ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​ញ៉ាំ​ទឹក គួរតែ​ញ៉ាំ​ពេលណា​ទើប​ល្អ​បំផុត​?
07, Mar 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មែនហើយ យើងទាំងអស់គ្នា​សុទ្ធតែ​ដឹងថា ការ​ញ៉ាំ​ទឹក​គឺជា​រឿង​សំខាន់បំផុត​ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​។ ប៉ុន្តែ​សំណួរ​សួរថា តើ​ពេលណា​ដែលជា​ពេលវេលា​ដ៏​ល្អ​បំផុត​ដើម្បី​ញ៉ាំ​ទឹក​ទៅ​? មនុស្ស​យើង​ភាគច្រើន​នឹង​ញ៉ាំ​ទឹក​នៅពេល​មាន​អារម្មណ៍​ស្រេកទឹក​។



វា​ពិតជា​មិន​អី​ទេ​ចំពោះ​រឿងនេះ ប៉ុន្តែ​ដើម្បី​បាន​លទ្ធផល​ល្អ​បំផុត វា​មាន​ឧទាហរណ៍​ច្រើនណាស់​ទាក់ទង​នឹង​ពេលវេលា​ដែល​អ្នក​គួរតែ​ញ៉ាំ​ទឹក​ដូចជា​៖
 
​ញ៉ាំ​ទឹក​ពេល​ភ្ញាក់​ពី​គេង​
 
​ក្នុង​រាងកាយ​មនុស្ស​យើង គឺ​ត្រូវការ​ទឹក​ដើម្បី​ធ្វើការ ជាពិសេស​ក្រោយ​ពេលដែល​រាងកាយ​សម្រាក​រយៈពេល​យូរ​។ អ្នក​គួរតែ​ធ្វើបែបនេះ​នៅពេល​ភ្ញាក់​ពី​គេង​ព្រឹក​ឡើង​។ បើសិនជា​អ្នក​អាចធ្វើ​វា​បាន នោះ​រាងកាយ​នឹងធ្វើ​ការ​បាន​កាន់តែ​ស្រួល​សម្រាប់​ការរស់នៅ​ពេញ​មួយថ្ងៃ​។ 

​ញ៉ាំ​ទឹក​៣០​នាទី​មុន​បាយ​

​អ្នកជំនាញ​ខាង​សម្រក​ទម្ងន់​នឹង​ប្រាប់​អ្នក​ថា អ្នក​អាច​ប្រើ​វិធី​នេះ​ដើម្បី​ការពារ​កុំ​ឲ្យ​ញ៉ាំ​អាហារ​ច្រើនៗ​ពេក​បាន ដោយសារតែ​ពេលដែល​អ្នក​ញ៉ាំ​ទឹក​ខ្លះ​មុន​បាយ អ្នក​នឹងមាន​អារម្មណ៍​ថា ញ៉ាំ​តិចៗ​ឆាប់​ឆ្អែត​ហើយ​។ រឿងនេះ​មិន​ត្រឹមតែ​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ទេ តែ​ក៏​នឹង​ជំរុញ​ដល់​មុខងារ​កាន់តែ​ល្អ​របស់​កោសិការ​ផងដែរ ជាពិសេស​ការរំលាយ​អាហារ​តែម្តង​។ 
 
​ញ៉ាំ​ទឹក​ពេល​អស់កម្លាំង​
 
​តើ​អ្នកមាន​អារម្មណ៍​ថា​ពេលខ្លះ​អស់កម្លាំង​ខ្លាំង​ដែរ​ទេ ជាពិសេស​នៅពេល​រសៀល​តែម្តង​? បើសិន​ជាការ​អស់កម្លាំង​បង្កឡើង​ដោយ​ការ​ខ្សោះ​ជាតិ​ទឹក យក​ល្អ​គួរតែ​ញ៉ាំ​ទឹក​មួយ​កែវ ហើយ​អ្នក​នឹងមាន​អារម្មណ៍ល្អ​ជាង​មុន​ហើយ​។ 

​ញ៉ាំ​ទឹក​មុន​ហាត់ប្រាណ​
 
​យោងទៅតាម​សីតុណ្ហភាព និង​បរិយាកាស និង​កម្រិត​នៃ​ជាតិ​ទឹក​ក្នុង​ខ្លួន អ្នក​ប្រហែលជា​ត្រូវការ​ញ៉ាំ​ទឹក ៦ ទៅ​៨​កែវ​ក្នុង​មួយថ្ងៃ​ដើម្បី​ការពារ​កុំ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្រោយពី​ហាត់ប្រាណ​រួច​។ ការ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​គ្រប់​គឺជា​រឿង​សំខាន់​ក្នុងការ​ការពារ​ខ្លួន​ពី​សីតុណ្ហភាព​ក្តៅ ហើយក៏​ជួយ​ជំរុញ​ដល់​របត់​ឈាម​រត់​កាន់តែ​ស្រួល​ដល់​រាងកាយ​ទាំងមូល​ដែរ​។ 
 
​ញ៉ាំ​ទឹក​ក្រោយ​ហាត់ប្រាណ​រួច​
 
​ក្រោយពី​ហាត់ប្រាណ​ខ្លាំងក្លា​រួច អ្នក​ប្រហែលជា​ត្រូវ​ញ៉ាំ​ទឹក​ច្រើន​ដើម្បី​ជំនួស​ជាតិ​ទឹក​ដែល​បាត់បង់​តាមរយៈ​ការ​នោម ឬ​បែកញើស​។ ចំនួន​ទឹក​ដែល​អ្នកត្រូវការ​គឺ​អាស្រ័យ​ទៅតាម​សុខភាព ទម្ងន់ និង​អ្នក​ហាត់ប្រាណ​ក្រោម​ស្ថានភាព​ក្តៅ​ខ្លាំង​ឬ​អត់ រយៈពេល​ហាត់ និង​កត្តា​ផ្សេងៗ​ទៀត​។ ចូរ​ប្រាកដថា មិនត្រូវ​ញ៉ាំ​ទឹក​ច្រើនពេក និង​លឿន​ពេក​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​ឈឺក្រពះ​បាន​។ 
 
​ញ៉ាំ​ទឹក​ពីរ​បី​នាទី​មុនពេល​ចូល​គេង​
 
​ការធ្វើ​បែបនេះ​នឹង​ជួយ​ជំនួស​ជាតិ​ទឹក​ដែល​បាត់បង់​ក្នុងពេល​គេង​លក់​ផង​

​ញ៉ាំ​ទឹក​ពេល​អ្នក​ឈឺ​
 
​ការ​រាករូស ក្អួត ។​ល​។ ធ្វើ​ឲ្យ​ជាតិ​ទឹក​ក្នុង​ខ្លួន​បាត់បង់ ដូច្នេះ អ្វីដែល​សំខាន់​គឺ​ត្រូវ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​នៅពេល​អ្នកមាន​ជំងឺ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
​ 

© រក្សាសិទ្ធិដោយ thmeythmey.com