ជាតិ
ធនាគារជាតិ​កម្ពុជា គាំទ្រ​ការប្រើប្រាស់​ប្រាក់​យ៉​ន់​
29, Oct 2018 , 2:17 pm        
រូបភាព
​រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឲ្យ​ប្រាក់​យ៉​ន់​របស់​ប្រទេស​ចិន ចរាចរ​លើ​ទីផ្សារ ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម​ទ្វេភាគី ការវិនិយោគ និង​ទេសចរណ៍​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។


 
​ការគាំទ្រ​របស់​ធនាគា​រ​ជាតិ ក្នុងការ​ប្រើប្រាស់​ប្រាក់​យ៉​ន់​តាមរយៈ​ប្រព័ន្ធ​ធនាគារ ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម​ទ្វេភាគី ការវិនិយោគ និង​ទេសចរណ៍​ជាដើម ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ នេះ​បើ​យោងតាម​ការលើកឡើង​លោក ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​វេទិកា​ស្តីពី រូបិយប័ណ្ណ​យ៉​ន់​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨​។ 
 
​លោក​បន្តថា​៖«​ធនាគារជាតិ បានអនុញ្ញាត​ឲ្យ​ធនាគារ​ប្រទេស​ចិន​ពីរ ធ្វើជា​ធនាគារ​ផាត់ទាត់​ប្រាក់​យ៉​ន់ គឺ​ធនាគារ BOC ធនាគារ ICBC និង​ធនាគារពាណិជ្ជ​នៅ​កម្ពុជា​១៣​ផ្សេងទៀត​ធ្វើ​ប្រតិបត្តិការ​ជា​ប្រាក់​យ៉​ន់ ហើយ​តាមរយៈ​នេះ វិនិយោគិន ពាណិជ្ជករ និង​អ្នកទទួល​ចំណូល​ជា​ប្រាក់​យ៉​ន់ អាច​ទូទាត់ ខ្ចី និង​ដាក់​ប្រាក់​បញ្ញើ​ជា​ប្រាក់​យ៉​ន់ ក្នុង​ប្រព័ន្ធ​ធនាគារ ដែល​អនុញ្ញាត​ឲ្យ​ធនាគារជាតិ អាច​គ្រប់គ្រង​ចរាចរ​ប្រាក់​យ៉​ន់​បានល្អ​ប្រសើរ និង​រួមចំណែក​ជំរុញ​កំណើន​ពាណិជ្ជកម្ម ការវិនិយោគ និង​ទេសចរណ៍​មកពី​ប្រទេស​ចិន​»​។​
 
​កាលពី​ឆ្នាំ​២០១៧ អន្តរ​ធនាគារ​នៅ​តំបន់​ស្វយ័ត Guangxi Zhuang ប្រទេស​ចិន​បានដាក់​ផ្សាយ​អត្រា​ប្តូរប្រាក់​ទ្វេភាគី​រវាង​ប្រាក់​យ៉​ន់ និង​ប្រាក់រៀល សម្រាប់ធ្វើ​ការដោះដូរ​ដោយផ្ទាល់​លើ​ទីផ្សារ​ប្រទេស​ចិន​។ 
 
​បច្ចុប្បន្ន ប្រទេស​ចិន​ជា​ប្រភព​នៃ​លំហូរ​វិនិយោគ​បរទេស​ចំណាត់ថ្នាក់​ទី​១ ហើយ​ទេសចរ​ចិន​ក៏​ជាប់​លេខ​រៀង​ទី​១ ក្នុងចំណោម​ទេស​ចរប​រទេស​មក​ទស្សនា​កម្ពុ​ជា​ផងដែរ​៕
 

Tag:
 ​សេដ្ឋកិច្ច​
  ធនាគារជាតិ​នៃ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com