អន្តរជាតិ
អតីត​នាយករដ្ឋមន្ត្រី និង​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​
26, Oct 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​លោក Najib Razak អតីត​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី និង​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់លោក​បាន​ត្រូវ​ចោទប្រកាន់​ពីបទ​បន្លំ​ប្រាក់​សាធារណៈ ១​ពាន់ ៦​រយ​លាន​ដុល្លារ​។​

 
​លោក Najib និង​លោក Mohamad Irwan Serigar អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ​បាន​ត្រូវ​ចោទប្រកាន់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុង​សាល​តុលាការ​មួយ​ក្នុង​ក្រុង​កូ​ឡា​ឡាំ​ពួ​ពីបទ​ចោទប្រកាន់​៦​ខ ស្តីពី​ការបំពាន​លើ​ការទុកចិត្ត​។ បុរស​ទាំងពីរ​នាក់​នេះ​បាន​ត្រូវ​ចោទប្រកាន់​ពីបទ​បន្លំ​ប្រាក់កាស​ត្រូវ​ចាត់​សម្រាប់​ការកសាង​អាកាសយានដ្ឋាន​ក្រុង​កូ​ឡា​ឡាំ​ពួ និង​កម្មវិធី​ផ្តល់ប្រាក់​ជំនួយ​បន្ថែម​មួយ​នៅ​ចន្លោះ​ខែធ្នូ ឆ្នាំ​២០១៦ និង​ខែធ្នូ​ឆ្នាំ ២០១៧​។ ការចោទប្រកាន់​នីមួយៗ​អាច​មានទោស​ជាប់គុក ២០​ឆ្នាំ​។​បុរស​ទាំងពីរ​នាក់​នេះ​បាន​និយាយថា ពួកគេ​ស្លូតត្រង់​គ្មាន​ទោសពៃរ៍​អ្វី​ទេ​។​
 
​លោក Najib ប្រឈម​នឹង​ការចោទប្រកាន់ ៣២​ទាក់ទិន​ជាមួយ​រឿងអាស្រូវ​បន្លំ​ប្រាក់​មូលនិធិ​វិនិយោគ​របស់​រដ្ឋ​ឈ្មោះ 1MDB ដោយមាន​រួមបញ្ចូល​ការបំពាន​លើ​ការទុកចិត្ត ការប្រព្រឹត្ត​អំពើពុករលួយ និង​ការលាង​លុយកខ្វក់​ផងដែរ​។​លោក​Najib​បាន​ត្រូវ​ចោទប្រកាន់ថា បាន​បង្វែរ​ប្រាក់​ប្រមាណ ១០​លាន​ដុល្លារ​ទៅ​ដាក់​ក្នុង​គណនេយ្យ​ធនាគារ​លោក​ដែលជា​ផ្នែក​មួយ​នៃ​ទឹកប្រាក់​ចំនួន ៤​ពាន់ ៥​រយ​លាន​ដុល្លារ ដែល​ក្រសួង​យុ​ត្តិ​ធ៌​ម​ស​.​រ​.​អាបាន​ចោទប្រកាន់​លោក និង​សហការី​លោក​ថា បាន​លួច​ពី​មូលនិធិ 1MDB៕
 

© រក្សាសិទ្ធិដោយ thmeythmey.com