ជាតិ
សង្គមជាតិ
ឌុច ត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ ក្រោយមានបញ្ហាផ្លូវដង្ហើម
× លោក កាំង ហ្គិចអ៊ាវ ហៅឌុច ដែលជាអតីតប្រធានមន្ទីរសន្តិសុខ «ស២១» ក្នុងសម័យខ្មែរក្រហម ត្រូវបានបញ្ជូនចេញពីពន្ធនាគារខេត្តកណ្តាល ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជម្នះ តាំងពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨មកម្ល៉េះ ក្រោយពីលោកមានបញ្ហាផ្លូវដង្ហើម និងមានអាការឆាប់ហត់។ នេះជាការអះអាងរបស់លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល។
លោក ចាត ស៊ីនាង បានប្រាប់សារព័ត៌មានថ្មីៗ នៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះថា ក្រោយពីពិនិត្យទៅ មិនឃើញមានភាពធូរស្រាល លោក ឌុច ក៏ត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២១ ខែតុលា។ ប្រធានពន្ធនាគាររូបនេះ សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«ជំងឺរបស់គាត់ធ្ងន់ឬស្រាល ខ្ញុំមិនហ៊ាននិយាយទេ។ តែ គេ បានបញ្ជូនគាត់ ទៅបន្ទប់សង្គ្រោះបន្ទាន់ហើយ នៅម៉ោងប្រហែលជា៣រសៀលថ្ងៃហ្នឹង»។
សូមបញ្ជាក់ថា លោក ឌុច ដែលមកដល់ពេលនេះមានវ័យ៦៧ឆ្នាំ គឺជាមនុស្សម្នាក់ ក្នុងចំណោមមេដឹកនាំផ្សេងទៀត ក្នុងសម័យខ្មែរក្រហម ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត ក្រោមបទចោទ «ឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ»៕
Tag:
ឌុច
តុលាការខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com