នកដឹកនាំ និងជួយគាំទ្រជំនួយបច្ចេកទេសនានាក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា យើងរីករាយក្នុងការធ្វើការជាមួយយុវជនកម្ពុជា យើងក៏បើកឲ្យយុវជនលើកឡើងនៅគំនិតថ្មីមកកាន់យើងផងដែរ ដូចជាការចែករំលែកនៅបទពិសោធន៍ និងបញ្ហាដែលកំពុងជួបប្រទះ ដើម្បីចូលរួមដោះស្រាយរួមគ្នា»។ នេះជាការលើកឡើងរបស់អ្នកស្រី ផូលីន ថាមេស៊ីស ប្រធានអង្គការសហប្រជាជាតិនៅកម្ពុជា។
អ្នកស្រី ផូលីន ក៏ជំរុញឲ្យយុវជនកម្ពុជាចូលរួមក្នុងការដោះស្រាយបញ្ហាផ្សេងៗក្នុងសង្គមកម្ពុជា ឲ្យកាន់តែសកម្មបន្ថែមទៀត។ អ្នកស្រី ផូលីន បន្ថែមថា៖« យើងមិនអាចធ្វើតែឯងបានទេ យុវជនក៏មិនអាចធ្វើម្នាក់ឯងបានផងដែរ យើងត្រូវធ្វើការរួមគ្នាជាមួយរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍ផ្សេងៗទៀត»។
លោក ហង់ ជួន ណារុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានលើកឡើងថា ប្រធានបទឆ្នាំនេះល្អសម្រាប់យុវជនក្នុងការអភិវឌ្ឍន៍ខ្លួនក្នុងការទទួលយកចំណេះដឹងផ្នែកបច្ចេកវិទ្យា ដើម្បីត្រៀមខ្លួនសម្រាប់ទីផ្សារការងារ និងចូលរួមដោះស្រាយបញ្ហាផ្សេងៗ។
« ដើម្បីដោះស្រាយបញ្ហា យុវជនត្រូវចូលរួម ប្រសិនបើយុវជនមិនចូលរួម យុវជនមិនអាចដោះស្រាយបញ្ហាបានទេ ការចូលរួមរបស់យុវជន ការផ្ដល់ឲ្យយុវជននូវជំនាញ បំណិន បច្ចេកវិទ្យា គឺជាកត្តាចាំបាច់ ដើម្បីដោះស្រាយបញ្ហាសម្រាប់អនាគត»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងអប់រំ ដែល
គាំទ្រអង្គការសហប្រជាជាតិ ក្នុងការជួយគ្រប់វិស័យផ្សេងៗសម្រាប់កម្ពុជា ជាពិសេសវិស័យអប់រំ៕