រថយន្ត
អន្តរជាតិ
Lewis Hamilton ដែល​បើក​ឲ្យ​ក្រុម Mercedes ឈ្នះ​ជើងឯក F1 ជា​លើក​ទី​៥
29, Oct 2018 , 8:39 pm        
រូបភាព
ដោយ: ធីតា
Lewis Hamilton បានឈ្នះ​ជើងឯក​លើក​ទី​៥​នៃ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ដណ្តើម​ជើងឯក​ពិភពលោក F1​។ ជ័យជម្នះ​នេះ នាំ​ឲ្យ Hamilton មានកំណត់​ត្រា​ស្មើ​វីរបុរស​អា​ហ្ស​ង់​ទីន Juan Manuel Fangio និង​២​លើក​តិចជាង​ម្ចាស់​កំណត់ត្រា​ពិភពលោក Michael Schumacher​។​

 
​នា​ការប្រកួតប្រជែង​នៅ​ម៉ិ​ក​ស៊ិ​ក Mexican Grand Prix កីឡាករ​អង់គ្លេស Lewis Hamilton វ័យ​៣៣​ឆ្នាំ ដែល​បើកបរ​ឲ្យ Mercedes បានបញ្ចប់​ចំណាត់ថ្នាក់​លេខ​៤ បន្ទាប់ពី​កីឡាករ​ហូ​ឡង់ Max Verstappen នៃ​ក្រុម Red Bull, កីឡាករ​អាល្លឺម៉ង់ Sebastian Vettel  និង​កីឡាករ​ហ្វាំ​ង​ឡង់ Kimi Raikkonen នៃ​ក្រុម Ferrari​។​
 
​សរុប​ពិន្ទុ​ពី​ការប្រកួតប្រជែង Formula One World Championship ឆ្នាំ​២០១៨ ដ៏​មមាញឹក បើ​គិត​ចាប់តាំងពី​ផ្តើម​នៅ​អូស្ត្រាលី​នៅ​ថ្ងៃ​២៥ ខែ​មិនា ហើយ​បន្តទៅ​ប៉ា​រែ​ន ចិន អា​សែ​បៃ​ហ្ស​ង់ អេ​ស្ប៉ា​ញ ម៉ូ​ណា​កូ កាណាដា បារាំង អូទ្រីស អង់គ្លេស អាល្លឺម៉ង់ ហុង​គ្រី បែលហ្ស៊ិក អ៊ីតាលី សិង្ហ​បុរី រុស្ស៊ី ជប៉ុន សហរដ្ឋអាមេរិក និង​ម៉ិចស៊ិក កីឡាករ Hamilton មាន​ពិន្ទុ​គ្រប់គ្រាន់​ដើម្បី​ឈ្នះ​ដំណែង​ជើងឯក ខណៈ​ការប្រកួត​នឹងត្រូវ​បន្ត​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា នៅ​ប្រេ​ស៊ី​ល និង​បញ្ចប់​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា នៅ​ក្រុង​អា​ប៊ូ​ដា​ប៊ី ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​។​
 
​ក្នុងចំណោម​ការប្រកួត​១៩​លើក​កន្លងមក Hamilton បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​១​រហូតដល់​ទៅ​៩​លើក​។ ការទទួលបាន​ពិន្ទុសរុប ៣៥៨ នាំ​ឲ្យ Hamilton ឈ្នះ​ជើងឯក Formula One ជា​លើក​ទី​៥​ក្នុង​អាជីព​របស់ខ្លួន ខណៈ Sebastian Vettel ឈរ​លំដាប់​លេខ​២ ដោយមាន​២៩៤​ពិន្ទុ Kimi Räikkönen មាន ២៣៦​ពិន្ទុ Valtteri Bottas មាន​២២៧​ពិន្ទុ Max Verstappen មាន ២១៦​ពិន្ទុ Daniel Ricciardo មាន​១៤៦​ពិន្ទុ Nico Hülkenberg មាន​៦៩​ពិន្ទុ Sergio Pérez មាន​៥៧​ពិន្ទុ Kevin Magnussen មាន​៥៣​ពិន្ទុ Fernando Alonso មាន​៥០​ពិន្ទុ​។​
 
​ក្រុម Mercedes ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១ ដោយមាន​៥៨៥​ពិន្ទុ ដែល​ប្រដេញ​តាម​ដោយ Ferrari (៥៣០​ពិន្ទុ​) ។ ក្រុម​ដែល​ឈរ​នៅ​លេខ​រៀង​បន្តបន្ទាប់​រួមមាន Red Bull TAG Heuer (៣៦២​ពិន្ទុ​) Renault (១១៤​ពិន្ទុ​) Haas Ferrari​ ​(៨៤​ពិន្ទុ​), McLaren Renault (៦២​ពិន្ទុ​), Force India Mercedes (៤៧​ពិន្ទុ​), Sauber Ferrari​ ​(៣៦​ពិន្ទុ​), Toro Rosso Honda (៣៣​ពិន្ទុ​), Williams Mercedes (៧​ពិន្ទុ​)​។​
 
​បច្ចុប្បន្ន កីឡាករ​អាល្លឺម៉ង់ Michael Schumacher ឈ្នះ​ជើងឯក​ច្រើនជាងគេ ដែលមាន​រហូតដល់​ទៅ​៧​លើក (​ឆ្នាំ​១៩៩៤, ១៩៩៥, ២០០០, ២០០១, ២០០២, ២០០៣, ២០០៤)​។ Lewis Hamilton តាម​ស្មើ​វីរបុរស​អា​ហ្ស​ង់​ទីន Juan Manuel Fangio (១៩៥១, ១៩៥៤, ១៩៥៥, ១៩៥៦, ១៩៥៧)​។ ជើងឯក​ដែល Hamilton បានឈ្នះ​កាលពី​៤​លើក​មុន​រួម​មាននៅ​ឆ្នាំ​២០០៨, ២០១៤, ២០១៥ និង​២០១៧ ។​
 
Sebastian Vettel និង Alain Prost ធ្លាប់​ឈ្នះ​ជើងឯក​៤​លើក ខណៈ Ayrton Senna, Nelson Piquet, Niki Lauda, Jackie Stewart និង Jack Brabham ឈ្នះ​ជើងឯក​ម្នាក់ៗ​ចំនួន​៣​លើក​ផងដែរ​៕
 

Tag:
 Formula 1
  Lewis Hamilton
© រក្សាសិទ្ធិដោយ thmeythmey.com