ជាតិ
ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ជាង​៩​ពាន់​លាន​ដុល្លារ លើ​គម្រោង​១៣៧
26, Oct 2018 , 8:19 pm        
រូបភាព
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
ដោយ: ថ្មីៗ
​ព្រះសីហនុ​៖ បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ កំពុង​ទាក់ទាញ​អ្នកវិនិយោគ មក​បណ្ដាក់ទុន​ជា​បន្តបន្ទាប់ ដែលមាន​ទំហំ​ទឹកប្រាក់​ជាង​៩​ពាន់​លាន​ដុល្លារ លើ​គម្រោង​ចំនួន​១៣៧​។ នេះ​បើតាម​រដ្ឋបាលខេត្ត​ព្រះសីហនុ​។​

 
​លោក ឈិន សេង​ងួន អភិបាលខេត្ត​ស្តីទី នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​និយាយថា ខេត្ត​ព្រះសីហនុ គឺជា​បំពង់ករ​សេដ្ឋកិច្ច និង​ជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង​ធំជាងគេ​ក្នុង​កម្ពុជា តាមរយៈ​សក្តានុពលរ​បស់​ខេត្ត​ព្រះសីហនុ​។​
 
​ដោយសារតែ​ខេត្ត​ព្រះសីហនុ កំពុងមាន​សក្តានុពល​ពាណិជ្ជ​កម្មនេះ ទើប​ធ្វើ​ឲ្យ​អ្នកវិនិយោគ​ក្រៅប្រទេស មក​បណ្ដាក់ទុន​ជា​បន្តបន្ទាប់ នៅ​តំបន់​ខេត្ត​ទេសចរណ៍​មួយ​នេះ​។ តាម​ឥទ្ធិពល​នេះ ខេត្ត​ព្រះសីហនុ មាន​គម្រោង​វិនិយោគ​សរុប​ចំនួន​១៣៧​គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​៩,៤០៤ លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​លោក ឈិន សេង​ងួន​។​
 
​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ស្រង់​សម្ដី​លោក ឈិន សេង​ងួន ក្នុងជំនួប​លោក Ernesto Braam ទីប្រឹក្សា​យុទ្ធសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ នៃ​ស្ថានទូត​ហូ​ឡង់ ប្រចាំ​ប្រទេស​សឹង្ហ​បុរី ដូច្នេះ​ថា​៖«​បច្ចុប្បន្ន​កំពុងដំណើរកា​រ ៩៥​គម្រោង មាន​ទុនវិនិយោគ​៦,៧៤៤​លាន​ដុល្លា​អាមេរិក មិន​ដំណើរការ ៤២​គម្រោង ទុនវិនិយោគ​សរុប ២.៥៧៤​លាន​ដុល្លា​អាមេរិក និង​លុបចេញ ៣​គម្រោង ទុនវិនិយោគ ៨៥,៩៧​លាន​ដុល្លា​អាមេរិក »​។​
 
​ខេត្ត​ព្រះសីហនុ កំពុង​ទាក់ទាញ​អ្នកវិនិយោគ​គិ​ន មក​វិនិយោគ​យ៉ាងគំហុក​រយៈពេល ២​ឆ្នាំ ចុងក្រោយ​នេះ ដែល​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់ តែ​ល្អ​ប្រសើរឡើង ។ នៅពេល​ខាងមុខ ខេត្ត​ព្រះសីហនុ នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍ វិនិយោគ​យ៉ាង​មមាញឹក​ជាក់​ជាមិនខាន ។ នេះ​ជាការ​លើកឡើង​របស់លោក Ernesto Braam ទីប្រឹក្សា​យុទ្ធសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ នៃ​ស្ថានទូត​ហូ​ឡង់ ប្រចាំ​ប្រទេស​សឹង្ហ​បុរី ។​
 
​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ កំពុង​ទទួលបាន​អ្នកវិនិយោគ ដែល​ភាគច្រើន​ជា​ក្រុមហ៊ុន​ចិន​៕
 

Tag:
 ឈិន សេង​ងួន​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com