ជាតិ
សេដ្ឋកិច្ច
លោក ពៅ បញ្ញា រកប្រាក់​ចំណេញ​ពី​ដូងក្រអូប​បាន​ជាង​៤​ម៉ឺន​ដុល្លារ ក្នុង​មួយឆ្នាំ​
28, Oct 2018 , 8:59 am        
រូបភាព
លោក ពៅ បញ្ញា
លោក ពៅ បញ្ញា
​ព្រះសីហនុ​៖ ម្ចាស់​ចម្ការ​ដូងក្រអូប​៤០​ហិកតា នៅ​វាលរិញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លោក ពៅ បញ្ញា អាច​ទទួល​ប្រាក់ចំណេញ​បាន​ពី ៤ ទៅ​៥​ម៉ឺន​ដុល្លារ ក្នុង​មួយឆ្នាំ ពី​ការ​ហុច​ផល​នៃ​ដូងក្រអូប​នេះ​។ លោក បានទទួល​ផល​ពី​ដូងក្រអូប​ជាង​១០​ឆ្នាំ​មកហើយ​។


 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ បុរស​វ័យ​ជិត​៣០​រូបនេះ បាន​និយាយថា ដូងក្រអូប​នៅលើ​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន កំពុង​បានក្លាយ​ជាការ​ពេញនិយម​សម្រាប់​អតិថិជន​គ្រប់​វ័យ​ទិញ​ពិសា និង​មាន​តម្រូវការ​ខ្ពស់ ជាង​ផ្លែ​ដូង​ផ្សេងៗ​។ ដូងក្រអូប​មកពី វាលរិញ​របស់លោក បញ្ញា មានតម្លៃ​២៥០០​រៀល ក្នុង​មួយ​ផ្លែ​។ នេះ​ជាត​ម្លៃ​ចែកចាយ​ឲ្យ​គេ​លក់​បន្ត​។ ដោយឡែក​តម្លៃ​លក់រាយ​ធម្មតា​វិញ គឺ​៤០០០​រៀល ក្នុង​មួយ​ផ្លែ​។ តម្លៃ​ទាំងនេះ គឺ​លក់​អស់ៗ ពុំដែល​សល់​ឡើយ មានន័យថា​មាន​ដូង​ប៉ុន្មាន គឺ​លក់​អស់​ប៉ុ​ណ្នឹ​ង​។  


 
​លោក​បាន​ឲ្យ​ដឹងថា ដំណាំ​ដូងក្រអូប​នេះ មិន​ពិបាក​ដាំ និង​ថែទាំ ដូច​ដំណាំ​ផ្សេងៗ​នោះទេ ពោលគឺ​វា​ត្រូវការ​តែ​ទឹក និង​ជី​បំប៉ន​គល់​តែប៉ុណ្ណោះ​។ 
​ជាទូទៅ​ដូង​ប្រភេទ​នេះ ឲ្យ​ផល​បាន​ពេញ​មួយឆ្នាំ​។ ប៉ុន្តែ​ការទទួលបាន​ផល​ពី​ដូង​នេះ បាន​ច្រើន ឬ​តិច វា​ក៏​អាស្រ័យទៅលើ​ការថែទាំ និង​នៅតាម​រដូវ​កាល​ផងដែរ​។ រដូវវស្សា​ដូង​ឲ្យ​ផល​បាន​ច្រើន និង​ល្អ និង​ថយចុះ ក្នុង​រដូវប្រាំង ដោយសារ​អាកាសធាតុ​ក្តៅ និង​ទឹក​ផ្តល់​មិនបាន​គ្រប់គ្រាន់​។ «​ដូង​មួយ​ដើម យ៉ាងហោចណាស់​ឲ្យ​ផល ក្រោយ​រយៈពេល​ថែទាំ​យ៉ាងយូរ​៤​ឆ្នាំ បាន​ពី​១៨០ ទៅ​២០០​គ្រាប់ ឬ​លើសពីនេះ ក្នុង​មួយឆ្នាំ​»​។   នេះ​ជាការ​អះអាង​របស់ លោក បញ្ញា​។ 


 
​បើតាម​លោក បញ្ញា លោក​អាច​រកចំណូលបាន​ជាង​១២​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ ប៉ុន្តែ​ចំណូល​ទាំងនេះ ត្រូវ​ចំណាយ​វិញ​ទៅលើ​បុគ្គលិក កម្មករ និង​ការថែទាំ​ជាដើម​។ ដូច្នេះ​សរុបមក​លោក បញ្ញា អាច​ទទួលបាន​ផលចំណេញ​ពី​៤ ទៅ​៥​ម៉ឺន​ដុល្លារ ក្នុង​មួយឆ្នាំ​។ 
 
​បច្ចុប្បន្ន លោក ពៅ បញ្ញា មាន​ដំណាំ​ដូងក្រអូប​ជាង​២០,០០០​ដើម នៅលើ​ផ្ទៃដី​៤០​ហិកតា​។ ក្នុងនោះ​ដូង​ដែល​អាច​ទទួលផល​បាន មាន​ជាង​៥០​ភាគរយ​នៃ​ចំនួន​ដើម​ដូង​សរុប​។ ក្រៅពី​លក់​ផ្លែ​ដូងក្រអូប លោក បញ្ញា នៅមាន​លក់​ពូជ​ដូង  ដូង​រលីង និង​ចាហួយ​ដូងក្រអូប​ផងដែរ​៕
 










 

Tag:
 សេដ្ឋកិច្ច​
  កសិកម្ម​
  ដូងក្រអូប​
  ពៅ បញ្ញា​
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com